សម្តេច​ប្រមុខរដ្ឋស្តីទី ទទួល​ជួប​សវនាការ​ជាមួយ​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​

899
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: នា​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​វិមាន​ព្រឹទ្ធសភា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួប​សវនាការ​ជាមួយនឹង​លោក ខាត់​ហ្កា ប្រាសាទ សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់ ក្នុង​ឱកាសលោក​ដឹកនាំ​គណៈប្រតិភូ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅក្នុង​ឱកាស​នោះ​លោក​ខាត់​ហ្កា ប្រាសាទ សា​ម៉ា អូ​លី បាន​សម្តែង​នូវ​សេចក្តី​រីករាយ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​ប្រមុខរដ្ឋស្តីទី ដែល​បាន​ចំណាយពេល​ដ៏​មានតម្លៃ​ទទួល​ជួប​គណៈប្រតិភូ​នាឱកាស​នេះ និង​សូម​អបអរសាទរ​ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ត្រូវបាន​ជ្រើសតាំង​ជា​ប្រធានព្រឹទ្ធសភា ហើយ​គោរព​ចា​ត​ទុក​សម្តេច​ជា​អ្នក​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការកសាង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​

​តាមរយៈ​សម្ដេច​ប្រមុខរដ្ឋស្តីទី លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​សម្តែង​នូវ​គារវកិច្ច​ដ៏​ខ្ពង់ខ្ពស់​ពី ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​នេ​ប៉ាល់ ថ្វាយព្រះពរ​បវរ​មហា​ប្រសើរ​ចំពោះ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​ជម្រាបជូន​អំពី ស្ថានភាព​ទូទៅ​របស់​ប្រទេស​នេ​ប៉ាល់ ជាពិសេស ប្រទេស​នេ​ប៉ាល់​ក៏មាន​ប្រព័ន្ធ​សភា​ពីរ​ថ្នាក់ ដូច​ប្រទេស​កម្ពុជា​ដែរ គឺ​សភា​តំណាង និង​រដ្ឋសភា​។ លោក​មាន​សេចក្តី​សង្ឃឹមថា សភា​នៃ​ប្រទេស​ទាំងពីរ​នឹងធ្វើ​ការទំនាក់ទំនង និង​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក ជាពិសេស​សភា​នៃ​ប្រទេស​ទាំងពីរ​បាន​បង្កើត​ក្រុម​មិត្តភាព​ទ្វេភាគី ដើម្បី​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​ឆាក​អន្តរជាតិ និង​ធ្វើឱ្យ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។​

​លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​រំលឹកថា ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ការទូត​ជាមួយនឹង​គ្នា​តាំងពី​យូរលង់​ណាស់​មកហើយ មាន​មូលដ្ឋាន​វប្បធម៌ អរិយធម៌ និង​ប្រពៃណី​ប្រហាក់ប្រហែលគ្នា​។

​លោកនាយក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​សម្តេច​ប្រមុខរដ្ឋស្តីទី​ថា លោក​ធ្លាប់បាន​ទៅ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប ឃើញថា​ប្រាសាទអង្គរវត្ត​មាន​ល​ក្ខ​ណៈ​ស្រដៀង​គ្នា​ទៅនឹង​ប្រាសាទ​នានា​នៅក្នុង​ប្រទេស​នេ​ប៉ាល់ ហើយ​ការប្រកប​របរ​អាជីវ​កម្ម​របស់​ប្រជាពលរដ្ឋ​មាន​ភាពស្រដៀងគ្នា ប្រជាជន​មានការ​រួសរាយ​រាក់ទាក់ ជាពិសេស​ប្រទេស​ទាំងពីរ​មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា​ដូចគ្នា​។​

​ក្នុងនាម​គណៈប្រតិភូ ឯកឧត្តម​នាយករដ្ឋមន្ត្រី បាន​ប្រសិទ្ធពរ​សូមឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែមាន​វិបុលភាព​ខ្លាំងក្លា​ថែមទៀត​។ លោក​បាន​គូសបញ្ជាក់ថា ប្រទេស​ទាំងពីរ​កម្ពុជា​-​នេ​ប៉ាល់ មាន​ប្រវត្តិ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ឈ្លា ន​ពាន និង​ការពារ​ប្រទេស​ពី​ការគំរាមកំហែង​ពី​ខាងក្រៅ ហើយ​ប្រទេស កម្ពុជា​ក៏​ធ្លាប់​ឆ្លងកាត់​ការលំបាក​ជាច្រើន ជាពិសេស​ការឆ្លងកាត់​នូវ​របប​ប្រល័យពូជសាសន៍​។ ប្រទេស​នេ​ប៉ាល់ សូម​ចូលរួម​រំលែក​ទុក្ខ​ការលំបាក​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​ឆ្លងកាត់​នៅក្នុង​របប​ប្រល័យពូជសាសន៍​នេះ​។​

​លោកនាយក​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ដែល​ធ្វើឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​មានការ​ផ្លាស់ប្ដូរ ហើយ​ធុរកិច្ច​នៅ​ប្រទេស​កម្ពុជា​មានការ​កើនឡើង​ជា​បន្តបន្ទាប់​។ អ្វីៗ​ដែល​ឯកឧត្តម​ធ្លាប់​បានឃើញ​ពីមុនមក ប្រទេស​កម្ពុជា​សុទ្ធតែ​មានការ​ផ្លាស់ប្តូរ​ប្រែប្រួល​ទាំងអស់​។​
​ជាមួយគ្នានេះ ឯកឧត្តម​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ ក៏បាន​ជម្រាបជូន​សម្តេច​ប្រមុខរដ្ឋស្តីទី​ថា ប្រទេស​នេ​ប៉ាល់​ធ្លាប់​ជួប​ការលំបាក និង​ជម្លោះផ្ទៃក្នុង មុននឹង​ឆ្ពោះទៅ​រកបាន​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​នាំឱ្យ​បង្កើតបាន​នូវ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​រដ្ឋាភិបាល តាមរយៈ​ការបោះឆ្នោត​។ សព្វថ្ងៃនេះ ប្រទេស​នេ​ប៉ាល់​កំពុងតែ​ខិតខំ​អនុវត្តតាម​រដ្ឋធម្មនុញ្ញ ដើម្បី​ធានា​នូវ​សន្តិភាព​ទូទាំងប្រទេស​។ នៅក្នុង​ឆ្នាំ​កន្លងទៅនេះ សេដ្ឋកិច្ច​របស់​ប្រទេស​នេ​ប៉ាល់​ក៏មាន​ការកើនឡើង​រហូត​ទៅដល់ ៧​ភាគរយ នាំឱ្យ​កាត់បន្ថយ​បាន​នូវ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ ប្រទេស​នេ​ប៉ាល់​កំពុងតែ​ខិតខំ​កៀងគរ​អ្នកវិនិយោគទុន​ពី​ខាងក្រៅ​ប្រទេស ដើម្បី​ជំរុញ​បន្ថែម​ទៅលើ​ការវិនិយោគទុន​នៅក្នុង​ប្រទេស​ដែលមាន​ស្រាប់​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​គោរព​អញ្ជើញសម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​នេ​ប៉ាល់ ក្នុង​ពេលវេលា​សមស្រប​ណាមួយ​។​

​ក្នុង​ព្រះបរមនាម​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជាជន​កម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ ឯកឧត្តម និង​គណៈប្រតិភូ​ទាំងអស់ នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដំណើរ​ទស្សនកិច្ច​នាឱកាស​នេះ មាន​សារៈសំខាន់ និង​បានរួម​ចំណែក​ដ៏​ធំធេង​ដល់​ការពង្រឹង​ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ និង​នាំមក​នូវ​ឧ​ត្ត​ម​ប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ ទាំង​ពេលបច្ចុប្បន្ន ក៏ដូចជា​អនាគត​។​

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​ពាំ​នាំនូវ​ព្រះរាជ​បណ្តាំ​សួរសុខទុក្ខ​ពី​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពី​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជូន​ចំពោះ​ឯកឧត្តម​នាយករដ្ឋមន្ត្រី និង​លោកជំទាវ និង​ព្រះរាជ​បណ្តាំ​សួរសុខទុក្ខ​ចំពោះ​លោកជំទាវ​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់​។​

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​រំលឹកថា ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ការទូត មាន​រយៈពេល​៥៥​ឆ្នាំ​មកហើយ ទំនាក់ទំនង​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ស្នា​ព្រះហស្ត​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ “​ព្រះ​បរម​រតន​កោដ្ឋ​” និង​ថ្នាក់ដឹកនាំ​នេ​ប៉ាល់​ជំនាន់​មុន​។ ទំនាក់ទំនង​នេះ​ត្រូវបាន​ខិតខំ​បន្ត​ពូន​ជ្រំ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​ដោយ​ថ្នាក់ដឹកនាំ​ជំនាន់​ក្រោយ​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី បាន​សម្តែង​នូវ​សេចក្តី​រីករាយ និង​ពេញចិត្ត​ដោយបាន​មើលឃើញ​ពី​ការរីកចម្រើន​នៃ​ចំណង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​។ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រដ្ឋា​ភិ​-​បាល​ប្រទេស​ទាំងពីរ បាន​ផ្លាស់ប្តូរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​។ កម្ពុជា​-​នេ​ប៉ាល់ បាន​បន្ត​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​លើ​វេទិកា​អន្តរជាតិ​។ ការគាំទ្រ​នេះ បាន​ជះ​ឥទ្ធិ​ព ល ជា​វិជ្ជមាន​ដល់​ការរួមចំណែក​ថែរក្សា​សន្តិភាព សន្តិសុខ ស្ថិរភាព និង​ការអភិវឌ្ឍ នៅក្នុង​តំបន់ និង​អន្តរជាតិ​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី បាន​ជម្រាប​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជា ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​ប្រទេស​នេ​ប៉ាល់ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៨ និង​ទស្សនកិច្ច​របស់​ឯកឧត្តម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងឱកាស​នេះ ជាការ​ក្រាលផ្លូវ​ឆ្ពោះទៅកាន់​សករាជ​រុងរឿង​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ និង​ជា​កាលា​នុ​វ​ឌ្ឍ​ភាព​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ប្រកបដោយ​វឌ្ឍនភាព វិបុល​-​ភាព​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ​ក្នុងពេល​អនាគត​។​

​សម្តេច​ប្រមុខរដ្ឋស្តីទី មាន​ជំនឿ​ជឿជាក់ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ វប្បធម៌ អប់រំ កសិកម្ម ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ និង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន ឱ្យបាន​កាន់តែ​មានការ​រីកចម្រើន​ឡើង​ថែមទៀត​នៅក្នុង​ពេលអនាគត​។ ជាមួយគ្នានេះដែរ សម្តេច​បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​វឌ្ឍនភាព​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស​នេ​ប៉ាល់ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ប្រទេស​នេ​ប៉ាល់ ប្រជាជន​នេ​ប៉ាល់​នឹង​បន្ត​រីកចម្រើន​ប្រកបដោយ​វឌ្ឍនភាព និង​វិបុលភាព​។​

​តាមរយៈ​លោក​ប្រធាន​គណៈប្រតិភូ សម្តេច​ប្រមុខរដ្ឋស្តីទី បាន​ផ្តាំផ្ញើ​នូវ​ការសួរសុខទុក្ខ​ដោយ​សេចក្តី​គោរព​រាប់អាន​អំពី​សម្តេច​ជូន​ចំពោះ​ឯកឧត្តម​ប្រធានសភា​ជាន់ខ្ពស់ និង​លោកជំទាវ​។ ជាមួយគ្នានេះ សម្តេច​សង្ឃឹមថា ព្រឹទ្ធសភា​កម្ពុជា និង​សភា​ជាន់ខ្ពស់ នេ​ប៉ាល់ នឹង​បង្កើន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​ថែមទៀត​។​
​នៅក្នុង​ឱកាស​នោះ សម្តេច​ប្រមុខរដ្ឋស្តីទី​បាន​អញ្ជើញ​ប្រធានសភា​ជាន់ខ្ពស់​នេ​ប៉ាល់ មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពេលវេលា​សមស្រប​ណាមួយ​៕ ល​