សម្តេច​ប្រធានព្រឹទ្ធសភា អញ្ជើញ​គោរព​ដួង​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព​សម្តេច​រាជបុត្រី​ព្រះរៀម​ នរោត្តម បុប្ផា​ទេវី​

121
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ ​៖ ​នា​រសៀល​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ គណៈប្រតិភូ​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​អញ្ជើញ​គោរព​ដួង​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ឧ​ត្ត​មក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ អតីត​សមាជិកា​ព្រឹទ្ធសភា និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​វប្ប​ធ​ម៌ និង​វិចិត្រសិល្បៈ នៅ​វត្ត​បទុម​វ​ត្តី​រាជ​វ​រា​រាម ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ទ្រង់​យាង​សោយ​ព្រះ​ទីវ​ង្គ​ត កាលពី​ថ្ងៃ​ចន្ទ ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ដោយ​ព្រះ​ជរាពាធ ក្នុង​ព្រះ​ជន្មាយុ ៧៧​ព្រះវស្សា​។​

ក្នុងឱកាស​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ដល់​ព្រះ​សព សម្តេច​ប្រធានព្រឹទ្ធសភា បាន​ថ្វាយ​លិខិត​ជូន សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុ​ភម​ង្គ រាជានុញ្ញាត​ចូលរួម​មរណទុក្ខ ជាមួយ​សម្តេចម៉ែ ព្រះករុណា ជា​អម្ចាស់ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ញាតិវង្សានុវង្ស ចំពោះ​ការបាត់បង់ សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី​។​

សម្តេច​វិបុល​សេនា​ភក្តី បាន​គូសបញ្ជាក់ នៅក្នុង​សារលិខិត​ថា ការបាត់បង់ សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី គឺជា​ការបាត់បង់ ដ៏​ធំធេង​នូវ​តួអង្គ​ពហុ​ជំនាញ ក្នុង​វិស័យ​វប្បធម៌ អរិយធម៌​ជាតិខ្មែរ ជា​ដួងព្រលឹង​ដ៏​រឹងមាំ​របស់​ជាតិ ពិសេស សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ជា​តួឯក​របាំ​អប្សរា បាន​លើកតម្កើង​វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កើង​ថ្កា​ន ល្បីល្បាញ​ទូទាំង​សកលលោក​។​

សម្ដេច​សូម​លំឱនកាយ​ឧទ្ទិស​បួងសួង​ដល់​ដួង​ព្រះ​វិញ្ញាណក្ខន្ធ សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី សូម​ព្រះអង្គ​ទ្រង់​យាង​ទៅកាន់​ព្រះ​បរម​សុ​គិត​ភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕B/Ha