សម្តេច​ពិជ័យ​សេនា ទៀ បាញ់ : មាន​ឧកញ៉ា​ចំនួន​៩៩​រូប​ក្នុង​កងយោធពល​ខេមរភូមិន្ទ​

527
ចែករម្លែក
សម្តេច​ពិជ័យ​សេនា ទៀ បាញ់ : មាន​ឧកញ៉ា​ចំនួន​៩៩​រូប​ក្នុង​កងយោធពល​ខេមរភូមិន្ទ​(រូបឯកសារ)

ដោយៈ វង្ស សុភាព​/​ភ្នំពេញៈ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ថ្លែង​ប្រាប់​រស្មី​កម្ពុជា នៅមុននេះ​បន្តិច​ថា តាម​ទិន្នន័យ​ជំហាន​ដំបូង និង​ដំណើរការ​តាម​នីតិវិធី គឺ​រកឃើញ​មាន​ឧកញ៉ា​ចំនួន ៩៩​រូប នៅក្នុង​កងយោធពល​ខេមរភូមិន្ទ​។​


សម្តេច​ពិជ័យ​សេនា​បាន​បញ្ជាក់ថា “​យើង​កំពុងតែ​រៀបចំ​នីតិវិធី​បែបបទ អ្នក​ដែល​ត្រូវ​បន្ត​យក​ងារ​ជា​ឧកញ៉ា និង​អ្នក​ដែល​សុំ​ឈប់​មិន​យក​ងារ​ជា​ឧកញ៉ា​ទៀត​ទេ គឺ​រក្សា​ឈ្មោះ​គេ​នៅក្នុង​កងទ័ព ហើយ​យើង​កំពុងតែ​ដំណើរការ​នីតិវិធី​នេះ​។ ឧកញ៉ា​ទាំង​៩៩​រូបនេះ នៅក្នុង​កងយោធពល​ខេ​ម​ភូមិន្ទ​ទាំងអស់​។ យើង​ដឹង​ច្បាស់​ហើយ​ថា អ្នកណា​ត្រូវសុំ​ឈប់​ពី​ឧកញ៉ា និង​រក្សា​ឈ្មោះ​ក្នុង​កងទ័ព ប៉ុន្តែ​នីតិវិធី​ដែល​ត្រូវ​បន្តទៅទៀត គឺ​ទៅតាម​លំដាប់លំដោយ យើង​និយាយ​មុន​វា​អត់​ល្អ​ទេ គឺ​ទុក​ឲ្យ​គេ​ពិនិត្យ​ថែមទៀត តែ​រឿង​ពិត​យើង​បានរៀបចំ​នីតិវិធី​នឹង​ហើយ ដូច្នេះ​ចាំ​នីតិវិធី​ចេញមក គឺ​ច្បាស់លាស់​ហើយ​”​។​
សម្តេច​ពិជ័យ​សេនាបាន​បន្តថា ចំពោះ​ចំនួន​អ្នក​ដែល​លាឈប់​ពី​ឧកញ៉ា និង​អ្នក​ដែល​នៅ​រក្សា​ឈ្មោះ​ក្នុង​កងទ័ព គឺ​ទាន់​និយាយ​បានទេ ពីព្រោះ​ខ្លាចក្រែង​ក្នុងដំណាក់កាល​កំពុងដំណើរកា​រ​នីតិវិធី គឺ​វា​មានការ​ប្រែប្រួល​របៀប​ណា វា​ទៅជា​រឿង​មិនល្អ ដូច្នេះ​មិនអាច​និយាយ​បានទេ​។​


​គួរ​បញ្ជាក់ថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន​មានប្រសាសន៍​បញ្ជាក់​នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៣០ ខែសីហាកន្លងទៅថា មិនឱ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​របស់​កម្ពុជា ដែល​រួមមាន​កងយោធពល​ខេមរភូមិន្ទ នគរបាល និង​កងរាជអាវុធហត្ថ មាន​ងារ​ជា «​ឧកញ៉ា​» តទៅទៀត​នោះឡើយ​។
​ជាមួយគ្នានេះ សម្តេច​តេ​ជោ​ ក៏បាន​បញ្ជា​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ណា​ដែលមាន​ងារ​ជា «​ឧកញ៉ា​» ត្រូវ​សម្រេចចិត្ត​ជាបន្ទាន់ ជ្រើស​រើសយក​តែមួយរ​វាង​ងារ​ជា «​ឧកញ៉ា​» ឬ​តួនាទី​ក្នុង​ក្របខណ្ឌ​ជា​កងកម្លាំងប្រដាប់អាវុធ​៕សរន

#