សម្តេច​ប្រធានរដ្ឋសភា​លើកទឹកចិត្ត និង​ជំរុញឲ្យស្ត្រី​បាន​បន្ត​ការសិក្សា​ឲ្យបាន​ច្រើន ដើម្បីឲ្យ​ធនធានមនុស្ស​ជា​ស្ត្រីភេទ​កាន់តែ​សំបូរបែប​ថែមទៀត​

397
ចែករម្លែក

ដោយ:សុផល/​ភ្នំពេញ ៖ នៅក្នុង​ឱកាស​អបអរ​សាទរ​ខួប​លើក​ទី​១០៨ ទិវា​អន្តរជាតិ​នារី ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៩ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​ស្ត្រី ដឹកនាំ​ដោយ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី នៅ​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា​។​គណៈប្រតិភូ​ស្ត្រី ដែល​ចូលជួប​សម្តែង​ការគួរសម សម្តេច​ប្រធានរដ្ឋសភា នាឱកាស​នេះ​មាន​ចម្រុះ​វិស័យ មាន​មន្ត្រីរាជការ វិស័យ​ឯកជន និង​សង្គម​ស៊ីវិល​។​
​ ​

លោក​ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បាន​មានប្រសាសន៍ថា​៖​ទិវា​អន្តរជាតិ​នារី នៅ​ឆ្នាំនេះ បាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ​“​លើកកម្ពស់​សមភាព​យេនឌ័រ​និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​”​។​
​ ​

លោក​បាន​បន្តថា​៖ “​តាមរយៈ​ការជួបជុំ​របស់​ស្ត្រី​នាឱកាស​នេះ ខ្ញុំ​សង្ឃឹម​យ៉ាង​មាំ​ថា ប្រតិភូ​ស្ត្រី​កម្ពុជា ដែលមាន​ចំនួន​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​កម្ពុ​ជាជាង ១៤​លាន​នាក់ នឹង​ក្លាយជា​កម្លាំង​ដ៏​សំខាន់បំផុត​ដែល​មិនអាច​ចៀសវាង​បាន និង​ជា​សក្តានុពល​យ៉ាង​ធំធេង ក្នុង​ការរក្សា​សន្តិភាព និង​ជំរុញ​កិច្ច​អភិវឌ្ឍ​នៃ​មាតុភូមិ​កម្ពុជា​ជាទី​ស្នេហា​នៃ​យើង​”​។​

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​លើកឡើងថា ការជួប​ជុំគ្នា​នៅពេលនេះ គឺជា​ឱកាស​ដ៏​ល្អប្រសើរ​មួយ និង​ប្រកបដោយ​អត្ថន័យ ​ដើម្បី​រំលឹក​ឡើង​វិញ នូវ​ស្នាដៃ​ដ៏​មហិមា​របស់​ស្ត្រី​នានា លើ​ពិភពលោក ក្នុងនោះ​ក៏មាន​ស្ត្រី​កម្ពុជា​ផងដែរ ដែល​បាន​តស៊ូ​លះបង់​នូវ​កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ធនធាន និង​អាយុជីវិត នៅក្នុង​ការប្រយុទ្ធ​តស៊ូ ដើម្បី​បុព្វហេតុ​ស្ត្រី និង​ដើម្បី​បុព្វហេតុ​របស់​មនុស្សជាតិ​។​

សម្តេច​ប្រធានរដ្ឋសភា​បាន​គូសបញ្ជាក់ថា ​“​ថ្ងៃ​៨​មីនា គឺជា​ទិវា​ដែល​ផ្តល់​កិត្តិយស​ចំពោះ​ស្នាដៃ​របស់​ស្ត្រី និង​ជា​ថ្ងៃ​ដែល​យើងទាំងអស់គ្នា ជាពិសេស​បុរសៗ ត្រូវតែ​បន្ត​ជំរុញ​និង​លើក តម្កើង​នូវ​តម្លៃ ឋានៈ តួនាទី និង​សិទ្ធិ​របស់​ស្ត្រី​កម្ពុជា​យើង​ឲ្យ​កាន់​តែមាន​ភាពប្រសើរ និង​ថ្លៃថ្លា​ថែមទៀត​”​។​

សម្តេច​អគ្គ​មហា​ពញា​ចក្រី បាន​គូសបញ្ជាក់ថា ​« រាជរដ្ឋាភិបាល បាន​លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​ស្ត្រី​បាន​បន្ត​ការសិក្សា​ឱ្យបាន​ច្រើន ដើម្បីឱ្យ​ធនធានមនុស្ស របស់​យើង​ជា​ស្ត្រីភេទ កាន់តែ​សំបូរបែប​ថែមទៀត​។ ជាក់ស្តែង​ក្នុងការ​ប្រឡង សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ សិស្សស្រី​បាន​ប្រឡង​ជាប់ ៦៩.៣៨% កើន​ជាង​ឆ្នាំ​២០១៧​។​ឆ្នាំ​២០១៧ ដែលមាន​សិស្សស្រី​ជាប់​តែ​៦៥.៩២%​។ ដោយឡែក​ចំនួន​និស្សិត​ស្រី បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​វិញ ក៏មាន​ចំនួន​កើនឡើង​ដែរ​។ ឆ្នាំ​២០១៧​មាន​ចំនួន​៤៦,៦៧% ចំណែក​នៅ​ឆ្នាំ​២០១៨ មាន​ចំនួន ៤៩,២៤%»​។​

​ដោយ​គាំទ្រ​ប្រធានបទ​“​លើកកម្ពស់​សមភាព​យេនឌ័រ​និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍន៍​​ធនធានមនុស្ស​” ថា​មាន​សារៈសំខាន់ ក្នុងការ​លើកកម្ពស់​ស្ថានភាព​ស្ត្រី​កម្ពុជា ដែលជា​ម្តាយ ជា​អ្នកដឹកនាំ​គ្រួសារ និង​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​និង​សង្គម ឲ្យប្រកប​ដោយ​​គុណសម្បត្តិ​ដ៏​ថ្លៃថ្លា ជោគជ័យ​គ្រប់​កិច្ចការ​ក្នុងនាម​ជា​ពលរដ្ឋ​ដ៏​ល្អ​នោះ សម្តេច​ប្រធានរដ្ឋសភា បាន​គូសបញ្ជាក់ថា កម្ពុជា​កំពុង​អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម ដែល​បានចាប់ផ្តើម​អនុវត្ត​មុនគេ ចំពោះ​ស្ត្រី​ដែលជា​កម្មការិនី​មាន​ផ្ទៃពោះ​។ ជាពិសេស​ទៀត​នោះ​គឺ​ក្នុងពេល​សម្រាលកូន​សាមីខ្លួន​បាន​ឈប់សម្រាក រយៈពេល ៣​ខែ និង​ទទួលបាន​ប្រាក់ខែ​១២០% ទៀតផង​។

សម្តេច​ប្រធានរដ្ឋសភា​មានប្រសាសន៍ថា​កន្លងមក​រដ្ឋសភា​បានអនុម័ត​ថវិកាជាតិ​សម្រាប់​ក្រសួង​អប់រំ​ឆ្នាំ​២០១៩ មាន​កំណើន ៩% ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ​២០១៨​។ ក្នុងចំណោម​ថវិកា​ទាំងនោះ ថវិកា​មួយចំនួន​ត្រូវ​យកមក​កសាង​អាគារ​ស្នាក់នៅ​របស់​សិស្ស ដែលមាន​សម្រាប់​សិស្ស​និស្សិត​ស្រី និង​គ្រូបង្រៀន​នៅតាម​សាលារៀន​ទូទាំងប្រទេស ដើម្បី​លើកទឹកចិត្ត​ឲ្យ​សិស្សស្រី​មានឱកាស​បាន​បន្ត​ការសិក្សា​ឱ្យបាន​ច្រើន​។​

សម្តេច​ប្រធាន​បាន​លើកឡើងថា​រដ្ឋសភា​បាន​ខិតខំ​លើកកម្ពស់​សមភាព​យេនឌ័រ​។ ជាក់ស្តែង រដ្ឋសភា​មាន​សមាជិក​និង​ថ្នាក់ដឹកនាំ​កំពូល​ជា​ស្ត្រី​ផងដែរ គឺ​លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២​នៃ​រដ្ឋសភា​។ រដ្ឋសភា​បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុង​បុព្វហេតុ​របស់​ស្ត្រី តាមរយៈ​ការងារ​នីតិកម្ម ដែលជា​ការងារ​ស្នូល​របស់​ស្ថាប័ន ដើម្បី​បង្កើត​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​នានា សំដៅ​ការពារ និង​លើកកម្ពស់​សិទ្ធិ របស់​ស្ត្រី​និង​ក្មេងស្រី ក្នុង​គ្រប់​វិស័យ​។

លោកស្រី អ៊ឹង កន្ថាផាវី បាន​ជម្រាបជូន សម្តេច​ប្រធានរដ្ឋសភា និង​អ្នកចូលរួម​ថា ក្រសួង​កិច្ចការនារី បានជ្រើសរើស​ប្រធានបទ​សម្រាប់​អបអរ​ទិវា​អន្តរជាតិ​នារី​នៅ​ឆ្នាំនេះ “​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​” គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្តេជ្ញាចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល ស្រប​ជាមួយនឹង​វឌ្ឍនភាព និង​កាលានុវត្តភាព​ថ្មីៗ នាពេល​បច្ចុប្បន្ន​របស់​កម្ពុជា​។

លោកស្រី​រដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់ថា ប្រធានបទ​ខាងលើ ក៏​ស៊ីចង្វាក់​ជាមួយនឹង​ប្រធានបទ​អាទិភាព​របស់​សន្និបាត​នៃ​គណៈកម្មការ​លើកកម្ពស់​ស្ថានភាព​ស្ត្រី​លើក​ទី​៦៣ ឆ្នាំ​២០១៩ នៃ​អង្គការសហប្រជាជាតិ ស្តីពី “​ប្រព័ន្ធ​គាំពារ​សង្គម​ការទទួល​បាន​សេវាសាធារណៈ និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព​ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី​និង​ក្មេងស្រី​”​។​

នៅក្នុង​ឱកាស​នោះដែរ លោកស្រី អ៊ឹង កន្ថាផាវី បានលើកឡើង​ពី​វឌ្ឍនភាព​នានា​របស់​ស្ត្រី​នៅក្នុង​សង្គម​កម្ពុជា ដែលមាន​ដូចជា​ស្ត្រី​បាន​ទទួលបាន​តួនាទី​កាន់តែច្រើន​នៅក្នុង​ឋានៈ​ជា​អ្នកសម្រេចចិត្ត នៅលើ​វិស័យ​សាធារណៈ​និង​នយោបាយ​នៅក្នុង​នោះ​មាន​ចន្លោះ​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៧ ចំនួន​ស្ត្រី​ជា​មន្ត្រីរាជការ​កើនឡើង ជា​លំដាប់​ពី ៣៤% ទៅ​៤១%​។ រាជរដ្ឋាភិបាល​បានតែងតាំង​ស្ត្រី​ជា​អភិបាលរង​ខេត្ត នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត​២៦​រូប អភិបាលក្រុង ស្រុក ខណ្ឌ ជា​ស្ត្រី​៦​រូប ស្ត្រី​ជា​អភិបាលរង​នៃ​គណៈ​អភិបាលក្រុង ស្រុក ខណ្ឌ​១៨៦​រូប​។ ក្នុង​ឆ្នាំ​២០១៨ ស្ត្រី​ជា​ឯកអគ្គរាជទូត មាន​ចំនួន​០៤​រូប និង​មន្ត្រីការទូត​ជា​ស្ត្រី​ដែល​កំពុង​ប្រចាំការ​នៅ​បរទេស​មាន​ចំនួន​៤៩​រូប​។​
​លោកស្រី​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា កម្ពុជា​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍ​សហ​វត្សរ៍​មុន​ឆ្នាំ​កំណត់ លើ​សុខភាព​មាតា​និង​ទារក​។ អំពើហិង្សា​និង​ការរំលោភ​នានា​លើ​ស្ត្រី​ក៏បាន​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។​

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​កោតសរសើរ និង​អបអរសាទរ​ចំពោះ​សមិទ្ធផល របស់​ក្រសួង​កិច្ចការនារី គណៈកម្មាធិការ​ជាតិ​លើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី​និង​គ្រួសារ​ខ្មែរ និង​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ក្នុងការ​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​ស្ថានភាព​ជីវភាព សិទ្ធិ ឋានៈ និង​តួនាទី​របស់​ស្ត្រី​កម្ពុជា​។ ជោគជ័យ​ដ៏​ធំធេង​ទាំងអស់នេះ បាន​ឆ្លើយតប​ជា​វិជ្ជមាន​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​ដើម្បី “​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព​” និង​ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ​របស់​ក្រសួង​កិច្ចការនារី​។

​សម្តេច​ប្រធានរដ្ឋសភា លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​កិច្ចការនារី បន្ត និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ខាងលើនេះ ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​របស់​ស្ត្រី និង​ក្មេងស្រី ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងមូល​៕B/