សម្តេច​ប្រធានរដ្ឋសភា អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​អតីត​ប្រធានាធិបតី​វៀតណាម ឡេ ឌឹ​ក​អា​ញ់​

764
ចែករម្លែក

ដោយ​:​សុផល​/​ភ្នំពេញ ​៖ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩ បាន​ដឹកនាំ​សមាជិក​សមាជិកា​រដ្ឋសភា គោរព​វិញ្ញាណក្ខន្ធ​សព លោក ឡេ ឌឹ​ក​អា​ញ់ អតីត​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​។​ លោក ឡេ ឌឹ​ក​អា​ញ់ អតីត​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បានទទួល​មរណភាព​កាលពី​យប់​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩ ក្នុង​ជន្មាយុ​៩៩​ឆ្នាំ ដោយ​ជរាពាធ​។​

​ក្នុងនាម​រដ្ឋសភា​និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​បាន​សម្តែង​នូវ​សមាន​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ​បំផុត​ជាមួយ​បក្ស រដ្ឋ​និង​ប្រជាជន​វៀតណាម​ព្រមទាំង​ក្រុមគ្រួសារ​សព​។ សម្តេច​បាន​លើកឡើងថា មរណភាព​របស់ លោក ឡេ ឌឹ​ក​អា​ញ់ គឺជា​ការបាត់បង់​ថ្នាក់ដឹកនាំ ដ៏​ឆ្នើម​របស់​ប្រជាជន​វៀតណាម​។ លោក ឡេ ឌឹ​ក​អា​ញ់ គឺជា​មិត្ត​ដ៏​ជិតស្និទ្ធ​របស់​កម្ពុជា និង​បានរួម​ចំណែក​ដ៏​ធំធេង​ជាមួយ​កម្ពុជា ក្នុងការ​រំដោះ ប្រទេស និង​ប្រជាជន​កម្ពុជា ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។​

ជាមួយ​ការអញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព នៅ​ស្ថានទូត​វៀតណាម​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បាន​ផ្ញើ​សារលិខិត រំលែក​ទុក្ខ ជូន លោកស្រី ង្វៀន​ធី គីម​ងិន ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ផងដែរ ចំពោះ​មរណភាព​របស់ ឯកឧត្តម ឡេ ឌឹ​ក​អា​ញ់៕B/