សម្តេច​ប្រធានព្រឹទ្ធសភា​អនុញ្ញាត​ឲ្យ​គណៈ​គ្រប់គ្រង​សាលា​ភូមិន្ទ​រដ្ឋបាល ចូលជួប​សម្តែង​ការគួរសម និង​ទទួល​អនុសាសន៍

316

(​ភ្នំពេញ​) ៖ ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧​នេះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅបាន​អនុញ្ញាត​ឲ្យ​ប្រតិភូ​គណៈ​គ្រប់​​គ្រង​សាលា និង​តំណាង​កម្មសិក្សាការី​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល ដឹកនាំ​ដោយ​លោក យក់ ប៊ុន​ណា រដ្ឋលេខាធិការ នៃ​ក្រសួង​មុខងារសាធារណៈ និង​ជា​នាយក​សាលា​ភូមិន្ទ​រដ្ឋបាល ចូលជួប​សម្តែង​ការគួរសម និង​ទទួល​អនុសាសន៍​នៅ​វិមាន​ព្រឹទ្ធសភា​។​
​ ​
​ថ្លែង​ក្នុងឱកាស​នោះ លោក យក់ ប៊ុន​ណា នាយក​សាលា​ភូមិន្ទ​រដ្ឋបាល បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច សាយ ឈុំ​ដែល​ផ្តល់ឱកាស​ឲ្យ​​គណៈប្រតិភូ បាន​ចូលជួប​សម្តែង​ការគួរសម​នាពេលនេះ​។ តាមរយៈ​ជំនួប​នេះ​នឹង​ជួយ​ជម្រុញ​ឲ្យ​សាលា​ភូមិន្ទ​រដ្ឋបាល​កាន់តែ​មានគុណ​​ភាព និង​ប្រសិទ្ធភាព ស្រប​នឹង​គោលនយោបាយ​អភិវឌ្ឍន៍​ធនធានមនុស្ស ក្នុង​រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​
​ ​
​ជាមួយគ្នា​នោះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សាលា​ភូមិន្ទ​រដ្ឋបាល​ដែល​សម្រេច​​បាន​លទ្ធផល​ការងារ​កន្លងទៅ ក្នុង​បេសកកម្ម​បណ្តុះបណ្តាល​ដែល​រួម វិភាគទាន​យ៉ាងច្រើន​ដល់​គោលនយោបាយ​បណ្តុះបណ្តាល​ធនធាន​​មនុស្ស​បម្រើ​ឲ្យ​សង្គម និង​ប្រទេសជាតិ​។​
​ ​
​សម្តេច​ប្រធានព្រឹទ្ធសភា បាន​ជម្រាបជូន​សង្ខេប​អំពី ដំណើរការ​ដឹកនាំ រចនាសម្ព័ន្ធ មុខងារ​របស់​ព្រឹទ្ធសភា​។ សម្ដេច​បញ្ជាក់ថា ព្រឹទ្ធសភា គឺជា​អង្គការ​ដែលមាន​អំណាច​នីតិប្បញ្ញត្តិ អនុវត្ត​ភារកិច្ច​របស់ខ្លួន​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​។ ព្រឹទ្ធសភា បាន​អនុវត្ត​និង​បំ​​ពេញ​មុខងារ​ស្នូល​របស់ខ្លួន គឺ​មុខងារ​នីតិកម្ម មុខងារ​តាមដាន ការអនុវត្ត​ច្បាប់ និង​មុខងារ​តំណាង​។​ដោយឡែក​ចំពោះ​ការងារ​ការ​បរ​​ទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ព្រឹទ្ធសភា មាន​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សភា​បណ្តា​ប្រទេស​ជា​​ច្រើន ដើម្បី​ទាក់ទាញ​សណ្តាន​ចិត្ត​គាំទ្រ​គ្នា​ខាង​ស្មារតី សម្ភារៈ និង​ដើម្បី​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក នៅក្នុង​វេទិកាសភា​អន្តរជាតិ​នានា​។ ជាមួយគ្នានេះ ព្រឹទ្ធសភា​ក៏បាន​បង្កើត​ក្រុម​មិត្តភាព​ទ្វេភាគី ពហុភាគី​ជាមួយ​សភា​បណ្តា​ប្រទេស​នានា ក្នុង​គោលបំណង​ដើម្បី​ពង្រឹង និង​ពង្រីក​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ជា​មិត្ត​ផង និង​ប្រជាជន​របស់​កម្ពុជា ជាមួយ​ប្រជាជន​នៃ​ប្រទេស​សា​ម៉ី​ផង​។​
​ ​
​សម្ដេច សាយ ឈុំ បាន​បញ្ជាក់ថា ដោយ​អនុវត្តតាម​រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង​របស់​ព្រឹទ្ធសភា និង​ច្បាប់​ជា​ធរមាន ព្រឹទ្ធសភា​បាន​បំពេញ​​តួនាទី ភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព និង​រួមចំណែក​យ៉ាងច្រើន​ដល់​ការពង្រឹង និង​អភិវឌ្ឍន៍​លទ្ធិប្រជាធិបតេយ្យ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ លើកកម្ពស់​នៃ​ការធ្វើ​ច្បាប់ ការអនុវត្ត​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ ព្រមទាំង​ការតភ្ជាប់​អំណាច​រដ្ឋ​ពី​ថ្នាក់លើ​ទៅ​ថ្នាក់ក្រោម និង​ពី​ថ្នាក់ក្រោម​មក​ថ្នាក់លើ ប្រកបដោយ​និ​រត្តរ​ភាព​។​
​ ​
​ក្នុងឱកាស​នោះ សម្តេច​ប្រធានព្រឹទ្ធសភា ក៏បាន​ស្នើ​ឲ្យ​សាលា​ភូមិន្ទ​រដ្ឋបាល​បន្ត​នូវ​បុព្វហេតុ​ដ៏​ឧត្តុង្គឧត្តម​នេះ​តទៅទៀត​ដើម្បី​រួមចំណែក​​ដល់​ការកសាង​ធនធាន ឲ្យ​សាក​សម​ទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​ធនធានមនុស្ស​របស់​រា​ជ​រដ្ឋាភិបាល ក្នុងពេល​ចំពោះមុខ និង​នៅពេល​អនាគត​៕​ដោយៈ​វិបុល​/sn