សម្តេច​ប្រធានរដ្ឋសភា ជឿជាក់ថា ឯកអគ្គរដ្ឋទូត​ស៊ុយអែត​ចប់​អាណត្តិ បានឃើញ​ពី​ការអភិវឌ្ឍ​និង​សភាពការណ៍​ពិត​នៅ​កម្ពុជា

256
ចែករម្លែក

ដោយ:​សុផល​/​ភ្នំពេញ​ ៖​ នៅក្នុង​ឱកាស​អនុញ្ញាត​ឲ្យ ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​ប្រទេស​ស៊ុត​អែ​ត​ប្រចាំ​នៅ​កម្ពុជា លោកស្រី ម៉ា​រៀ សា​ហ្គ្រេ​ន (H.E. Ms. Maria Sargren) ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​២២​កក្កដា បាន​លើកឡើងថា សម្តេច​ជឿជាក់ថា ប៉ុន្មាន​ឆ្នាំ​នៃ​បេសកកម្ម​ការទូត​នៅ​កម្ពុជា របស់លោក​ស្រី ពិតជា​បានឃើញ​ជាក់ស្តែង​ការអភិវឌ្ឍន៍​រីកចម្រើន​ជា​បន្តបន្ទាប់​របស់​កម្ពុ​ជា រួមទាំង​សភាពការណ៍​ពិត​នៅ​កម្ពុជា ដែល​ផ្ទុយ​ពី​ការ​បំពង​សំឡេង នៅ​ខាងក្រៅ ដើម្បី​ផលប្រយោជន៍​នយោបាយ​នោះ​។​

​ជាការ​ឆ្លើយតប​ចំពោះ​ការលើកឡើង​របស់​សម្តេច​ប្រធានរដ្ឋសភា​លោកស្រី ម៉ា​រៀ សា​ហ្គ្រេ​ន បាន​អបអរសាទរ​ពី​ការរីកចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដែលជា​កក្តា​សំខាន់​នៅក្នុង​ការលើកកម្ពស់​ជី​វ​ភាព​ពលរដ្ឋ​និង​ការកាត់បន្ថយ​ភាពក្រីក្រ​ស្របតាម​គោលដៅ​អភិវឌ្ឍន៍​សហ​វត្សរ៍​។​

លោកស្រី​ឯកអគ្គរដ្ឋទូត បាន​ជម្រាប​សម្តេច​ប្រធានរដ្ឋសភា​ថា​៖ ប្រទេស​ស៊ុយ​អ៊ែត បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​កម្ពុ​ជា​ជាច្រើន​វិស័យ មានដូចជា ការលើកកម្ពស់​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការអប់រំ ការអភិវឌ្ឍ​សហគមន៍ ការ​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​សមភាព​យេនឌ័រ ជាដើម​។ នៅក្នុង​បេសកកម្ម​ការទូត ៣​ឆ្នាំ​នៅ​កម្ពុជា លោកស្រី​មាន​ក្តីសប្បាយ​រីករាយ​យ៉ាង​ក្រៃលែង ដែល​បានឃើញ​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ មានការ​រីកចម្រើន ទាំង​ផ្នែក​ពាណិជ្ជកម្ម ការទូត និង​វប្បធម៌​។

សូមជម្រាបថា​ស៊ុយ អែ​ត ជា​ប្រទេសមួយ​ដែល​ស្ថិតនៅក្នុង​សហគម​អឺរ៉ុប ដែល​បាន​ជួយ​កម្ពុជា​ចាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ​និង​ជា​បន្ត​បន្ទាប់មក​។​

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​លើកឡើងថា​៖​តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍ​ស៊ី​ដា ស៊ុយអែត បាន​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​រួមចំណែក​អភិវឌ្ឍ​កម្ពុជា​។ រយៈពេល​ជាង ៥​ឆ្នាំ​មកនេះ ស៊ី​ដា បានផ្តល់​ជំនួយ​អភិវឌ្ឍ​លើ​វិស័យ​ផ្សេងៗ ក្នុង​ចំនួន​ទឹកប្រាក់​ជាង ១០០​លាន​ដុល្លារ​អាមេរិក​។ សម្តេច​បានចាត់ទុក​ស៊ុយអែត ជា​ដៃគូ​អភិវឌ្ឍ​ដ៏​សំខាន់​របស់​កម្ពុជា​។​

ជាមួយគ្នានេះ​សម្តេច​ប្រធានរដ្ឋសភា​បាន​អរគុណ​ដល់​ប្រទេស​ស៊ុយ​អ៊ែត​ដែល​បាន​ជួយ​ជំនួយ​បច្ចេកទេស​ដល់​រដ្ឋសភា លើ​ការអភិវឌ្ឍន៍ និង​លើកកម្ពស់​សមត្ថភាពរ​បស់​តំណាងរាស្ត្រ និង​មន្ត្រី​ជំនាញ​តាមរយៈ​ការរៀបចំ​ទស្សនកិច្ច​សិក្សា ការរៀបចំ​សិក្ខាសាលា និង​វគ្គ​បណ្តុះបណ្តាល​នានា​។ សម្តេច​បាន​សំណូមពរ​ដល់​ប្រទេស​ស៊ុយអែត បន្ត​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស ផ្តល់​អាហារូបករណ៍ ដល់​និស្សិត​កម្ពុជា និង​ក្រុម​អ្នកស្រាវជ្រាវ ដើម្បី​ពង្រឹង សមត្ថភាព​ជំនាញ ក្នុងការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ លើ​វិស័យ​អាទិភាព ដូចជា​ការអភិវឌ្ឍ​កសិកម្ម ការអភិវឌ្ឍ​ទីក្រុង​វ៉ៃ​ឆ្លាត ទេសចរណ៍ សហគ្រិន​ស្ត្រី និង​សេដ្ឋកិច្ច​ឌីជីថល ជាដើម​។​

សម្តេច​ប្រធានរដ្ឋសភា មាន​ក្តី​សង្ឃឹមថា ទោះបី លោកស្រី ម៉ា​រៀ សា​ហ្គ្រេ​ន បាន បញ្ចប់​បេសកកម្ម​ការទូត​ពី​កម្ពុជា ទៅ​ទទួល​បេសកកម្ម ការងារ​ថ្មី​នៅទីណា​ក៏ដោយ ក៏​លោកជំទាវ​នៅតែ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា និង​បន្ត​ជួយ​ផ្សព្វផ្សាយ លើក ទឹក ចិត្ត​ដល់​វិនិយោគិន និង​ភ្ញៀវ​ទេសចរណ៍ មក​កំសាន្ត​នៅ​កម្ពុជា​៕B/