សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​អនុញ្ញាតឱ្យ​ឯកអគ្គរាជទូត​ទើប​តែងតាំង​ថ្មី​ចូលជួប​

426
ចែករម្លែក

ដោយៈ​គ្រី​សម្បត្តិ​/​ភ្នំពេញៈ​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៨​នៅ​វិមាន​ព្រឹទ្ធសភា​សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​ប្រធានព្រឹទ្ធសភា​បានអនុញ្ញាត​ឱ្យ​លោក​ឃួន​ផុន​រតនៈ​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​និង​ប្រទេស​អ៊ីស្រាអែល​។​ចូលជួប​សម្តែង​ការគួរ​សមនិង​ទទួល​អនុសាសន៍​នៅ​មុនពេល​អញ្ជើញ​ទៅ​បំពេញបេសកកម្ម​ការទូត​ប្រចាំ​ប្រទេស​អេ​ហ្ស៊ី​ប ។​

​នៅក្នុង​ឱកាស​នោះ​សម្តេច​ប្រធានព្រឹទ្ធសភា​បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​លោក​ដែល​ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ឯកអគ្គរាជទូត​ថ្មី​ប្រចាំ​ប្រទេស​អេ​ហ្ស៊ី​ប និង​ប្រទេស​អ៊ីស្រាអែល​។ ជាមួយគ្នានេះ សម្តេច​បាន​ផ្តាំផ្ញើ​ចំពោះ​លោក​ឃួន​ផុន​រតនៈ​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ឲ្យ​បានល្អ​ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ព្រះរាជណាចក្រ​កម្ពុជា ជាមួយនឹង​ប្រទេស​អេ​ហ្ស៊ី​ប​និង​ប្រទេស​អ៊ីស្រាអែល​។

​ដើម្បី​សម្រេច​បំណង​នេះ​ត្រូវ​យកចិត្តទុកដាក់​ទំនាក់ទំនង​ល្អ​ជាមួយនឹង​បណ្តា​ស្ថាប័ន​និង​ជាមួយ​ប្រជាជន​នៃ​ប្រទេស​អេ​ហ្ស៊ី​ប​និង​ប្រទេស​អ៊ីស្រាអែល​ឲ្យ​បានល្អ​ប្រសើរ​។​បន្ថែម​លើ​នេះ​ត្រូវ​ឱ្យគេ​យល់​អំពី​សភាពការណ៍​ពិត​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ទាក់ទាញ​ឲ្យ​គេ​គាំទ្រ​ប្រទេស​កម្ពុជា​ទាំង​ខាង​នយោបាយ សេដ្ឋកិច្ច វប្បធម៌ និង​សង្គមកិច្ច​។​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ក៏បានផ្តល់​អនុសាសន៍​សំខាន់ៗ​មួយចំនួន​ជូន​ដល់​លោក​ឯកអគ្គ​រាជ ទូត​ត្រូវ​សកម្ម​ផ្សព្វផ្សាយ និង​បកស្រាយ​ពន្យល់​អំពី​សភាពការណ៍​នៅ​កម្ពុជា​ជូន​ដល់​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ ជាពិសេស​នៅ​ប្រទេស​ដែល​កំពុង​បំពេញភារកិច្ច​។

​ត្រូវ​ផ្តល់ព័ត៌មាន​ឱ្យបាន​រហ័ស​ចំពោះ​សភាពការណ៍​នយោបាយ​ក្រៅប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា​និង​ត្រូវ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ក្នុងការ​ទាក់ទាញ​អ្នក​វិនិយោគិន និង​ភ្ញៀវទេសចរ​មក​កម្ពុជា​ឲ្យ​បាន​កាន់តែច្រើន​។​​លោក​ឃួន ផុន​រតនៈ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប និង​ប្រទេស​អ៊ីស្រាអែល បាន​ប្តេជ្ញា​នៅ​ចំពោះមុខ​សម្តេច​ប្រធានព្រឹទ្ធសភា​ថា នឹង​ខិតខំ​បំពេញភារកិច្ច​ជា​តំណាង​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​

​លោក​បាន​សន្យាថា​នឹង​ខិតខំ​អនុវត្តតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ប្រធានព្រឹទ្ធសភា និង​ខិតខំ​ថែរក្សា​ផ្សព្វផ្សាយ​នូវ​កិត្យានុភាព​ប្រទេសជាតិ ពង្រឹងពង្រីក​ទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយនឹង​ប្រទេស​ម្ចាស់ផ្ទះ និង​ឯកអគ្គរាជទូត រដ្ឋទូត​ប្រទេស​ផ្សេងៗ​ទៀត និង​ខិតខំ​ទាក់ទាញ​អ្នក​វិនិយោគិន និង​អ្នកទេសចរ​ឲ្យ​មក​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​៕S/​

​សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​អនុញ្ញាតឱ្យ​ឯកអគ្គរាជទូត​ទើប​តែងតាំង​ថ្មី​ចូលជួប​