សម្តេច​ប្រធានព្រឹទ្ធសភា អនុញ្ញាត​ឲ្យ​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​អូស្ត្រាលី​ចូលជួប​សម្តែង​ការ គួរសម និង​ជម្រាបលា​

164
ចែករម្លែក

ដោយៈ​សុផល​/ភ្នំពេញ ៖ ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៣​ខែធ្នូ​បាន​អនុញ្ញាតឱ្យ​លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូត វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ប្រទេស​អូស្ត្រាលី ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​។​

​ក្នុងនាម​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល​កម្ពុជា និង​ខ្លួន​សម្តេច​ផ្ទាល់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​ការទូត​របស់​លោកស្រី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សម្តេច​ប្រធានព្រឹទ្ធសភា បានកត់សម្គាល់​ឃើញថា លោកស្រី និង​ស្ថានទូត នៃ​ប្រទេស​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ល្អ​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី​គ្រប់លំដាប់​ថ្នាក់ និង​ជាមួយ​ក្រសួង ស្ថាប័ន ជាពិសេស​ជាមួយ​ប្រជាជន​កម្ពុជា​។ ជាមួយគ្នានេះ លោកស្រី​បាន​ខិតខំ​រួមចំណែក​ពង្រឹងពង្រីក​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​ឱ្យ​ទទួលបាន​ផលប្រយោជន៍​ដ៏​ធំធេង​ទៅវិញទៅមក​។

​នៅក្នុង​ឱកាស​នោះ លោកស្រី​Angela Corcoran បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​អនុញ្ញាតឱ្យ​លោកជំទាវ​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​នា ពេលនេះ​។​

​លោកស្រី​ឯកអគ្គរដ្ឋទូត បាន​ជម្រាប​សម្តេច​ប្រធានព្រឹទ្ធសភា​ថា ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព​រវាង​ប្រទេស​ទាំងពីរ​មាន​តាំងពី​យូរលង់​ណាស់​មកហើយ មកដល់​ពេល​មាន រយៈពេល​៦៧​ឆ្នាំ​។ តាមរយៈ​ទំនាក់ទំនង​នេះ ប្រទេស​ទាំងពីរ​មាន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ដូចជា វិស័យ​ការពារជាតិ ពាណិជ្ជកម្ម អប់រំ ជាពិសេស​ទំនាក់ទំនង​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​ត្រូវបាន​ពង្រឹង និង​ពង្រីក​កាន់តែ​រឹងមាំ​ថែមទៀត​។​

លោកស្រី​ឯកអគ្គរដ្ឋទូត បាន​កត់សម្គាល់ថា ក្នុងអំឡុងពេល​បេសកកម្ម​ការទូត​របស់​លោកជំទាវ​នៅ ព្រះរាជាណាចក្រ​កម្ពុជា លោកជំទាវ​ទទួលបាន​ជោគជ័យ​ក៏ដោយ​សារ​មានការ​គាំទ្រ​ពី​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​គ្រប់​ស្ថាប័ន​ជាតិ ។ ជាមួយគ្នានេះ លោកជំទាវ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រ​ហ័យ​លើ​គ្រប់​វិស័យ ហើយ​លោកជំទាវ​នឹង​ជម្រាប​ទៅ​ឯកអគ្គរដ្ឋទូត​អូ​ស្រា្ត​លី​ថ្មី ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​នូវ​ទំនាក់ទំនង​មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ជួយ​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ន្ត​ទៅទៀត​។

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​សម្តែង​នូវ​សេចក្តី​រីករាយ ដោយ​មើលឃើញ​នូវ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​ជា​លំដាប់​។​

​ក្នុងនាម​ព្រឹទ្ធសភា និង​ប្រជាជន​កម្ពុជា សម្តេច​បាន​ថ្លែង​អំណរ គុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ប្រជាជន និងរដ្ឋាភិបាល​អូស្ត្រាលី​ដែល​បាន​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា តាមរយៈ​ការ​ផ្តល់ជំនួយ​អភិវឌ្ឍ​ផ្លូវការ​លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម កសិកម្ម នេសាទ ធនធានទឹក អប់រំ សុខាភិបាល ព្រមទាំង​បានផ្តល់​អាហារូបករណ៍​សម្រាប់​និស្សិត និង​មន្ត្រីរាជការ​កម្ពុជា​ទៅ​សិក្សា នៅ​ប្រទេស​អូស្ត្រាលី ដែល​បច្ចុប្បន្ននេះ មាន​និស្សិត​ជាង​ពីរពាន់​នាក់ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​។​

​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​បញ្ជាក់ថា ទោះបី​លោកស្រី​បញ្ចប់​បេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទៅ​បំពេញភារកិច្ច​ថ្មី​ក៏ដោយ សម្តេច​បានស្នើ​សុំឱ្យ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ជួយ​ចលនា និង​លើកទឹកចិត្ត​អ្នកវិនិយោគ​មក​បណ្តាក់​ទុនវិនិយោគ និង​អ្នក​ទេសចរណ៍​អូស្ត្រាលី​មក​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត​។ ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​ខិតខំ​កែសម្រួល និង​កាត់បន្ថយ​នីតិវិធី​ផ្ទៃក្នុង​របស់ខ្លួន​ដើម្បី​សម្រួល​ដល់​អ្នកវិនិយោគ​ឱ្យមាន​ភាព ងាយស្រួល​។ ទន្ទឹមនេះ កម្ពុ​ជាមាន​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រ​ជាច្រើន​កន្លែង និង​តំបន់​អេកូ​ទេសចរណ៍​ជាច្រើន កន្លែង​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​។​

​តាមរយៈ​លោកស្រី​ឯកអគ្គរដ្ឋទូត សម្តេច​ប្រធានព្រឹទ្ធសភា សូម​ផ្តាំផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ​ចំពោះ ​ប្រធានព្រឹទ្ធសភា​អូស្ត្រាលី ប្រកបដោយ​សេចក្តី​គោរព នឹករលឹក និង​រាប់អាន​ដ៏​ជ្រាលជ្រៅ​បំផុង​។ ក្នុងនាម​ព្រឹទ្ធសភា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​សហប្រតិបត្តិការ​ជាមួយនឹង​ឯកអគ្គរដ្ឋទូត​ថ្មី និង​ស្ថានទូត​នៃ​ប្រទេស​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រួមចំណែក​ក្នុង​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្ត ភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន និង​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​រឹងមាំ និង​ខ្លាំងក្លា​ថែមទៀត​។​

​សម្តេច​ប្រធានព្រឹទ្ធសភា បាន​ប្រសិទ្ធពរ​ជូន​លោកជំទាវ​ឯកអគ្គរដ្ឋទូត​អញ្ជើញ​ទៅ​បំពេញភារកិច្ច​ថ្មី​សូមឱ្យ​ទទួលបាន​នូវ​សុខភាពល្អ និង​ជ័យជំនះ​៕B/