សម្តេច​ប្រធានរដ្ឋសភា​ពេញចិត្ត និង​គាំទ្រ​ចំពោះ​ការពង្រីក​សហប្រតិបត្តិ​ការ​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​ឡាវ​

146
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ក្នុងឱកាស​ទទួល​ជួប​សវនាការ​ជាមួយ លោក​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​រសៀល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តែង​នូវ​ការគាំទ្រ​ចំពោះ​លទ្ធផល នៃ​កិច្ចពិភាក្សា​ទ្វេភាគី រវាង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​និង​ឡាវ នា​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ក្នុងការ​ពង្រឹងពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​ទាំងសងខាង​។

​លោក​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ឡាវ មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា តប​តាម​ការអញ្ជើញ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩​។

​ក្នុងជំនួប​ជាមួយ​សម្តេច​ប្រធានរដ្ឋសភា លោក​បណ្ឌិត​ថង​លូន ស៊ី​ស៊ូ​លី​ត បាន​ជម្រាប​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ថា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​១២ កញ្ញា លោក​បណ្ឌិត និង​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ពិភាក្សាគ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុងការ​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ ទំនាក់​ទំនងជា​ព្រ​ពៃ​ណី​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ឡើង​។

​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ឡាវ បាន​លើកឡើងថា កម្ពុជា​និង​ឡាវ បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ពង្រឹងពង្រីក​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ថាមពល​អគ្គិសនី អប់រំ បរិស្ថាន ទេសចរណ៍ និង​វប្បធម៌​ជាដើម​។

​លោក​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត បាន​លើកឡើងថា នាយករដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​ក្នុងការ​លើកកម្ពស់​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​ឱ្យ​រឹងមាំ​ឡើង​ក្នុងន័យ “​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ គង់វង្ស និង​យូរអង្វែង​”​។ នាយករដ្ឋមន្ត្រី​ឡាវ បាន​កោតសរសើរ​ពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដែល​រីករាយ​ចម្រើន​ខាង​វិស័យ​ឧស្សាហកម្ម​និង​សំណង់ បានធ្វើ​ឲ្យ​កម្ពុជា​ទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ​។ ចាប់ពីពេលនេះ ទៅដល់​ឆ្នាំ​២០៣០ ប្រទេស​ឡាវ​លក់​ថាមពល​អគ្គិសនី​ឱ្យ​កម្ពុជា ក្នុង​ទំហំ​ប្រមាណ ៦ ០០០​មេ​ហ្គា​វ៉ា​ត់​។ លោកនាយក​រដ្ឋមន្ត្រី បាន​ជម្រាបជូន សម្តេច ថា នាយករដ្ឋមន្ត្រី​កម្ពុជា និង​ឡាវ បាន​ប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​នៅ​សេសសល់ ពិសេស​បញ្ហា​ព្រំដែន ហើយ​ខិតខំ​ជំរុញ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រីកចម្រើន​ឡើង​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​សម្តែង​ក្តី​រីករាយ​យ៉ាង​ក្រៃលែង​ដោយបាន​ឃើញ​វឌ្ឍនភាព នៃ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង ប្រទេស​ទាំងពីរ កម្ពុជា​-​ឡាវ មានការ​រីកចម្រើន​ឥតឈប់ឈរ ដែល​ទាំងអស់នេះ បាន​នាំមក​នូវ​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​រវាង​ប្រជាជាតិ​ប្រទេស​ទាំងពីរ​។​

​សម្តេច​ប្រធាន បាន​កោតសរសើរ និង​គាំទ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ឡាវ ក្នុងការ​បោះបង្គោល​ព្រំដែន​កំណត់​ខ័​ណ្ឌ​សីមា សម្រេចបាន​លទ្ធផល​៨៦%​។ ខ្ញុំ​សូម​លើកទឹកចិត្ត រដ្ឋាភិបាល​ទាំងពីរ​បន្ត​ពិភាក្សា​ដោះស្រាយ​បញ្ហា ដែល​នៅ​សេសសល់ ក្នុង​ស្មារតី​មិត្តភាព​ស្មោះត្រង់ ជឿទុកចិត្ត​គ្នា​ទៅវិញទៅមក ដើម្បី​ប្រែក្លាយជា​ព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ ទុក​សម្រាប់​ជា​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ក៏បាន​ជម្រាប ឯកឧត្តម​នាយករដ្ឋមន្ត្រី ពី​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​ផងដែរ​។ រដ្ឋសភា​កម្ពុជា​និង​ឡាវ បាន​ផ្លាស់ប្តូរ​ពិសោធន៍​គ្នា​ជា​បន្តបន្ទាប់​នៅ​គ្រប់​កម្រិត​។ ជាពិសេស​រដ្ឋសភា​ប្រទេស​ទាំងពីរ បាន​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​លើ​ឆាក​អន្តរជាតិ តាមរយៈ​វេទិកា​អន្តរ​សភា​នានា​៕ ល​