សម្តេច​សង្ឃ​៖ សូម​បិណ្ឌ​បាត្រ ខេមរបុត្រ​កុំទៅ​ស្រុកកំណើត​បង្កើត​បំណុល​ឱ្យ​ឳ​ពុក​ម្តាយ​

1823
ចែករម្លែក
  • 2
    Shares

​ដោយៈ មេសា​/​ភ្នំពេញៈ ប្រពៃណី​ដ៏​ល្អ​ផូរផង់​មួយ​របស់​ខេ​មរ​ពុទ្ធសាសនិក គឺ​នៅ​អំឡុង​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ កូន​ចៅជិត​ឆ្ងាយ​តែងតែ​នាំគ្នា​ទៅលេង​ស្រុកកំណើត ដើម្បី ជួបជុំ​ឳ​ពុក​ម្តាយ និង សាច់ញាតិ ។ ប៉ុន្តែ​អ្វី​ដែលជា​កំហុសឆ្គង​ដែល​គេ​មិនអាច​មើលរំលង​នោះ គឺ​កូនចៅ​ខ្លះ​ពេលទៅដល់​ស្រុកកំណើត ក៏​ទៅ​ដើម្បីឱ្យ​ឳ​ពុក​ម្តាយ​បម្រើ ហើយ​ថែមទាំង​បន្សល់ទុក​បំណុល​ឱ្យ​ឳ​ពុក​ម្តាយ​សង​គេ​ទៀតផង ។​

​ដោយហេតុនេះ សម្តេច​ឩ​ត្ត​ម​ចរិយា​បណ្ឌិត ឈឹង ប៊ុន​ឈា ព្រះចៅអធិការ​វត្ត​វិមាន​តេជះ ហៅ វត្ត​ស្រះចក បាន​បិណ្ឌ​បាត្រ​ដល់​ខេ​មរ​បុត្ត​ទាំងឡាយ​ថា  ទៅលេង​ស្រុកកំណើត ជូន​លុយកាក់​ឳ​ពុក​ម្តាយ ១០ ម៉ឺន រៀល ឬ ២០ ម៉ឺន រៀល ហើយក៏​ស្នាក់​នៅផ្ទះ​ឳ​ពុក​ម្តាយ ៣ ឬ ៤ ថ្ងៃ បន្ទុក​បាយទឹក​ម្ហូបអាហារ របស់​កូន និង ចៅៗ​ដែល​ទៅលេង ក៏​ធ្លា​ក់លើ​ឳ​ពុក​ម្តាយ​ជា​អ្នកចំណាយ និង ចម្អិន ហើយ​ពេលខ្លះ​រហូតដល់​ថ្លៃ​គ្រឿង​ស្រវឹង​ទៀតផង ។ លុះ​ពួក​កូន និង ចៅ​ត្រឡប់​ទៅវិញ ឳ​ពុក​ម្តាយ​ជំពាក់​គេ ១ លាន​រៀល ទៅ ២ លាន​រៀល ។ ចំណុច​នេះហើយ​ដែល​អាត្មាភាព​សូម​បិណ្ឌ​បាត្រ​ដល់​កូនចៅ​ទាំងឡាយ​គប្បី​គិតពិចារណា​ឡើងវិញ គប្បី​មា​នស​ត្តិ សម្បជញ្ញៈ មនសិការ ធ្វើយ៉ាងណា កុំទៅ​ស្រុកកំណើត ឬ ទៅលេង​ឳ​ពុក​ម្តាយ ឱ្យ​ឳ​ពុក​ម្តាយ​បម្រើ កុំទៅ​បង្កើត​បំណុល​ឱ្យ​ឳ​ពុក​ម្តាយ​ជា​អ្នក​សង​គេ​ឡើយ ទើប​សម​ទៅនឹង​ស្មារតី នៃ ពិធីបុណ្យ​កាន់​វិ​ណ្ឌ និង ភ្ជុំបិណ្ឌ  ។

សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ( រូបមេសា )

​ការ​បិណ្ឌ​បាត្រ​របស់​សម្តេច​បណ្ឌិត ឈឹង ប៊ុន​ឈា បែបនេះ ដោយសារ​កន្លងមក​ត្រូវបាន​កត់សម្គាល់​ឃើញថា មាន​អ្នកខ្លះ​នាឱកាស​បុណ្យទាន​ធំៗ ដូចជា​បុណ្យចូលឆ្នាំ និង បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម ពេល​ទៅលេង​ស្រុកកំណើត បន្ទាប់ពី​បាន​ជូន​លុយកាក់​តិចតួច​ដល់​ឳ​ពុក​ម្តាយ​ហើយ ក៏​នាំគ្នា​ផឹកស៊ី​សប្បាយ អស់​មាន់​អស់​ទា​ឳ​ពុក​ម្តាយ ហើយក៏​ត្រូវឱ្យ​ឳ​ពុក​ម្តាយ​ធ្វើ​បាយទឹក​ម្ហូបអាហារ ដល់​ខ្លួន ប្រពន្ធ និង កូនៗ​ខ្លួន ថែមទាំង​មិត្តភក្តិ​បន​ភឿន​របស់ខ្លួន​ទៀត ។ ពេលខ្លះ​ទិញ​គ្រឿង​ស្រវឹង​បណ្តាក់ ឬ ទិញជឿ ពី​តៀម​អ្នកលក់​ក្នុង​ស្រុកភូមិ ។ ពេលខ្លះ​ក៏​ស្រវឹង​កើត​ជម្លោះ​បង្កើតជា​ក្តីកង្វល់​ដល់​ឳ​ពុក​ម្តាយ​មួយ​ជាន់​ទៀត ។ មុនពេល​ពួកគេ​ត្រឡប់​ទៅវិញ ពួកគេ​មិនបាន​សងលុយ​កាក់​ដែល​ជំពាក់​គេ​នោះទេ ពោលគឺ​បន្សល់ទុក​នូវ​បំណុល​ឱ្យ​ឳ​ពុក​ម្តាយ​ចាស់ជរា​ជា​អ្នក​សង​គេ​ជំនួស ខណៈ​ជីវភាព​របស់​ពួកគាត់​ក្សត់ខ្សោយ​ស្រាប់ ។​

​សម្តេច​បណ្ឌិត ឈឹង ប៊ុន​ឈា បន្ថែមថា ការដែល​លើកឡើង​មកនេះ មិនមែន​មានន័យថា មិន​ទៅលេង​ស្រុកកំណើត​ឡើយ គឺ​គប្បី​ទៅ ហើយ​ការជូន​លុយកាក់​ឳ​ពុក​ម្តាយ តិច ឬ ច្រើន ក៏​មិនមែនជា​បញ្ហា​ដែរ គឺ​ធ្វើ​ទៅតាម​លទ្ធភាព​រៀងៗ​ខ្លួន ហើយ​ការជួបជុំ​ញាតិមិត្ត ក៏​ជា​រឿង​ល្អ​ដែរ គឺ​មិនអាក្រក់​ទេ ប៉ុន្តែ​កូនៗ​ទាំងឡាយ ត្រូវ​ចេះ​ប្រមាណ​ធនធាន​លុយកាក់​របស់ខ្លួន ត្រូវ​ចេះ​លៃលក​ចាយវាយ​ទៅតាម​លទ្ធភាព​របស់ខ្លួន ធ្វើយ៉ាងណា​កុំឱ្យ​ការ​ទៅលេង​របស់ខ្លួន ( កូន ចៅ ) ក្លាយទៅជា​បន្ទុក​របស់​ឳ​ពុក​ម្តាយ ទាំង​ពេល​ខ្លួន​នៅ​ទីនោះ និង ពេលដែល​ខ្លួន​ត្រឡប់​ទៅវិញ បើទោះបីជា​ឳ​ពុក​ម្តា​ជា​អ្នកក្រក្សត់ ឬ ជា​អ្នកមាន​ធូរធា​ក៏ដោយ ។​

​ខ្លឹមសារ​ដ៏​សំខាន់បំផុត​មួយ នៃ ពិធីបុណ្យ​កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ គឺ​បង្កើត​សាមគ្គីភាព សាង​បុណ្យ​កុសល សាង​ក្តី​ល្អ​ដល់​គ្នា និង គ្នា ជាពិសេស​ដល់​លោកអ្នក​មានគុណ ទាំង​នៅរស់ និង ស្លាប់​ទៅហើយ តាមរយៈ​ការធ្វើ​ទាន​ជាដើម ។ រីឯ​ទង្វើ​ទាំងឡាយ​របស់​កូនចៅ​មួយចំនួន ដូចដែល​បានលើកឡើង​ខាងដើម​នេះ គឺជា​ទង្វើ​ផ្ទុយ​ទាំងស្រុង​ពី​ខ្លឹមសារ នៃ បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ។

​តាមពិតទៅ​អត្ថន័យ នៃ ពិធីបុណ្យ​កាន់បិណ្ឌ ត្រូវ​លោកអ្នក​ប្រាជ្ញ ទទួលស្គាល់ថា មាន​ភាពទូលំទូលាយ ល្អ​វិសេសវិសាល ហើយ​បុណ្យ​នេះ មានតែ​នៅក្នុង​ប្រទេស​កម្ពុ​ជាមួយ​ប៉ុណ្ណោះ ពោលគឺ​មិនមាន​ធ្វើ​នៅ​បណ្តា​ប្រទេស​ណា​ផ្សេង​ឡើយ ។ ហេតុនេះ ទើបត្រូវ​បាន​លោកអ្នក​បញ្ញវន្ត​ទាំងឡាយ​ពោល​សរសើរ​ថា បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ គឺជា​សិល្បៈ​ល្អ​ឯក របស់​ខេ​មរ​ពុទ្ធសាសនិក នៅ​ចំពោះមុខ​ពុទ្ធសាសនិក​ប្រមាណ​ជាជាង ៧០០ លាន​នាក់​ក្នុង​លោក ក៏ដូចជា​នៅ​ចំពោះ​មនុស្ស​ក្នុង​លោក​ទាំងមូល​ដែរ ៕ Kh

​ជា​ញឹកញាប់​ការផឹកស៊ី​សប្បាយ​របស់​កូនៗ និង មិត្តភក្តិ គឺជា​មូលហេតុ​បង្កើត​បំណុល​ទុកឱ្យ​ឳ​ពុក​ម្តាយ​ជា​អ្នកដោះស្រាយ ( រូបៈ ឯកសារ )