សម្តេច​ប្រមុខរដ្ឋស្តីទី អនុញ្ញាត​ឲ្យ​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ផ្តល់​អនុសាសន៍​

753
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: សម្តេច​វិបុល​សេនា ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​វិមាន​ព្រឹទ្ធសភា បានអនុញ្ញាត​ឱ្យ​ប្រតិភូ​យុវជន នៃ​សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ផ្តល់​អនុសាសន៍​ណែនាំ មុននឹង​ចេញដំណើរ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន លើក​ទី​៤៥​។​

​លោក ស្រ៊ាង គឹម​លី ប្រធាន​សមាគម​នាវា​យុ​វជន​អាស៊ីអាគ្នេយ៍​កម្ពុជា បាន​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច​ប្រមុខរដ្ឋស្តីទី ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ អនុញ្ញាត​ឲ្យ​ប្រតិភូ​យុវជន នៃ​សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍ ចូលជួប​សម្តែង​ការគួរសម និង​ទទួល​អនុសាសន៍​នាឱកាស​នេះ​។

​លោក​ប្រធាន​សមាគម បាន​ជម្រាបជូន​សម្តេច​ប្រមុខរដ្ឋស្តីទី​អំពី ប្រវត្តិ គោលបំណង និង​សកម្មភាព ព្រមទាំង​លទ្ធផល​សំខាន់ៗ​របស់​សមាគម ដែល​សម្រេចបាន​នាពេល​កន្លងទៅ​។​

​ជាមួយគ្នានេះដែរ លោក ណៃ សេម​ណា​រ័ត្ន តំណាង​ប្រតិភូ​យុវជន​នាវា​អាស៊ីអាគ្នេយ៍​កម្ពុជា​លើក​ទី​៤៥ បាន​ជម្រាបជូន​សម្តេច​ប្រមុខរដ្ឋស្តីទី​ថា កម្មវិធី​របស់​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា លើក​ទី​៤៥ មាន​រយៈពេល​៥២​ថ្ងៃ ដែល​នឹងត្រូវ​ចេញដំណើរ​ពីថ្ងៃ​ទី​២៣ ខែតុលា រហូតដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ មាន​យុវជន​អាស៊ាន និង​ជប៉ុន ទាំងអស់​សរុប​ចំនួន ៣៣០​នាក់ ជួបគ្នា​ដំបូង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដើម្បី​ធ្វើ​ការបើក​កម្មវិធី​ជា​ផ្លូវការ​។ ប្រតិភូ​យុវជន​ទាំងអស់​នឹងត្រូវ​បន្តដំណើរ​ទស្សនកិច្ច​តាម​នាវា​មួយគ្រឿង ដែលមាន​ឈ្មោះថា Nippon Maru ដើម្បី​ទៅកាន់​ប្រទេស​ចំនួន​៤​ទៀត​គឺ ប្រ​ទស​ប្រ៊ុយណេ ប្រទេស​ហ្វីលីពីន ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ។

​គោលបំណង​សំខាន់​នៃ​កម្មវិធី​នេះ គឺ​ដើម្បី​ពង្រឹងពង្រីក​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ាន និង​ជប៉ុន តាមរយៈ​យុវជន​ដោយ​ផ្តោត​សំខាន់​ទៅលើ​ការប្រជុំ​ពិភាក្សា ការសម្តែង​សិល្បៈ វប្បធម៌ និង​ការធ្វើដំណើរ​។​

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បាន​សម្តែង​នូវ​ការ​ស្វា​គម​និង​អបអរសាទរ​ចំពោះ​ក្មួយៗ​ទាំងអស់ ដែល​ត្រូវបាន​ជ្រើសរើស​តាមរយៈ​កម្មវិធី​ប្រឡង​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ដើម្បី​ជា​តំណាង​របស់​យុវជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន លើក​ទី​៤៥ ឆ្នាំ​២០១៨​នេះ​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី បាន​លើកសរសើរ និង​លើកទឹកចិត្ត​ដល់​ក្រសួង​អប់រំ​យុវជន និង​កីឡា ក៏ដូចជា​សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា ដែល​បាន​ខិតខំ​រៀបចំ​កម្មវិធី​នេះ​ឡើង​តាំងពី​ឆ្នាំ​២០០០​មក ពោលគឺ​១​ឆ្នាំ​ក្រោយពី​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​ក្នុង​ឆ្នាំ​១៩៩៩ ដើម្បី​ផ្តល់ឱកាស​ដល់​យុវជន​កម្ពុជា បាន​ពង្រីក​នូវ​ចំណេះដឹង​របស់ខ្លួន និង​បាន​ស្វែងយល់​អំពី​តួនាទី​ដ៏​សំខាន់​នៃ​ការចូលរួម​របស់​យុវជន​ក្នុងការ​អភិវឌ្ឍ សង្គមជាតិ ជាពិសេស​ផ្តល់នូវ​ការចែករំលែក​បទពិសោធ​ន៍ នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការចូលរួម​ក្នុង​សកម្មភាព​របស់​សង្គម ជាមួយ​យុវជន​នៃ​ប្រទេស​ជប៉ុន និង​យុវជន​មកពី​ប្រទេស​អាស៊ាន​ទាំង​៩​ផ្សេងទៀត ។​

​សម្តេច​ប្រមុខរដ្ឋស្តីទី បាន បញ្ជាក់ថា ទោះបី​ប្រទេស​កម្ពុជា ចូល​ជា​សមាជិក​អាស៊ាន​ក្រោយ​គេ តែ​ប្រទេស​កម្ពុជា​បានធ្វើការ​យ៉ាងសកម្ម​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ដើម្បី​សម្រេច​គោលដៅ​របស់​អាស៊ាន “​ទស្សនៈវិស័យ​តែមួយ អត្តសញ្ញាណ​តែមួយ សមាគមន៍​តែមួយ ” ។ សម្តេច​បាន​បន្តថា ក្មួយៗ​ទាំងអស់​ដែល​កើត​ក្នុង​សម័យនេះ ពិតជា​មានសំណាង​ខ្លាំងណាស់ ដែល​បានរស់នៅ និង​សិក្សា​រៀនសូត្រ​ពេញលេញ​ក្នុងសង្គម​មួយ​ប្រកបដោយ​សុខ សន្តិភាព និង​ការរីកចម្រើន ជាពិសេស​មានការ​គាំទ្រ ការ​ផ្តល់ឱកាស និង​ការផ្តល់​តម្លៃ​យ៉ាងខ្លាំង​ដល់​យុវជន​ដែលជា​សសរទ្រូង​របស់​ជាតិ​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​អនាគត ពី​សំណាក់​រាជរដ្ឋាភិបាល និង​សង្គមជាតិ​ទាំងមូល ជាពិសេស​អំពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។ ដូចនេះ​ក្មួយៗ​មានឱកាស​ល្អ​ណាស់​ក្នុងការ​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយទៅជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ជា​អ្នក​បន្តវេន​ដឹកនាំ​ល្អ និង​ជា​ពលរដ្ឋ​ល្អ​នាពេល​អនាគត​។ ក្នុងឱកាស​ដែល​ចូលរួម​ក្នុង​នាវា​យុវជន​អាស៊ី​អា​គ្នាយ៍​នេះ ក្មួយៗ​ជា យុវជន​គំរូ​របស់​ប្រទេស​កម្ពុជា និង​មាន​ភារកិច្ច​ច្រើន ក្នុងនោះ​ត្រូវមាន​ការផ្សព្វផ្សាយ​ជូន​មិត្ត​ភ័​ក្រ​នៃ​ប្រទេស​ជប៉ុន និង​យុវជន​អាស៊ីអាគ្នេយ៍​នៃ​ប្រទេស​៩​ទៀត អំពី​សភាពការណ៍​ពិត​របស់​ប្រទេស​កម្ពុជា ហើយ​ដកស្រង់​បទពិសោធន៍​ល្អៗ និង​ស្វែងយល់​អំពី​សភាពការណ៍​នៃ​បណ្តា​ប្រទេស​នីមួយៗ ដើម្បី​យកមក​ពិចារណា​ច្នៃ អនុវត្ត​ឲ្យ​សមស្រប​តាម​សភាពការណ៍​របស់​ប្រទេស​យើង​ឲ្យ​មាន​ប្រសិទ្ធភាព​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី បាន​គូសបញ្ជាក់​ថែម​ទៀតថា ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន កំពុងធ្វើដំណើរ​យ៉ាងរឹងមាំ​លើ​មា​គា​សន្តិភាព ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ កម្ពុជា​បានសម្រេច​នូវ​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧​ភាគរយ​ក្នុង​១​ឆ្នាំ​។ ចំណូល​របស់​ប្រជាជន​កម្ពុជា​ម្នាក់ៗ​ឆ្នាំ​កន្លងមកនេះ បាន​កើន​ឡើងដល់​១.៤៣៥​ដុល្លារ​សហរដ្ឋអាមេរិក តាម​ការព្យាករណ៍​នៅ​ឆ្នាំ​២០១៨ ចំណូល​របស់​ប្រជាជន​កម្ពុជា​ម្នាក់ៗ​បាន​ប្រហែល​ជិត​១.៥០០​ដុល្លារ​សហរដ្ឋអាមេរិក ។ អត្រា​នៃ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា ត្រូវបាន​កាត់បន្ថយ​បាន​ជាង​១​ភាគរយ​ក្នុង​១​ឆ្នាំ​។ បច្ចុប្បន្ន ប្រទេស​កម្ពុជា​បានក្លាយ​ជា​ប្រទេស​ដែល មាន​ចំណូល​មធ្យម​កម្រិត​ទាប​។ ក្នុងនោះ​លើ​ការងារ​បរទេស ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​ស្មើ​សិទ្ធិ ស្មើភាព​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​លើ​កិច្ចការ​អន្តរជាតិ ពី​ប្រទេសមួយ​ដែល​ធ្លាប់​ទទួលយក​កងទ័ព​មួក​ខៀវ​របស់​អង្គការសហប្រជាជាតិ មកជួយ​ការពារ​សន្តិភាព បាន​ក្លាយទៅជា​ប្រទេសមួយ​ដែល​បញ្ជូន​កងទ័ព​មួក​ខៀវ​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​ទៅ​ចូលរួម​ការពារ​សន្តិភាព​នៅ​ប្រទេស​មួយចំនួន​នៅក្នុង​ពិភពលោក​។​
​សម្តេច​ប្រមុខរដ្ឋស្តីទី​បាន មានប្រសាសន៍ថា នៅ​ឆ្នាំ​២០១៨​នេះ ជា​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា ត្រូវ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​។ ការបោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​សន្តិភាព គ្មាន​អំពើហិង្សា មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​ពិតប្រាកដ ហើយ​សហគមន៍​អន្តរជាតិ​បាន​អបអរសាទរ ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត និង​ផ្ញើ​សារលិខិត​អបអរសាទរ​ជា​បន្តបន្ទាប់ ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​នៅក្នុង​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​។ កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ កន្លងទៅនេះ រាជរដ្ឋាភិបាល​ថ្មី បាន​ចូល​ស្បថ និង​សច្ចាប្រណិធាន មុននឹង​ចូលកាន់​តំណែង​។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល កំពុង​អនុវត្ត​នូវ​កម្មវិធី​នយោបាយ​យ៉ាងសកម្ម និង​មាន​ប្រសិទ្ធភាព ក្នុង​គោលបំណង គោលដៅ និង​ទស្សនវិស័យ ដើម្បី​ប្រែក្លាយ​ប្រទេស​កម្ពុជា​ឲ្យ​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី បានស្នើ​ឲ្យ​ក្មួយៗ​ទាំងអស់ ត្រូវខិតខំ​ថែរក្សា​ឲ្យ​បានល្អ នូវ​ទំនាក់ទំនង​មិត្តភាព​ទាំង​ផ្ទៃក្នុង​ជួរ​យុវជន​របស់​ប្រទេស​កម្ពុជា និង​ជាមួយនឹង​យុវជន​នៃ​បណ្តា​ប្រទេស​នីមួយៗ និង​សូម​ឲ្យ​ក្មួយៗ​ថែរក្សា​ឲ្យ​បានល្អ ថ្លៃថ្នូរ​ទាំង​ក្នុង​ទំនាក់ទំនង ក្នុង​ជីវភាព​រស់នៅ ក្នុង​សាមគ្គីភាព ឯកភាព​ទាំង​ផ្ទៃក្នុង​ជួរ​យុវជន​របស់​យើង និង​យកចិត្តទុកដាក់​ថែរក្សា​សុខភាព មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ធ្វើយ៉ាងណា​ឲ្យ​មានការ​រីកចម្រើន​ទាំងអស់គ្នា ដូច​សុភាសិត​ខ្មែរ​ពោលថា (​នៅផ្ទះ​ម្តាយ​ទីទៃ នៅ​ព្រៃ​ម្តាយ​តែមួយ​) ដើម្បី​នាំមក​នូវ​កិត្តិយស​ជូន​ប្រទេស​កម្ពុជា និង​សូម​ជូនពរ​ដល់​ក្មួយៗ​ទទួលបាន​ជោគជ័យ ភាពសប្បាយ​រីករាយ ព្រមទាំង​ទទួលបាន​នូវ​អនុស្សាវរីយ៍ និង​បទពិសោធន៍​ល្អៗ​ត្រឡប់មក​មាតុភូមិ​យើង​វិញ​៕