សម្តេច​ប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យ​គណៈប្រតិភូ​ស្ត្រី ចូលជួប​សម្តែង​ការគួរសម​

485
ចែករម្លែក
  • 4
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩ បាន​អនុញ្ញាតឱ្យ​គណៈប្រតិភូ​ស្ត្រី ជា​ថ្នាក់ដឹកនាំ​ក្រសួង​កិច្ចការនារី និង​ស្ថាប័ន​ពាក់ព័ន្ធ មកពី​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​សរុប​ចំនួន​១៥០​នាក់ ដឹកនាំ​ដោយ​លោកស្រី​វេជ្ជបណ្ឌិត​អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​ចូលជួប​សម្តែង​ការគួរសម​ក្នុងឱកាស​ពិធី​អបអរសាទរ​ខួប​ទី​១០៨​នៃ​ទិវា​អន្តរជាតិ​នារី​៨​មីនាឆ្នាំ​២០១៩ នៅ​វិមាន​ព្រឹទ្ធសភា​។​

​លោកស្រី អ៊ឹង កន្ថាផាវី បាន​ជម្រាបជូន សម្តេច​ប្រធានរដ្ឋសភា និង​អ្នកចូលរួម​ថា ក្រសួង​កិច្ចការនារី បានជ្រើសរើស​ប្រធានបទ​សម្រាប់​អបអរ​ទិវា​អន្តរជាតិ​នារី​នៅ​ឆ្នាំនេះ​“​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​”​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្តេជ្ញាចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល ស្រប​ជាមួយនឹង​វឌ្ឍនភាព និង​កាលានុវត្តភាព​ថ្មីៗ នាពេល​បច្ចុប្បន្ន​របស់​កម្ពុជា​។

​នៅក្នុង​ឱកាស​នោះដែរ​លោកស្រី​អ៊ឹង​កន្ថាផាវី​បានលើកឡើង​ពី​វឌ្ឍនភាព​នានា​របស់​ស្ត្រី​នៅក្នុង​សង្គម​កម្ពុជា ដែលមាន​ដូចជា​ស្ត្រី​បាន​ទទួលបាន​តួនាទី​កាន់តែច្រើន​នៅក្នុង​ឋានៈ​ជា​អ្នកសម្រេចចិត្ត នៅលើ​វិស័យ​សាធារណៈ​និង​នយោបាយ​នៅក្នុង​នោះ​មាន​ចន្លោះ​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៧ ចំនួន​ស្ត្រី​ជា​មន្ត្រីរាជការ​កើនឡើង ជា​លំដាប់​ពី ៣៤​ភាគរយ​ទៅ​៤១​ភាគរយ​។

​រាជរដ្ឋាភិបាល​បានតែងតាំង​ស្ត្រី​ជា​អភិបាលរង​ខេត្ត នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត​២៦​រូប អភិបាលក្រុង ស្រុក ខណ្ឌ ជា​ស្ត្រី​៦​រូប ស្ត្រី​ជា​អភិបាលរង​នៃ​គណៈ​អភិបាលក្រុង ស្រុក ខណ្ឌ​១៨៦​រូប​។ ក្នុង​ឆ្នាំ​២០១៨ ស្ត្រី​ជា​ឯកអគ្គរាជទូត​មាន​ចំនួន​៤​រូប​និង​មន្ត្រីការទូត​ជា​ស្ត្រី​ដែល​កំពុង​ប្រចាំការ​នៅ​បរទេស​មាន​ចំនួន​៤៩​រូប​។​

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​សម្តែង​នូវ​ការកោតសរសើរ និង​អបអរសាទរ​ចំពោះ​ជោគជ័យ​ទាំងឡាយ ដែល​លោកស្រី​រដ្ឋមន្ត្រី ព្រមទាំង​សហការី បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ក្នុង​បុព្វហេតុ​ដើម្បី​ស្ត្រី ក៏ដូចជា​ប្រជាជន​កម្ពុជា សំដៅ​ឱ្យ​បងប្អូន​ទទួលបាន​សេចក្តីសុខ សុភមង្គល សម្បូរ​សប្បាយ និង​មាន​ភាពថ្លៃថ្នូរ​ក្នុងសង្គម​។

សម្តេច​ប្រធានព្រឹទ្ធសភា បាន​គាំទ្រ និង​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មិនា​ខួប​លើក​ទី ១០៨ ក្រោម​ប្រធានបទ «​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​» ដើម្បី​ជំរុញ​បន្ថែមទៀត ក្នុងការ​លើកកម្ពស់​ស្ថានភាព​ស្ត្រី​កម្ពុជា​ជា​ម្តាយ ជា​អ្នកដឹកនាំ​គ្រួសារ​និង​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​និង​សង្គមជាតិ​នៅក្នុង​ស្ថាប័នរដ្ឋ​ឬ​ឯកជន ប្រកបដោយ​គុណសម្បត្តិ ល្អប្រសើរ ទទួលបាន​ជោគជ័យ​គ្រប់​កិច្ចការ ក្នុងនាម​ជា​ពលរដ្ឋ​ដ៏​ល្អប្រសើរ នៃ​សង្គមជាតិ​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​វាយតម្លៃ​ខ្ពស់​លើ​ប្រធានបទ​ដ៏​សំខាន់​នេះ ដែល​បានលើកឡើង​ស្របតាម​បរិ​-​ការណ៍​របស់​ប្រទេស​កម្ពុជា ដែល​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ដាក់ចេញ​ជា​សកម្មភាព គន្លឹះ ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ គាំពារ​សង្គម​របស់​រា​ជ​រដ្ឋាភិបាល ក្នុង​គោលដៅ​ផ្តោត​សំខាន់​ទៅលើ ការលើកកម្ពស់​សីលធម៌ គុណធម៌ និង​ផ្តល់​តម្លៃ​ដល់​ស្ត្រី​កម្ពុជា នៅ​គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​។​

​តាមរយៈ​ការដាក់ចេញ​គោលនយោបាយ ឈ្នះ ឈ្នះ ឆ្នាំ​១៩៩៨ រាជរដ្ឋាភិបាល​កម្ពុជា បាន​នាំមក​នូវ​ការបង្រួបបង្រួម​ជាតិ ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព ស្ថិរភាព ឯកភាព​ជាតិ និង​សន្តិសុខ​សង្គម​។​ទាំងអស់នេះ បាន​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រទេស​កម្ពុជា​ទទួលបាន​មុខមាត់​ថ្មី ប្រកបដោយ​ភាពរឹងមាំ និង​សុខសន្តិភាព​ពេញលេញ​ទូទាំងប្រទេស​។ ប្រទេសជាតិ មានការ​រីកចម្រើន​ជឿនលឿន​ជា​លំដាប់ និង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ ប្រជាជន​កម្ពុជា បាននិងកំពុង​ទទួល​ផ្លែផ្កា​ពី​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច ដែល​អត្រា​នៃ​ភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយ គួរ​ជាទី​កត់សម្គាល់​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​កត់សម្គាល់ថា ប្រធានបទ «​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​» មាន​គោលបំណង បន្ត​អនុវត្ត​គោលនយោបាយ​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ដែលជា​ចក្ខុវិស័យ​សម្រាប់​កសាង​ប្រទេស​ត្រូវបាន​ច្របាច់​បញ្ចូល​ជា​អាទិភាព​រួម​ក្នុងការ​សម្រេចបាន​កិច្ចអភិវឌ្ឍន៍​ធនធានមនុស្ស ដែល​បានបញ្ជាក់​យ៉ាងច្បាស់​ថា ការលើកកម្ពស់​សមភា​ព​យេនឌ័រ ការពង្រឹង​ភាព​អង់អាច​របស់​ស្ត្រី​និង​ក្មេងស្រី​និង​ការ​គាំពារ​សង្គម​គឺ​ពិត​ជាមាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​។ ប្រព័ន្ធ​គាំពារ​សង្គម និង​ការពង្រីក​សំណាញ់​សុវត្ថិភាព​សង្គម ពិតជា​រួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ការពារ​សិទ្ធិ​ស្រី្ត ការពង្រឹង​អំណាច​ដល់​ស្ត្រី ក្មេងស្រី និង​លើកកម្ពស់​សមភាព​យេនឌ័រ​។

​ក្នុងនាម​ស្ថាប័នព្រឹទ្ធសភា និង​ក្នុង​សម្តេច​ផ្ទាល់ វិបុល​សេនា​ភក្តី សាយ ឈុំ បាន​កោតសរសើរ និង​អបអរសាទរ​ដោយស្មោះ​ចំពោះ​សមិទ្ធផល​ដែល​បានកើត​ឡើង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​កិច្ចការនារី គណៈកម្មាធិការ​ជាតិ​លើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ និង​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ក្នុងការ​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​ស្ថានភាព ជីវភាព សិទ្ធិ ឋានៈ និង​តួនាទី​របស់​ស្ត្រី​កម្ពុជា​។

ជោគជ័យ​ដ៏​ធំធេង​របស់​ក្រសួង​ទាំងអស់នេះ បាន​ឆ្លើយតប​ជា​វិជ្ជមាន ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ដើម្បី «​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព​» និង​ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ​របស់​ក្រសួង​កិច្ចការនារី​។
​ ​
​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​បញ្ជាក់ថា ព្រឹទ្ធសភា​ដែលជា​ស្ថាប័ន​នីតិប្បញ្ញត្តិ មាន​មុខងារ​ពិនិត្យ និង​ឱ្យយោបល់​លើ​អត្ថបទ​ច្បាប់ ដែល​អនុម័ត​ដោយ​រដ្ឋសភា​។ ព្រឹទ្ធសភា​សហការ​ជាមួយ​រដ្ឋសភា និង​រាជរដ្ឋាភិបាល ដើម្បី​រៀបចំ​ឱ្យចេញ​ជា​រូបរាង​នូវ​កម្មវិធី និង​ប្រតិ​ទិននៃ​ការកសាង​ច្បាប់​សម្រាប់​ឆ្នាំ​នីមួយៗ​។

ព្រឹទ្ធសភា​ផ្តល់​ការគាំទ្រ និង​លើកទឹកចិត្ត ដល់​រាជរដ្ឋាភិបាល ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ និង​បាន​ពិនិត្យឡើងវិញ ព្រមទាំង​ផ្តល់​អនុសាសន៍​នូវ​រាល់​អត្ថបទ​ច្បាប់ ដែល​ពាក់ព័ន្ធ​ផ្ទាល់​នឹង​បញ្ហា​ស្ត្រី និង​ក្មេងស្រី ដែលជា​ឧបករណ៍​គតិយុត្តិ​សម្រាប់​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី សមភាព​យេនឌ័រ កិច្ចការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្ត្រី ក៏ដូចជា​អនុសញ្ញា និង​ពិធីសារ​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​បញ្ហា​ស្ត្រី​។​
​ ​
​តាងនាម​ឱ្យ​សមាជិក សមាជិកា​ព្រឹទ្ធសភា ដែល​តំណាងឱ្យ​ឆន្ទៈ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល សម្តេច​ប្រធានព្រឹទ្ធសភា​បាន​អះអាងថា នឹង​បន្ត​ការគាំទ្រ​ចំពោះ​ការតាក់តែង​ច្បាប់ ការពិនិត្យ ការអនុម័ត និង​តាមដាន​ការអនុវត្ត​ច្បាប់​ផ្សេងៗ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ច្បាប់​ទាំងនោះ មានការ​ឆ្លើយតប​ទៅនឹង​យេនឌ័រ ពោលគឺ​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រកបដោយ​សមភាព ដើម្បី​ប្រជាពលរដ្ឋ​ទាំងប្រុស ទាំងស្រី​។​

​នៅក្នុង​ឱកាស​នេះ សម្តេច​ប្រធានព្រឹទ្ធសភា​បាន​សំណូមពរ​ដល់​ក្រសួង ស្ថាប័នរដ្ឋ និង​ឯកជន អង្គការ​ជាតិ អន្តរជាតិ និង​សង្គម​ស៊ីវិល ជាពិសេស​លោកជំទាវ ឯកឧត្តម លោកស្រី លោក និង​អ្នកនាង​កញ្ញា​ទាំងអស់ ដែលមាន​វត្តមាន​នៅទីនេះ សូម​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​តទៅទៀត ដោយ​ធ្វើយ៉ាងណា​ពង្រឹង​ការអប់រំ សីលធម៌ សុជីវធម៌ បង្កើន​ចំណេះដឹង​និង​ជំនាញ រួមគ្នា​បន្ត​អនុវត្ត​នូវ​អនុសាសន៍​ថ្មីៗ​ទាំងឡាយ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស ឱ្យបាន​ទាន់សភាពការណ៍ និង​សម័យកាល​នៅក្នុង​ប្រទេស​ក្នុង​តំបន់ និង​សកលលោក​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​អំពាវនាវ​ដល់​សមាជិក សមាជិកា​ក្រុមប្រឹក្សាឃុំ សង្កាត់​ទាំងអស់ អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ចូលរួម​ជ្រើសរើស​អ្នកដឹកនាំ​នៅតាម​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួន ដែលជា​អ្នកដឹង​សុខទុក្ខ​ប្រជាជន មានបទពិសោធន៍ មាន​សមត្ថភាព អាច​បម្រើ​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធភាព​៕S/


ចំណងជើង​រូ​បថ​តៈ​សម្តេច​ប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យ​គណៈប្រតិភូ​ស្ត្រី ចូលជួប​សម្តែង​ការគួរ​