សម្តេច​ប្រធានរដ្ឋសភា លើកទឹក​ចិត្ត​ដល់​រាជរដ្ឋាភិបាល​អភិវឌ្ឍ​ធនធានមនុស្ស លើកកម្ពស់​បច្ចេក​វិទ្យា កសិកម្ម ឧស្សាហកម្ម ដើម្បី​ធានា​ម៉ាក្រូ​សេដ្ឋកិច្ចជាតិ​

364
ចែករម្លែក

ដោយ:​សុផល​/ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​បាន​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល​បន្ត​កិច្ចខិតខំ​ព​ន្លឿ​ន​ការអនុវត្ត​កម្មវិធី និង​អាទិភាព​គោលនយោបាយ​សំខាន់ៗ ដូចជា បន្ត​អភិវឌ្ឍ​ធនធានមនុស្ស លើកកម្ពស់​វិស័យ​កសិកម្ម ឧស្សាហកម្ម ការងារ​វិមជ្ឈការ​និង​វិសហមជ្ឈការ ដើម្បី​ឲ្យ​កម្ពុ​ជាមាន​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​មួយ កាន់តែ​ស្អាតស្អំ ឆ្លាត​វៃ និង​មាន​សមត្ថភាព អាច​ដោះស្រាយ​បញ្ហា​សង្គម និង​សេដ្ឋកិច្ច ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ដែល​អាច​ឲ្យ​កម្ពុជា​សម្រេចបាន​នូវ​វឌ្ឍនភាព និង​វិបុលភាព តាម​ការរំពឹងទុក សំដៅ​ធានា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ប្រក្រតីភាព​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​សមធម៌ និង​និរន្ត​ភាព​។

សម្តេច​បានលើកឡើង​ដូច្នេះ នៅក្នុង​ឱកាស​អញ្ជើញ​បើក​សិក្ខាសាលា​ស្វែងយល់​ពី​ការកសាង​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​រៀបចំសេចក្តី​ព្រាង​ច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា​។

សិក្ខាសាលា​នេះ សហការ​រៀបចំ​រវាង​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ អ្នកជំនាញ និង​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​។​

​លោក​បណ្ឌិត​រដ្ឋ ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហរិញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា បាន​លើកឡើងថា ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ សម្រាប់​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា រៀបចំឡើង​ដោយ​ផ្អែកលើ​លទ្ធផល​សម្រេចបាន ក្នុងការ អនុវត្ត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៨ និង​លទ្ធផល​នៃ​ការអនុវត្ត​ដើមឆ្នាំ​នៃ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ ក៏ដូចជា​ការវិភាគ​យ៉ាង​ល្អិតល្អន់ ស៊ីជម្រៅ​ទាំង​កត្តា​ខាងក្នុង និង​កត្តា​ខាងក្រៅ ដែល​អាចមាន​ផលប៉ះពាល់ មកលើ​សេដ្ឋកិច្ចកម្ពុជា ដើម្បី​ដាក់ចេញ​នូវ​វិធានការ​ដោះស្រាយ និង​ការធ្វើ​អន្តរា​គម​ន៏ ក្នុង​គោលបំណង​បន្ត​ធានា​ឲ្យ​បាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចីរភាព​កំណើន និង​ពង្រឹង​ភាព​ធន់ និង​មាន​ភាព​ប្រកួតប្រជែង​របស់​សេដ្ឋកិច្ច​។

លោក​ប្រធាន​គណៈកម្មការ បានលើកឡើង​បន្តថា យោង​របាយ​ការ​ណ៍​ធនាគារ​ពិភពលោក ក៏ដូចជា ក្រសួង​សេដ្ឋកិច្ច និង​ហិញ្ញ​វត្ថុ បាន​បង្ហាញថា នៅក្នុង​ឆ្នាំ​២០២០ កំណើនសេដ្ឋកិច្ច​ពិភពលោក​នឹងមាន​កំណើន​ទាប ក្នុង​រង្វង់​៣,៦% ដោយសារ​ភាពមិនច្បាស់លាស់​នៃ​គោលនយោបាយ​ពាណិជ្ជកម្ម​ជាស​កល និង​ការបន្ត​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម រវាង​សហរដ្ឋអាមេរិក និង​ចិន ដែល​បង្ក​ជា​ហានិភ័យ​កាន់តែ​ខ្ពស់ជាង​មុន​មកលើ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​តំបន់ និង​សកលលោក​។ ការបន្ត​រឹតបន្តឹង​គោលនយោបាយ​រូបិយវត្ថុ​របស់​ប្រទេស​អភិវឌ្ឍ​ន៏​មួយចំនួន និង​ការថយចុះ​ជាង​ការរំពឹងទុក​នូវ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន ក៏​អាច​នឹងធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ចពិភពលោក​កាន់តែ​ទាប​ផងដែរ​។​

លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ជម្រាប​ថា​៖ ក្នុងការ​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ កម្ពុជា​បន្ត​រក្សាបាន​នូវ​សន្តិភាព សន្តិសុខ ស្ថិរភាព​នយោបាយ​និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រឹងមាំ ដែល​ទាំងអស់នេះ គឺជា​មូលដ្ឋាន​មិនអាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​។

នៅក្នុង​ឆ្នាំ​២០១៨ អត្រាកំណើន​សេដ្ឋកិច្ចរ​បស់​កម្ពុជា សម្រេចបាន​៧,៥% ដែលជា​កំណើន​មួយ​ខ្ពស់បំផុត នៅក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​។ ទន្ទឹមនឹងនេះ អត្រា​អតិផរណា​មធ្យម​ប្រចាំឆ្នាំ ត្រូវបាន​គ្រប់គ្រង​ឲ្យ​ស្ថិតនៅក្នុង​កម្រិត​ទាប ប្រមាណ ២,៥%​។ នៅក្នុង​ឆ្នាំ​២០១៨​កន្លងទៅ ចំណូល​ចរន្ត​ថវិកាជាតិ​មានការ​កើនឡើង​ល្អប្រសើរ ក្នុង​អត្រា​ប្រមាណ​២០,៤% ដែល​ធ្វើ​ឲ្យ​ចំណូល​ចរន្ត​នៃ​ថវិកាជាតិ មាន​ទំហំ​ស្មើនឹង​ប្រមាណ ២១,៩៦%​នៃ ផសស​។​

លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​គូសបញ្ជាក់ថា សម្រាប់​ឆ្នាំ​២០១៩​នេះ កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវ​រំពឹងទុក​ថា នឹងមាន​ក្នុង​រង្វង់​៧,១%​។ រាជរដ្ឋាភិបាល​បានដាក់​ចេញ​និង​ជំរុញ​អនុវត្ត​វិធានការ​មុត​ស្រួច​ជា​កញ្ចប់ សំដៅ​ព​ន្លឿ​ន​ការកែទម្រង់​ជាច្រើន ដូចជា​ការបញ្ចុះ​ថ្លៃ​អគ្គិសនី ការលើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការកាត់បន្ថយ​ចំណាយ​ផ្លូវការ និង​ផ្លូវការ​ក្នុង​ការធ្វើ​ធុរកិច្ច​ជាដើម ក្នុង​គោលដៅ​លើកកម្ពស់​បរិយាកាស​អំ​ណោ​យ​ផល​ដល់​ការធ្វើ​ធុរកិច្ច ដើម្បី​បង្កើន​ទំនុកចិត្ត និង​ទាក់ទាញ​វិនិយោគ​គិ​ន ទាំង​ក្នុង​និង​ក្រៅប្រទេស ដើម្បី​ឲ្យ​កម្ពុជា​សម្រេចបាន នូវ​ឋានៈ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​
​ ​

គួរឱ្យ​ដឹងផង​ដែរ​ថា​៖​សិក្ខាសាលា​ស្វែងយល់​ពី​ការកសាង​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ សម្រាប់​រៀបចំ​សេចក្តីព្រាង​ច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​នេះ​មាន​វាគ្មិន​ជំនាញ បានមក​ធ្វើ​បទ​បង្ហាញ​ពី​សក្តានុពល​សេដ្ឋកិច្ចកម្ពុជា​ពិសេស​ប្រភព​ទុន​កម្ពុជា​នៅក្នុង​ឆ្នាំ​២០២០​ដែល​នឹង​តាក់តែង​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​ឲ្យ​បាន​តាម​ការកំណត់​រប​ស់​ច្បាប់​។​

មានប្រសាសន៍​បើក​សិក្ខាសាលា​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា បាន​កោតសរសើរ​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ ឆ្នាំ​២០១៨ ប្រកបដោយ​ភាពត្រឹមត្រូវ និង​សមស្រប ធានាបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​កំណើន​ប្រកប​ដោយ​ចីរភាព និង បរិ​យា​ប័ន្ន និង​បាន​ជំរុញ​ដល់​ការវិនិយោគ​ទាំង​ក្នុងស្រុក និង​វិនិយោគ​ផ្ទាល់​ពី​បរទេស ហើយ​បានធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច សម្រេចបាន​លើសពី​ការរំពឹងទុក រហូតដល់ ៧,៥%​។

​ក្នុងនាម​ស្ថាប័ន​នីតិប្បញ្ញត្តិ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការបន្ត និង​លើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​រក្សា និង​ធានា​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ រឹងមាំ និង​មាន​និរន្ត​ភាព និង​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។ សម្តេច​បាន​ជំរុញ​ដល់​រាជរដ្ឋាភិបាល បន្ត​អភិវឌ្ឍ និង​ការគ្រប់គ្រង​ធនធានមនុស្ស ក្នុង​វិស័យ​សាធារណៈ ឱ្យ​កាន់តែ​ប្រសើរ ដើម្បី​ឆ្លើយតប​ទៅនឹង​បរិការណ៍​នៃ​ចរន្ត​វិវត្តន៍​សេដ្ឋកិច្ច​តំបន់ និង​សកលលោក​។ បន្ត​អភិវឌ្ឍ​វិស័យ​កសិកម្ម ដោយ​ផ្តោតលើ​កាត​បង្កើន​ផលិតភាព ពិពិធ​កម្ម ការកែច្នៃ​កសិផល និង​ពាណិជ្ជ​រូបនីយកម្ម​។ ជាមួយគ្នានេះ សម្តេច​បាន​លើកទឹកចិត្ត​រាជរដ្ឋាភិបាល​បន្ត​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​២០១៥-២០២៥ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព សំដៅ​បង្កើន​សង្វាក់​ផលិតកម្ម​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ ក្នុងនោះ​ការបន្ត​រៀបចំ​ផែនការមេ​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​គោលដៅ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា ចូលក្នុង​ទីផ្សារ​អន្តរជាតិ និង​ត្រៀម​ចំពោះ​ហានិភ័យ​នានា ដែល​អាច​កើតមាន​ជាយថាហេតុ​។ លើកទឹកចិត្ត និង​គាំទ្រ​ដល់​ការធ្វើការ​កែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ឱ្យ​កាន់តែ​ប្រសើរ សំដៅ​លើកកម្ពស់​គុណភាព​និង​ប្រសិទ្ធភាព នៃ​ការផ្តល់​សេវាសាធារណៈ ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ស្រទាប់វណ្ណៈ​។
​ដើម្បី​រួមចំណែក និង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ដំណើរ​ការកសាង និង​អនុវត្ត​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ ឱ្យសម្រេចបាន​ជោគជ័យ សម្តេច​ប្រធានរដ្ឋសភា ក៏បាន​ស្នើ​ដល់​ស្ថាប័ន​នីតិប្បញ្ញត្តិ បន្ត​លើកកម្ពស់​តួនាទី និង​ភារកិច្ច​របស់ខ្លួន ផងដែរ​។​

សម្តេច​លើកឡើងថា រដ្ឋសភា​និង​ព្រឹទ្ធសភា ត្រូវ​បន្ត​ការសិក្សា ស្រាវជ្រាវ និង​ផ្តួច​ផ្តើមគំនិត​ធ្វើ​ច្បាប់ ឬ​វិសោធនកម្ម​ច្បាប់​នានា ដែលមាន​ភាពខ្វះ​ចន្លោះ ឬ​មិនទាន់​ស្របទៅនឹង​សភាពការណ៍ សំដៅ​បង្កើន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត ជាពិសេស​ច្បាប់​នានា​ដែល​ទាក់ទង​នឹង​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ បន្ត​លើកកម្ពស់​តួនាទី​តាមដាន ត្រួតពិនិត្យ​។ បន្ត​លើកកម្ពស់​តួនាទី​ភាពជា​តំណាង​ប្រជាពលរដ្ឋ ដោយ​ត្រូវ​ស្វែងយល់​ពី​ក្តីកង្វល់ កង្វះខាត និង​ភាព​ប្រឈម​របស់​ប្រជាពលរដ្ឋ​នៅតាម​មណ្ឌល​របស់ខ្លួន ឱ្យ​កាន់តែ​សកម្ម ដើម្បី​ធានាបាន​នូវ​ភាព​សុខដុម និង​វិបុលភាព​ជូន​ប្រជាពលរដ្ឋ ជាដើម​៕B/