សម្តេច​ប្រធានរដ្ឋសភា ចង់ឃើញ​កម្ពុជា​-​មី​យ៉ាន់​ម៉ា មាន​ទំនាក់ទំនង​កាន់តែ​ល្អ​ក្នុង​វិស័យ​សំខាន់ៗ​

331
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួល​ជួប​សវនាការ​ជាមួយ លោកស្រី​អោ​ង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា ខណៈដែល​លោកស្រី បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​នៅក្នុង​ជំនួប​សវនាកា​រ​នេះ សម្តេច បាន​លើកឡើងថា​៖​រដ្ឋសភា​កម្ពុជា​ចង់ឃើញ​រដ្ឋាភិបាល​ទាំងពីរ (​កម្ពុជា និង​មី​យ៉ាន់​ម៉ា​) បន្ត​ពិចារណា​រួមគ្នា​ថែមទៀត គិតគូរ​ពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាអាទិ៍​៖ កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ ជាពិសេស វិស័យ​វប្បធម៌ ដោយ​ប្រើប្រាស់​សក្តានុពល​វប្បធម៌ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ន៏​សេដ្ឋកិច្ច ។

​សម្តេច បាន​គូសបញ្ជាក់ថា កម្ពុជា​-​មី​យ៉ាន់​ម៉ា ជា​ប្រទេស​ភូមិ​ផង ដែល​ប្រជាជនមាន​ប្រពៃណី វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ​ដ៏​ល្អ​ផូរផង់​ស្រដៀង​គ្នា គោរព​ប្រ​ណិ​ប​ត្តិ​ព្រះពុទ្ធសាសនា​ដូចគ្នា​។ សម្តេច​អគ្គម​ហ​ពញា​ចក្រី ក៏បាន​កោតសរសើរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​នីតិប្បញ្ញត្តិ នៃ​ប្រទេស​ទាំងពីរ​។ នាពេល​កន្លងមក សភា​ប្រទេស​ទាំងពីរ មាន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ជាច្រើន​ផងដែរ​។ ក្រៅពី​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ការងារ​នីតិកម្ម ក៏​តែងតែ​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅលើ​វេទិកា​អន្តរ​សភា​នានា ដូចជា អាយ​ប៉ា និង​ASEP​ជាដើម ។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ជម្រាប លោកស្រី អោ​ង សាន​ស៊ូ​ជី ថា នៅ​ឆ្នាំ​២០២០ នេះ កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១៣ របស់​អា​សិប​(ASEP) ។ សភា​កម្ពុជា​សង្ឃឹមថា សភា​មី​យ៉ាន់​ម៉ា នឹង​អញ្ជើញ​ចូលរួម​ផងដែរ ។​

​លោកស្រី អោ​ង សាន​ស៊ូ​ជី បាន​ជម្រាប​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ពី​ស្ថានភាព​នយោបាយ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។ មី​យ៉ាន់​ម៉ា ក្រោយពី​មានការ​បោះឆ្នោត​ដោយ​សេរី បានធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​កែទម្រង់​និង​បង្រួបបង្រួម​ជាតិ​។ លោកស្រី បានលើកឡើង​ពី​សារៈសំខាន់​របស់​រដ្ឋ​សភា ដែលជា​កន្លែង​តាក់តែង​ច្បាប់​និង​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​ជា​យន្តការ​សំខាន់​នៅក្នុង​ការលើកកម្ពស់​ដំណើរការ​ប្រជាធិបតេយ្យ​។

​លោកស្រី ទីប្រឹក្សា​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បាន​គាំទ្រ​ប្រសាសន៍​លើកឡើង​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដែល​ចង់ឃើញ​ប្រទេស​ទាំងពីរ មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​គ្នា​កាន់តែ​ស៊ីជម្រៅ​។ លោកស្រី​អោ​ង សាន​ស៊ូ​ជី បាន​ជម្រាប សម្តេច​ថា​៖ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន លោកស្រី និង​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ជជែក​គ្នា​ជាច្រើន​ពី​ការពង្រឹង​ពង្រីក​ទំនាក់ទំនង​ខាង​វិស័យ​វប្បធម៌​។

​លោកស្រី អោ​ង សាន​ស៊ូ​ជី បាន​គូសបញ្ជាក់ថា ៖​នឹង​ខិតខំ​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​ដ្ឋ​សភា​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ពិសេស​ការផ្លាស់ប្តូ​រប​ទ​ពិសោធន៍​គ្នា​ទៅវិញទៅមក​នៅ​គ្រប់​កម្រិត រួមទាំង​ការចូលរួម​នៅក្នុង​វេទិកាសភា​នានា ពិសេស​វេទិកា (ASEP) ដែល​កម្ពុជា​គ្រោង​ធ្វើ​ម្ចាស់ផ្ទះ​នោះ​។ លោកជំទាវ​ទីប្រឹក្សា នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ក៏​ចង់ឃើញ​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ល្អ​លើ វិស័យ​ទេសចរណ៍ អប់រំ ជាពិសេស​លោកជំទាវ​ច​ង់​ឃើញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​គ្នា​រវាង​ប្រាសាទអង្គរវត្ត​កម្ពុជា​និង​តំបន់​វប្បធម៌​របស់​មី​យ៉ាន់​ម៉ា​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​អបអរសាទរ​ចំពោះ​ជោគជ័យ នៃ​នយោបាយ​បង្រួបបង្រួម​ជាតិ ការធ្វើកំណែទម្រង់​សេដ្ឋកិច្ច សង្គម ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់លោក​ស្រី ដែល​បានសម្រេច​បានជា​បន្តបន្ទាប់​មកនេះ​។ ជាមួយគ្នានេះ សម្តេច​ប្រធានរដ្ឋសភា បាន​អរគុណ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​បានផ្តល់​អាហារូបករណ៍​ជា​បន្តបន្ទាប់ ដល់​សមណ​និស្សិត​កម្ពុជា ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ស្នើសុំ​លោកជំទាវ ជួយ​គាំទ្រ​ដល់​អ្នកវិនិយោគទុន​ក​ម្ពុ​ជា ដែល​បាន​ទៅ​វិនិយោគ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​បច្ចុប្បន្ននេះ មាន​ប្រមាណ​៣០​ក្រុមហ៊ុន ៕ ល​