សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ អញ្ជើញ​ជា​អធិបតី​បុណ្យពិសាខបូជា​នៅ​សក្យមុនី​ចេ​តី​យ៍​

1158
ចែករម្លែក

ដោយៈ មេសា​/ឩ​ត្តុ​ង្គ​-​កំពង់ស្ពឺៈ ពិធីបុណ្យ​ពិសាខបូជា​ដែល​រៀបចំ​នៅឯ​សក្យមុនី​ចេ​តី​យ៍ នា​ភ្នំ​ឩ​ត្តុ​ង្គ​ ដោយមាន​ការយាង​ជា​អធិបតី នៃ សម្តេច​ព្រះសង្ឃ​រាជ្យ​ទាំង ២ គណៈ និង សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន នៃ ព្រឹទ្ធសភា​ផង​នោះ ពិធីបុណ្យពិ​សាខ​បូជា​ឆ្នាំនេះ មាន​អ្នកចូលរួម​មកពី​គ្រប់ទិសទី​រាប់ពាន់នាក់ ហើយ​មាន​ពិធីរាប់បាត្រ​ព្រះសង្ឃ​ជាង​៣០០ អង្គ ។

​អាកាសធាតុ​នៅ​សក្យមុនី​ចេ​តី​យ៍ នា​ព្រឹក​នេះ ត្រជាក់​ល្អ​ណាស់ ដោយសារ​មាន​ភ្លៀង​មួយ​មេ​ធំ​កាលពី​យប់ នាំមក​នូវ​ភាព​មនោ​រម្យ​យ៉ាង​ក្សេមក្សាន្ត​ដល់​អ្នក​ដែល​បាន​អញ្ជើញ​ម​ចូលរួម​ពិធីបុណ្យ​នៅទីនេះ ។​

​ពិធីបុណ្យ​ពិសាខបូជា គឺជា​បុណ្យ​ដ៏​សំខាន់បំផុត​មួយ​ក្នុង​ព្រះពុទ្ធសាសនា ដោយសារ​បុណ្យ​នេះធ្វើឡើង ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ព្រះពុទ្ធ​ប្រសូត ព្រះពុទ្ធ​បាន​ត្រាស់ដឹង និង ពេលដែល​ព្រះពុទ្ធ​យាង​ចូល​បរិនិព្វាន ហើយ​ព្រឹត្តិការណ៍​សំខាន់ៗ​​ទាំង ៣ នេះ បានកើត​ឡើង​នៅ​ថ្ងៃ ១៥ កើត ខែ ពិសាខ ទាំងអស់ ។

​ទោះយ៉ាងណា​ពិធីបុណ្យ​ពិសាខបូជា មិនមែន​បុណ្យ​ក្នុង​ពុទ្ធប​ញ្ញ​ប្ប​ត្តិ​ឡើយ ពោលគឺ​ព្រះពុទ្ធ​មិនបាន​ប​ញ្ញ​តិ្ត​ថា ត្រូវតែ​ធ្វើបុណ្យ​ពិសាខបូជា​នេះ​ទេ គឺ​បុណ្យ​នេះ ត្រូវបាន​ពុទ្ធបរិស័ទ​ជា​អ្នក​រៀបចំ​តាក់តែងឡើង​ដើម្បី​បង្ហាញ​ការគោរព​ជ្រះថ្លា​របស់​ពួកគេ​ចំពោះ​ព្រះពុទ្ធសាសនា​តែប៉ុណ្ណោះ ។​

​តាម​ការសិក្សា​ស្រាវជ្រាវ​ឱ្យដឹងថា នៅ​ប្រទេស​មួយចំនួន ដូចជា​ប្រទេស​ឥណ្ឌា និង ប្រទេស​ស្រីលង្កា ជាដើម ពិធីបុណ្យ​ពិសាខបូជា ត្រូវបានធ្វើ​តាំង​ពីប៉ុន្មាន​រយ​ឆ្នាំក្រោយ​ពេលដែល​ព្រះពុទ្ធ​បរិ​និ​ព្វា​ន​ម្ល៉េះ ។ ចំណែក​នៅ​ប្រទេស​កម្ពុជា ទើបតែ​ត្រូវបានធ្វើ​នៅ​ឆ្នាំ ១៨៥៥ គឺ​ក្នុងរ​ជ្ច​កាល​ព្រះបាទ​អង្គឌួង តែប៉ុណ្ណោះ ដោយ​កាលណោះ ពិធីបុណ្យ​នេះ​ធ្វើ​នៅ​រាជធានី​ឩ​ត្តុ​ង្គ ។ ចំណែក​អ្នក​ដែល​បាន​ប្រារព្ធ​ពិធីបុណ្យ​ពិសាខបូជា​មុន​គេ គឺ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ផ្នែក​ខាង​ធម្មយុត្តិកនិកាយ ។​

​លុះដល់​រជ្ជកាល​ព្រះបាទ ស៊ីសុវត្ថិ ( ១៩០៤-១៩២៧ ) ទើប​ព្រះសង្ឃ និង ពុទ្ធបរិស័ទ ខាង​គណៈមហានិកាយ​ប្រារព្ធ​ធ្វើជា​ផ្លូវការ​រហូតមកដល់​ស​ព្វ​ថ្ងៃ ៕Kh