សម្តេច​ប្រធានរដ្ឋសភា ជំរុញ​និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ឡាវ​ខិតខំ​រៀនសូត្រ​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ

628

(​ភ្នំពេញ​) ៖ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​មិត្តភាព​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ សម្តេច​ពញា​ចក្រី ហេង សំរិន បានទទួល​ជួប​សំណេះសំណាល ស្វែងយល់​សុខទុក្ខ​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ទីនោះ​ប្រមាណ​ជា​៦១​នាក់​។​

​ថ្លែង​ទៅកាន់​និស្សិត​កម្ពុជា​ក្នុងឱកាស​នោះ សម្តេច​ប្រធានរដ្ឋសភា បាន​ជំរុញ​និង​លើកទឹកចិត្ត​ដល់​និស្សិត ទាំងអស់​ត្រូវខិតខំ​រៀន​សូត្រ ពង្រឹងសមត្ថភាព​រប​ស់​ខ្លួន ដើម្បី​ក្លាយខ្លួនជា​ធនធាន​ដ៍​ល្អ​របស់​ប្រទេសជាតិ និង​បាន​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ និង​ការប្រកួតប្រជែង​ក្នុង​សហគមន៍​អាស៊ាន ក៍​ដូចជា​ពិភពលោក​។​

​សម្តេច​បាន​លើកឡើងថា ជីវិត​សម្តេច​ផ្ទាល់​គ្មាន​ឱកាស​បាន​រៀនសូត្រ​នៅក្នុង​សាលា​ត្រឹមត្រូវ​នោះទេ​ក្នុង​កុមារភាព​សម្តេច​បាន​ទៅ​សិក្សា​ជាមួយ​ព្រះសង្ឃ បួង​ជា​ព្រះសង្ឃ ដើម្បី​ទទួល​ចំណេះវិជ្ជា​។ បន្ទាប់មក​ខ្លួន​មិនទាន់​ពេញវ័យ​ស្រួលបួល​ផង​ត្រូវ​ចូលរួម​ក្នុង​ចលនា​តស៊ូ​ដើម្បី​រំដោះ​ប្រទេសជាតិ​ចេញពី​អាណានិគម និង​ចក្រពត្តិនិយម​។ ត​មកទៀត​ចូលរួម​ចលនា​តស៊ូ​រំដោះ​ប្រទេសជាតិ​ចេញពី​របប​ប៉ុលពត ដើម្បី​នាំ​កម្ពុជា​ឈាន​មកដល់​សន្តិភាព និង​កិច្ចអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ដូច​ពេល​បច្ចុប្បន្ននេះ​។​

​សម្តេច​ពញា​ចក្រី បាន​លើកឡើងថា កម្ពុជា​សព្វថ្ងៃនេះ​គឺមាន​សន្តិភាព​ពេញលេញ​បាន​ផ្តល់ឱកាស​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​រស់នៅ ហើយ​និស្សិត មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​សិក្សា​រៀនសូត្រ ក្លាយខ្លួនជា​ធនធានមនុស្ស​ដ៏​ល្អ​របស់​ប្រទេសជាតិ​។ សម្តេច បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិ​ទី​៥​នេះ បានចាត់ទុក​វិស័យ​អប់​រំជា​អាទិភាព ដោយបាន​ធ្វើការ​កែទម្រង់​ស៊ីជម្រៅ បន្តបន្ទាប់ ដើម្បី​ឲ្យ​គុណភាព​អប់រំ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង ឆ្លើយតប​តាម​ការរីកចម្រើន​រប​ស់​សង្គមជាតិ និង​ពិភពលោក​៕

សម្តេច​ពញា​ចក្រី ហេង សំរិន បាន​លើកទឹកចិត្ត​ដល់​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ឡាវ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ