ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោកស្រី ផានី យ៉ា​ថូ​ទូ ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ ខណៈ សម្តេច​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​ប្រទេស​ឡាវ​។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជួបពិភាក្សា ការងារ​ទ្វេភាគី​ជាមួយ ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ (​រូប​៖ រដ្ឋសភា​)​

​ជំនួប​ពិភាក្សា​ការងារ​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​បរិយាយ​កាស​រីករាយ​និង​ស្និទ្ធស្នាល​។ ប្រធានរដ្ឋសភា​ប្រទេស​ទាំងពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណី រវាង​ប្រទេស​ទាំងពីរ ទាំង​ខាង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​។ ក្នុងនាម​រដ្ឋសភា ដែល​តំណាងឱ្យ ប្រជាពលរដ្ឋ​ប្រទេស​ទាំងពីរ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​លោកស្រី ផានី យ៉ា​ថូ​ទូ បាន​ពិភាក្សាគ្នា​លើ​បញ្ហា​ជាច្រើន​ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សង្គមកិច្ច ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន​ប្រទេស​ទាំងពីរ​។

​ប្រធានរដ្ឋសភា​កម្ពុជា ឡាវ បាន​សន្យាថា នឹង​ជំរុញ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​អនុវត្ត​ឱ្យ មាន​ប្រសិទ្ធភាព​និង​គ្រប់​ជ្រុងជ្រោយ​នូវ​រាល់​កិច្ចព្រមព្រៀង ដែល​បាន​ចុះហត្ថលេខា​ជាមួយគ្នា​។

​ចំពោះ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​ដ្ឋ​សភា​ប្រទេស​ទាំងពីរ​វិញ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើកឡើងថា រដ្ឋសភា​កម្ពុជា​និង​ឡាវ ក្រៅពី​គាំទ្រ​គ្នា​ទៅវិញទៅមក ក្នុង​វេទិកា​អន្តរ​សភា​ហើយ រដ្ឋសភា​ប្រទេស​ទាំងពីរ បាន​ចុះ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង សំដៅ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។​
​សម្តេច​បន្តថា ក្នុង​រយៈពេល​ជាង​៥​អាណត្តិ​មកនេះ រដ្ឋសភា​កម្ពុជា​និង​ឡាវ បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​បាន​យ៉ាង​ល្អប្រសើរ ដើម្បី​ផ្លាស់ប្តូរ​បទ​ពិសា​ធន៍​លើ​ការងារ​សភា ទាំង​ក្នុង​កម្រិត​ថ្នាក់ដឹកនាំ គណៈកម្មាធិការ​ជំនាញ​និង​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ប្រទេស​ទាំងពីរ និង​បន្ត​គាំទ្រ​លើ​កិច្ចសហប្រតិបត្តិការ​រ​បស់​បក្ស រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​។​

​លោកស្រី ផានី យ៉ា​ថូ​ទូ បាន​គាំទ្រ​ប្រសាសន៍​លើកឡើង​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​បាន​ស្នើសុំ​សម្តេច​បន្ត​ជំរុញ និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​សភា​ប្រទេស​ទាំងពីរ​នេះ​បន្តទៀត​។ ជាមួយគ្នានេះ​លោកស្រី​បាន​លើកឡើងថា ប្រសិន​មានការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​រវាង​រដ្ឋ​សភា​ប្រទេស​ទាំងពីរ មិន​ថា​នៅក្នុង​កម្រិតណា​នោះទេ គួរ​មាន​ប្រធានបទ​ច្បាស់លាស់​មួយ ដើម្បី​ឲ្យ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅ​និង​មាន​ប្រសិទ្ធិភាព ដូចជា​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នៅ​ប្រទេស​ឡាវ​នាពេលនេះ គឺ​ថ្នាក់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ប្រទេស​ទាំងពីរ​មាន​ប្រធាន​មួយ​ត្រូវ​ជជែក​ពិភាក្សាគ្នា​៕ ល​