សម្តេច​ប្រធានព្រឹទ្ធសភា ទទួល​ជួប​សវនាការ​ជាមួយ​ប្រធានព្រឹទ្ធសភា​អូស្ត្រាលី​

604
ចែករម្លែក
  • 12
    Shares

ដោយៈ សុផល / ភ្នំពេញៈ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ នៅ​វិមាន​ព្រឹទ្ធសភា បានទទួល​ជួប​សវនាការ​ជាមួយនឹង​គណៈប្រតិភូ​ជាន់ខ្ពស់ ព្រឹទ្ធសភា​អូស្ត្រាលី ដឹកនាំ​ដោយ​លោក​ស្កុ​ត រ៉ា​យ​អ៊ែន​( Scott Ryan) ប្រធានព្រឹទ្ធសភា​អូស្ត្រាលី ក្នុងឱកាស​ដែល​លោក​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ព្រឹទ្ធសភា​អូស្ត្រាលី អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​ខេត្តសៀមរាប និង​បន្ត​បំពេញ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ​។​

​សម្តេច​វិបុល​សេនា​ភក្តី បាន​សម្តែង​នូវ​ការ ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​លោក Scott Ryan និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ លើក​ទី​២៧ នៃ​វាទិកា​សភា​អាស៊ី​-​ប៉ា​ហ្វិ​ក នៅ​ខេត្តសៀមរាប និង​បន្ត​មក​បំពេញ​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ​។​ការអញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​និង​ទស្សនកិច្ច​របស់លោក បានបង្ហាញ​ច្បាស់​ពី​ការគាំទ្រ​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​និង​ជា​ប្រធាន​អង្គប្រជុំ ព្រមទាំង​រួមវិភាគទាន​ឲ្យ​ដំណើរការ​នៃ​កិច្ចប្រជុំ​ទាំងមូល បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​ប្រកបដោយ ជោគជ័យ​។​

​សម្តេច​ប្រធានព្រឹទ្ធសភា​មាន​ជំនឿ​ជឿជាក់ថា​៖​ការចូលរួម​កិច្ចប្រជុំ និង ទស្សនកិច្ច​របស់លោក​ប្រធានព្រឹទ្ធសភា​អូស្ត្រាលី នាពេលនេះ ពិត ជា​បានរួម​ចំណែក​ដល់​ការពង្រឹង និង​ពង្រីក​នូវ​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​សភា ប្រជាជន និង​ប្រទេស​ទាំងពីរ​ដែលមាន​តាំងពី​យូរណាស់​មកហើយ​។​

​នៅក្នុង​ឱកាស​នោះ លោក Scott Ryan ប្រធានព្រឹទ្ធសភា​អូស្ត្រាលី បាន​អបរ​អរ​ចំពោះ​សភា​កម្ពុជា​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​ខេត្តសៀមរាប ដោយ​ទទួលបាន​ជោគជ័យ និង​បានទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​ទាំងអស់​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​-​ប៉ាស៊ីហ្វិក ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ ។​
​លោក Scott Ryan បាន​សម្តែង​នូវ​សេចក្តី​រីករាយ ដែល​សភា​អូស្ត្រាលី​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៨ នៃ​វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ឆ្នាំ​២០២០​។ លោក​បាន​បញ្ជាក់ថា សភា​អូស្ត្រាលី​នឹង​យកចិត្តទុកដាក់​ក្នុងការ​រៀបចំ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ដើម្បី​ឲ្យ​បាន​ជោគ ជ័យ ដូច​ការរៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ​។​

​លោក​បាន​ជម្រាបជូន​សម្តេច​ប្រធានព្រឹទ្ធសភា​ថា គោលបំណង​ក្នុង​ដំណើរ​ទស្សនកិច្ច​នាពេលនេះ គឺ​ដើម្បី​ស្វែងយល់​អំពី​វឌ្ឍនភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​លោក​បាន​សម្តែង​នូវ​សេចក្តី​រីករាយ​យ៉ាង​ក្រៃលែង ចំពោះ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ដែលមាន​តាំងពី​យូរលង់​ណាស់​មកហើយៗ​ក្នុង​រយៈ​២០​ឆ្នាំ​កន្លងទៅនេះ ប្រទេស​កម្ពុជា​មានការ​រីក​ម្រើ​ន​យ៉ាង​ឆាប់រហ័ស​។​

​លោក ស្កុ​ត រ៉ា​យ​អ៊ែន បាន​គូសបញ្ជាក់ថា ប្រទេស​អូស្ត្រាលី​មាន​មោទនភាព​ដែល​បាន​ផ្តល់ជំនួយ​ដល់​ប្រទេស​កម្ពុជា​រយៈពេល​វែង លើ​វិស័យ​ជាច្រើន​ដូចជា វិស័យសេដ្ឋកិច្ច កសិកម្ម សុខាភិបាល និង​វិស័យ​ជាច្រើន​ទៀត​។ ក្នុងនោះ អ្វីដែល​គណៈប្រតិភូ​បានឃើញ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ នៃ​វាទិកា​សភា​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​ខេត្តសៀមរាប គឺ​ផ្តោត​សំខាន់​ទៅលើ​វិស័យ​ផ្សេងទៀត​ដូចជា វិស័យ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម និង​រួមគ្នា​ដើម្បី​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​វិស័យ​ផ្សេងៗ​។​

​លោក Scott Ryan មាន​ជំនឿ​ជឿជាក់ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការនីតិប្បញ្ញត្តិ នៃ​ប្រទេស​ទាំងពីរ នឹង​កាន់​ប្រសើរឡើង​ថែមទៀត ក្នុងការ​លើ​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្ស នាពេល​កន្លងទៅនេះ​។​

​សម្តេច​ភក្តី សាយ ឈុំ បាន​សម្តែង​នូវ​សេចក្តី​សប្បាយរីករាយ​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង មិត្តភាព និង​សហ ប្រតិបត្តិការ​រវាង​សភា ប្រជាជន និង​ប្រទេស​ទាំងពីរ ដែលមាន​ការរីកចម្រើន​ឥតឈប់ឈរ ដើម្បី​ជា​គុណប្រយោជន៍ សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈប្រតិភូ​សភា​អូស្ត្រាលី ដែល​បាន​ដើរតួ​យ៉ាងសកម្ម តាមរយៈ ការផ្តល់​នូវ​ទស្សនាទាន​សំខាន់ៗ​ជាច្រើន​ទៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ នៃ​វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ចូលរួម ចំណែក​ដល់​ការ​រិះរក​មធ្យោបាយ​លើកកម្ពស់​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការលើកកម្ពស់​តួនាទី​និង​ស្ថានភាព​របស់​ស្ត្រី​នៅក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​-​ប៉ា​ស៊ី​ហ្វិ​ច​។​

​ឆ្លៀត​ក្នុងឱកាស​នេះ សម្តេច​ប្រធានព្រឹទ្ធសភា​បាន​សម្ដែង​នូវ​ការអបអរសាទរ​យ៉ាង​ស្មោះស្ម័គ្រ និង​គាំទ្រ​សភា​អូស្ត្រាលី ដែល​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៨ នៃ​វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ឆ្នាំ​២០២០​។ សម្តេច​មាន​ជំនឿ​ជឿជាក់ថា ក្រោម​ការដឹកនាំ​របស់​លោក​ជា​ប្រធាន វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក កិច្ចសហប្រតិបត្តិការ អន្តរ​សភា​ក្នុង​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ច នឹង​ត្រូវបាន​ពង្រឹង និង​ពង្រីក​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ឆ្ពោះទៅ​សម្រេច​ឲ្យ​បាន​ជោគជ័យ​យ៉ាង ត្រចះត្រចង់​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៨ ឆ្នាំ​២០២០​។​

​ក្នុងនាម​ព្រឹទ្ធសភា និង​ប្រជាជន​កម្ពុជា សម្តេច​ប្រធានព្រឹទ្ធសភា​បាន​ថ្លែងអំណរគុណ​ចំពោះ​សភា រដ្ឋាភិបាល និង ប្រជាជន​អូស្ត្រាលី​ដែល​បាន​ផ្តល់ជំនួយ​អភិវឌ្ឍ​ជាច្រើន​វិស័យ ជំនួយ​សម្រាប់​សាលាក្តី​ខ្មែរក្រហម អាហារូបករណ៍ សម្រាប់ និស្សិត និង​មន្ត្រីរាជការ​កម្ពុជា​។ ជំនួយ​ទាំងអស់នោះ ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការរីកចម្រើន​របស់​ក​ម្ពុ​ជានា​ពេល​បច្ចុប្បន្ននេះ​។​

​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​ជម្រាបជូន​គណៈប្រតិភូ​ថា សម្រាប់​នីតិកាល​ទី​៤​នេះ ព្រឹទ្ធសភា​កម្ពុជា​បាន​បង្កើត ក្រុម​មិត្តភាព​ទ្វេរ​ភាគី​ជាមួយ​ព្រឹទ្ធសភា​អូស្ត្រាលី​រួចហើយ​។ ព្រឹទ្ធសភា នឹង​បន្ត​ខិតខំ​លើ​កម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង ព្រឹទ្ធសភា​នៃ​ប្រទេស​ទាំងពីរ តាមរយៈ​ការ​ផ្ដាស់​ប្តូរ​ទស្សនកិច្ច ការ​ផ្ដាស់​ប្តូរ​បទពិសោធន៍​លើ​វិស័យ​ច្បាប់ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​បច្ចេកវិទ្យា​ព័ត៌មាន​។​
​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​គូសបញ្ជាក់ថា សភា​កម្ពុជា គឺជា​សមាជិក​នៃ​អង្គការ​សភា​ដូចជា​៖ អន្តរ​សភា​អាស៊ាន (AIPA) សហភាព​អន្តរ​សភា (IPU) វេទិការ​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ច (APPF) សភា​អាស៊ី (APA) សភា​និយាយ​ភាសា​បារាំង (APF) ព្រមទាំង​ចូលរួម​ក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ​ច្រើន​ទៀត​។ គោលបំណង​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា គោលបំណង​រួម​នៃ​សភា​បណ្ដា​ប្រទេស​ដែរ គឺ​ប្រាថ្នា​ចង់ឃើញ​ពិភពលោក​មួយ​មាន​សន្តិភាព មាន​សន្តិសុខ មានការ​អភិវឌ្ឍ និង​ចង់បាន​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូរ​ស្មោះត្រង់ គោរព​គ្នា​ទៅវិញទៅមក ចេះ​ថែរក្សា​ផលប្រយោជន៍​គ្នា​ទៅវិញ​ទៅ មក ដោយ​គោរព​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ច្បាប់​អន្តរជាតិ គោរព​ឯករាជ្យភាព អធិបតេយ្យភាព មិន​ជ្រៀត​ជ្រែកចូល ក្នុង​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា​។ ក្នុងន័យនេះ ព្រឹទ្ធសភា​កម្ពុជា​សូម​លើកទឹកចិត្ត​ឲ្យ​មានការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍​រវាង​ប្រទេស ក្នុង​តំបន់ និង​បណ្ដា​ប្រទេស​អាស៊ី​-​ប៉ាស៊ីហ្វិក ដើម្បី​ថែរក្សា​សុខសន្តិភាព​ឲ្យ​បាន​គង់វង្ស​ក្នុង​តំបន់​និង​ពិភពលោក​ឈានទៅរក ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​ជម្រាបជូន​គណៈប្រតិភូ​ថា​កម្ពុជា​សូម​ស្វាគមន៍​ចំពោះ​សេចក្តី ប្រកាស​របស់​អូស្ត្រាលី​ស្ដីពី ការបង្កើន​ចំនួន​អាហារូបករណ៍ អូស្ត្រាលី​ទ្វេ​រដង​សម្រាប់​ប្រទេស​ជា​សមាជិក​អាស៊ាន​។ ព្រះរាជាណាចក្រ​កម្ពុជា​នៅតែ​បន្ត​អនុវត្ត​អនុស្សារណៈ​យោគយល់​គ្នា ស្តីពី​ការតាំង​ទីលំនៅ​នៃ​ជនភៀសខ្លួន​នៅ​កម្ពុជា ព្រមទាំង​គាំទ្រ​ចំពោះ​បេក្ខភាព​អូស្ត្រាលី​សម្រាប់​អាសនៈ នៅក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ សម្រាប់​ឆ្នាំ​២០១៨-២០២០៕