សម្តេច​ប្រធានព្រឹទ្ធសភា​អនុញ្ញាតឱ្យ​ប្រតិភូ​យុវជន​នៃ​សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា ចូលជួប​សម្តែង​ការគួរ​សមនិង​ទទួល​អនុសាសន៍​

239
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​នា​ព្រឹក​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៩​នៅ​វិមាន​ព្រឹទ្ធសភា​សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអនុញ្ញាត​ឱ្យ​ប្រតិភូ​យុវជន​នៃ​សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា​ចំនួន​៣៣​រូប​ចូលជួប​សម្តែង​ការគួរ​សមនិង​ទទួល​អនុសាសន៍​ណែនាំ​មុននឹង​ចេញដំណើរ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​និង​ជប៉ុន​លើក​ទី​៤៦​។​

សូមជម្រាបថា​សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា ត្រូវបាន​បង្កើតឡើង​នៅ​ខែ វិច្ឆិកា ឆ្នាំ ២០០៤​ដោយ​អតីត​ប្រតិភូ​យុវជន​កម្ពុជា​មួយចំនួន​ក្រោម​ការជួយជ្រោមជ្រែង​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។​សមាគម​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​៤​សំខាន់ៗ​គឺ​៖​ថែរក្សា​និង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​រវាង​អតីត​ប្រតិភូ​និង​អតីត​ប្រតិភូ​,​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មុន​ចេញដំណើរ​។​

​ដើម្បី​ជាការ​ចែករំលែក​ចំណេះដឹង​និង​បទពិសោធន៍​ជូន​ប្រតិភូ​ជំនាន់​ក្រោយ​ឱ្យ​ចូលរួម​កម្មវិធី​ប្រកបដោយ​ប្រសិទ្ធភាព​និង​ជោគជ័យ​,​ប្រមូលផ្តុំ​កម្លាំង​ធនធាន​និង​បំផុស​ទឺ​ក​ចិត្ត​យុវជន​ឱ្យ​ចេះ​ចូលរួម​សកម្មភាព​ជួយ​សង្គម​ឱ្យបាន​កាន់តែ​សកម្ម​និង​ផ្តួច​ផ្តើមគំនិត​និង​រៀបចំ​គម្រោង​ជួយ​កិច្ចការ​សង្គម​។​រហូតមកដល់​បច្ចុប្បន្ន​សមាគម​មាន​សមាជិក​សរុប​៥៩៤​នាក់​រួមទាំង​ប្រតិភូ​យុវជន​ក្នុង​ឆ្នាំ​២០១៩​នេះ​ផងដែរ​។​

ចំណែក​សមាគម​នាវា​យុ​វជន​អាស៊ីអាគ្នេយ៍​និង​ជប៉ុន​បាន​បង្កើតឡើង​នៅ​ខែមករា​ឆ្នាំ​១៩៧៤​រវាង​ជប៉ុន​និង​ស្ថាបនិក​អាស៊ាន​ទាំង​៥ (​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី និង ថៃ​)​។​បន្ទាប់មក បណ្តា​ប្រទេស​៥​ទៀត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បាន​ចូលរួម​ក្នុង​សមាគម​នេះ​គឺ​ប្រ៊ុយណេ​(១៩៨៥)​វៀតណាម​(១៩៩៦) ឡាវ​(១៩៩៨) មី​យ៉ាន់​ម៉ា​(១៩៩៨)​និង​កម្ពុជា​(២០០០)​។​

​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា​និង​ជប៉ុន លើក​ទី​៤៦ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៤​ខែតុលា ដល់​១៣​ខែធ្នូ​ឆ្នាំ​២០១៩​ដែលមាន​រយៈពេល​៥១​ថ្ងៃ​។​ក្នុង​ឆ្នាំ​២០១៩​នេះ​នាវា​នឹង​ចូល​ចត​ក្នុងប្រទេស​ចំនួន​៥​រួមមាន ជប៉ុន វៀតណាម សិង្ហ​បុរី មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ី​៕S/​