សម្តេច​ពិជ័យ​សេនា​ថា បង្គោល​និង​ចំណុច​ព្រំដែន​មួយចំនួន​មិន​ប្រក្រតី តែ​កិច្ចសហប្រតិបត្តិការ ព្រំដែន​នៅតែ​ពង្រឹង​

763
ចែករម្លែក
  • 684
    Shares

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ បាន​ថ្លែងថា បង្គោល​និង​ចំណុច​ព្រំដែន​មួយចំនួន​រវាង​កម្ពុជា ថៃ ក៏ដូចជា​មួយ​វៀតណាម និង​ឡាវ​ នៅតែ​មិន​ប្រក្រតី។ ប៉ុន្តែ​ឃើញ​យ៉ាងនេះ​យើង​មិនមែន​បង្កើត​ជម្លោះ ឬ​បង្ក​ភាព​តានតឹង​ឬ​អរិភាព​គ្នា​តាម​ព្រំដែន​ទេ គឺ​មានតែ​ពង្រឹង ពង្រីក​កិច្ចសហប្រតិបត្តិការ មិត្តភាព​និង​អភិវឌ្ឍន៍​ព្រំដែន ហើយក៏​បន្ត​ចរ​ចា ដោះស្រាយ​គ្នា​ ដើម្បី​ឈានទៅ​ចុះសម្រុង​គ្នា ព្រមព្រៀងគ្នា​។​

សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​ថ្លែង​ដូច្នេះ ​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​៣៦ ច្រកព្រំដែន​តំបន់​បឹង​ត្រកួន​ ​ភូមិ​បន្ទាយ​មាន​រឹទ្ធិ​ ឃុំ​គោក​រមៀត ​ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ ខណៈ​សម្តេច​និងគណៈ​ប្រតិភូ​បន្ត​ទស្សនកិច្ច​សួរសុខទុក្ខ លើក​ទឹ​ក​ចិត្ត​កងកម្លាំង​ការពារ​ព្រំដែន ក៏ដូចជា​ពិនិត្យ​ទិដ្ឋភាព ស្ថានភាព​ទូទៅ​បណ្តោយ​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម , កម្ពុជា​-​ឡាវ​និង​កម្ពុជា ថៃ ​កាលពី​ល្ងាច​ថ្ងៃទី​៨​មីនាឆ្នាំ​២០១៩។​

សម្តេច​ពិជ័យ​សេនា​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា​ ក្នុង​ដំណើរ​បេស​កកម្ម​តាម​ព្រំដែន​ដ៏​វែងឆ្ងាយ​រាប់ពាន់​គីឡូម៉ែត្រ​តាំ​ង​ពី​បង្គោល​ព្រំដែន​ទី​សូន្យ​ដល់ទី​៣១៩ មាន​បង្គោល​ព្រំដែន ក៏​ដូច​ចំណុច​ព្រំដែន​មួយចំនួន​មិន​ប្រក្រតី មិនទាន់​ចុះសម្រុង​គ្នា​នៅឡើយ ។​

ក្នុងនោះ​ព្រំដែន​ជាមួយ​វៀតណាម និង​ឡាវ បង្គោល​ព្រំដែន​និង​ចំណុច​ព្រំដែន​មួយ​ចំនួន​ក៏​មិន​ប្រក្រតី។ ​ប៉ុន្តែ​អំពី​ដំណើរ​ការចរចានិង​ការបោះបង្គោល​ព្រំដែន​មាន​ភាព​សកម្ម ជឿនលឿន​ទៅមុខ​ច្រើន។​

ប៉ុន្តែ​ព្រំដែន​ជាមួយ​ថៃ​វិញ​(​ប្រវែង​៨០៣​គីឡូម៉ែត្រ​) មាន​បង្គោល​សរុប​តែ​៧៣​បង្គោល​( ពីចំណុច​ច្រក​ជាំ​ស្រុក​អន្លង់​វែង ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដល់​ច្រក​ចាំ​យាម​ខេត្តកោះកុង​) ឃើញថា បង្គោល​ព្រំដែន​និង​ចំណុច​ព្រំដែន​មួយចំនួន​មិន​ប្រក្រតី​ទេ។​

សម្តេច​ពិជ័យ​សេនា​ថា ” កុំ​ថា​ខ្ញុំ​ជា​អ្នកវាយតម្លៃ​អី ខ្ញុំ​មិន​អារកាត់ វែកញែក​អី​ជំនួស​គណៈក​ម្មា​ធិ​ការ​កិច្ច​ព្រំដែន ខ្ញុំ​អត់​ទេ តែ​ខ្ញុំ​និង​យើង​គ្រាន់តែ​កត់សម្គាល់ ឬថា​ឃើញ​ជាក់ច្បាស់​ហើយ​ចំណុច​ព្រំដែន​ខ្លះ​មិន​ប្រក្រតី។​ ហើយ​បង្គោល​ខ្លះ​ទ្រេត បង្គោល​ខ្លះ​អត់​គ្រឺះ ហើយ​វា​ប្រហែលជា​ធ្វើដំណើរ​ខ្លះ​(​រំកិល​)​ហើយ។ ​ខ្លះ​វា​ដាំ​បញ្ច្រាស ត្រឡប់​ក្បាល​កន្ទុយ​អក្សរ ឬ​បង្គោល​ផ្សេង​…”។

ឧទាហរណ៍​កន្លែង​ដែល​សម្តេច​ពិជ័យ​និង​ប្រតិភូ​ទស្សនកិច្ច ដូច​បង្គោល​លេខ​១​នៅ​ច្រកព្រំដែន​ជាំ ឃើញថា​មិន​ប្រក្រតី។​ បង្គោល​លេខខ​២២ នៅ​ប្រាសាទ​តា​មាន់ មាន​ប្រក្រតី​គួរសម ។​បង្គោល​លេខ​៣៦ បឹង​ត្រកួន​នេះ ដាំ​បញ្ច្រាស មិន​ប្រក្រតី​ទេ វា​ធ្វើដំណើរ​(​ត្រូវគេ​រំកិល​) ហើយ។​

ទោះយ៉ាងណា សម្តេច​ពិជ័យ​ចៀសវាង​និយាយថា តើ​បញ្ហា​មិន​ប្រក្រតី​នៃ​ចំណុច​ព្រំដែន បង្គោល​ព្រំដែន​ទាំងនោះ​បង្កឡើង​ដោយ​ភាគី​ណា? វៀតណាម ឡាវ ក៏​ទេ​ដែរ ហើយ​កើតឡើង​ពី​កាលណា ជំនាន់​ណា​នោះដែរ។​

ហើយ​ប្រមុខ​កំពូល​ក្រសួងការពារជាតិ​រូបនេះ​បាន​បញ្ជាក់ថា “ព្រំដែន​រឹងមាំ​វា​ស្ថិត​លើ​កម្លាំង​ការពារ លើ​ច្បាប់។​ ហេតុនេះ ដំណើរ​ការចរចា ដោះស្រាយ​បញ្ហា​ព្រំដែន បោះ​បង្គោល​ព្រំដែន​ទាំង​គណ​:​ក​ម្មា​ធិ​ការ​កិច្ចការ​ព្រំដែន​កម្ពុជា​និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​នឹង​កំពុង​បន្តធ្វើ​យ៉ាងសកម្ម​ ដើម្បី​កុំឲ្យ​បញ្ហា​ដ៏​រសើប​ខាង​ប្រវត្តិសាស្ត្រ ​និង​នយោបាយ​ដែល​លង​ពី​អតីតកាល ប​ច្ច​ប្បន្ន​នេះបន្ត​មាន​ទៅ​អនាគត”។​

ក្នុងនោះ​សម្តេច​ពិជ័យ​សេនា ដែល​ក៏​ជា​សហប្រធាន​គណ​:​ក​ម្មា​ធិ​ការ​ព្រំដែន​ទូទៅ​កម្ពុជា ថៃ​ផង​នោះ បញ្ជាក់​ជា​សារ​នយោបាយ​និង​បច្ចេកទេស​ថា​ បញ្ហា​បូរណភាព​និង​ព្រំដែន​ទាំង​ចំណុច​ព្រំដែន ទាំង​បង្គោល​ព្រំដែន​រវាង​ប្រទេសជិតខាង​ជាមួយ​កម្ពុជា ថ្វី​ត្បិតតែ​នៅមាន​បញ្ហា​មិន​ប្រក្រតី​មួយចំនួន តែ​យើង​មិនអាច​លើកទឹកចិត្ត​ឲ្យមាន​ការ​បង្ក​អ​រិ​ភាព មាន​ជម្លោះព្រំដែន មាន​ភាព​តានតឹង​នៅ​ព្រំដែន​ជាថ្មី​ទេ គឺ​យើង​បន្ត​ចរ​ចា វែកញែក​ដោះស្រាយ​គ្រប់​យន្តការ។​

សំខាន់​ចំពោះមុខ​និង​ទៅខាង​មុខ ត្រូវ​ពង្រឹងពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ មិត្តភាព អភិវឌ្ឍន៍ បង្កើន​ជីវភាព សេដ្ឋកិច្ច​តាម​បណ្តោយ​និង​ឆ្លងកាត់​ព្រំដែន​ដែល​ប្រក្រតី ។​ឯ​កន្លែង​មិន​ប្រក្រតី​ទុក​សិន ហើយ​បន្ត​ដោះស្រាយ​តាម​ក្រោយ។​

ក្នុងនោះ​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់​ក៏​ឆ្លៀត​វាយបកទៅ​ក្រុម​គណបក្សប្រឆាំង​ដែល​តែង​រិះគន់ វាយប្រហារ​រាជរដ្ឋាភិបាល​ថា បណ្តោយឲ្យ​វៀតណាម​និង​ប្រទេស​ជិត​ខាង​បាន​ទន្ទ្រាន រំលោភបំពាន​ចូល​ព្រំដែន​ទឹក ព្រំដែន​គោក​របស់​កម្ពុជា​រាល់ថ្ងៃ។ ដោយ​ថា បើ​គេ​រំលោភ​ដូច​មែន ម្ល៉េះ​សមពី​នោះ​មកដល់​សព្វថ្ងៃ ទឺឹកដី​កម្ពុជា​យើង​វា​បាត់អស់​ទៅហើយ។ ចឹ​ង​កុំ​អ្នកឯង​ចេះតែ​ស្រែក ដោយ​គ្មាន​មូលដ្ឋាន​នោះ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ពេជ្រ វណ្ណា នាយករង​ទីចាត់ការ​កិច្ចការ​ព្រំដែន​អគ្គបញ្ជាការដ្ឋាន​កងខេ​មរភូមិន្ទ​និង​ជា​ប្រធានការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ ប្រាប់​កាសែត​រស្មី​កម្ពុជា​ល្ងាច​ថ្ងៃទី​៨ ​ខែមីនា​ថា​ លើ​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ ប្រវែង​៨០៣​គីឡូម៉ែត្រ​ដែ​លមាន​បង្គោល​ព្រំដែន​តែ​ចំនួន​៧៣​បង្គោល ​ពី​ចំណុច​ច្រកព្រំដែន​អន្តរជាតិ​ជាំ​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដល់​ច្រកព្រំដែន​អន្តរជាតិ​ចាំ​យាម ​ស្រុក​មណ្ឌលសីមា ​ខេត្តកោះកុង​នោះ រួមទាំង​បណ្តោយ​ព្រំដែន​ពី​ច្រក​ជាំ​ទៅ​មុំ​បី​ខេត្តព្រះវិហារ ដែល​គ្មាន​បង្គោល​ព្រំដែន​(​ពឹង​លើ​ខ្សែ​ចែក​ទឹក​នៃ​ជួរ​ភ្នំ​ក្នុង​ផែនទី​ដងរែក នៃ​បារាំង​-​សៀម​) ខាង​ជំនាញ​លោក​ និង​កងកម្លាំង​ការពារ​ព្រំដែន​បានការ​ពារ ត្រួតពិនិត្យ ល្បាត​រួម​(​ជាមួយ​ថៃ​)​និង​ល្បា​ត់​ដោយឡែក​ជាប្រចាំ៕B/Ha