សម្តេច​ហ៊ុនសែន​ត្រូវបាន​ជ្រើសតាំង​ជា​«​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ពិភពលោក​សម្រាប់​វិស័យ​ទេសចរណ៍​»

2618

(​ភ្នំពេញ​)៖ ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប​ជ្រើសតាំង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​​ជា « ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ពិភពលោក​សម្រាប់​វិស័យ​ទេសចរណ៍​និង​គោលដៅ​នៃ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​, Gobla Ambassador for Tuorism and Sustainable Development Goals» ។

​ពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​នឹងត្រូវ​រៀបចំឡើង​នៅ​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ នេះ​នៅ​វិមាន​សន្តិភាព​។​

​លិខិត​ជូន​ព័ត៌មាន​របស់​ក្រសួងទេសចរណ៍​ចុះ​នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ​បាន​ឲ្យ​ដឹងថា​៖​លោក​សាស្ត្រាចារ្យ​បណ្ឌិត អាន​តុ​ន កា​រ៉ា​គា (Anton Caragea)​ប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍​និង​ពាណិជ្ជកម្ម​អឺរ៉ុប​នឹង​អញ្ជើញ​ប្រគល់​វិញ្ញាបនបត្រ​ទទួលស្គាល់​សម្តេច​តេ​ជោ​​នាយករដ្ឋមន្ត្រី​ជា «​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ពិភពលោក​សម្រាប់​វិស័យ​ទេសចរណ៍​និង​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៧ ។

​ជាមួយ​នោះដែរ​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប​ក៏មាន​ការផ្តល់​ជ័យលាភី​ជូន​រាជធានី​ភ្នំពេញ​ជា​«​រាជធានី​នៃ​វប្បធម៌ និង ទេសចរណ៍​ពិភពលោក​» «World Capital of Culture and Turism» ផងដែរ​។​

​គួររំលឹកថា​កាលពី​ឆ្នាំ​២០១៦​ក្រុមប្រឹក្សា​ទេសចរណ៍​និង​ពាណិជ្ជកម្ម​អឺរ៉ុប​ក៏​ធ្លាប់បាន​ជ្រើសរើស​ព្រះរាជាណាចក្រ​កម្ពុជា​ជា​«​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក​ឆ្នាំ ២០១៦»​និង​ត្រូវបាន​ប្រកាស​ដាក់ «​កម្ពុជា​ជា​គោលដៅ​វប្បធម៌​ពេញនិយម​ក្នុង​ឆ្នាំ ២០១៦» និង បាន​បោះ ឆ្នោត​ជ្រើសតាំង​សម្តេច​តេ​ជោ ហ៊ុន សែន ជា​សមាជិក​កិត្តិយស​នៃ​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប​ន​ផងដែរ​។​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​​លទ្ធផល​នេះ​ពិតជា​បាន​ឆ្លុះបញ្ចាំង​យ៉ាង​ប្រត្យក្ស​ពី សភាពការណ៍​ពិត​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន​និង​អច្ឆរិយ​ភាព​នៃ​កម្ពុជា​ជា​គោលដៅ​​ទេសចរណ៍ «​វប្បធម៌​និង​ធម្មជាតិ​» ហើយ​បាន​កំពុង ក្លាយជា​បេះដូង​និង​ជា​គោលដៅ​ទេសចរណ៍​ថ្មី​មួយ​នៃ​តំបន់​ឤ​ស៊ី​និង​ឤ​ស៊ី​ឤ​គ្នេ​យ៍ ដែលជា​តំបន់ កំពុងមាន​និន្នាការ​រីកលូតលាស់​ខ្លាំង​ខាង​ផ្នែក​ទេសចរណ៍​ដោយ​ផ្អែកលើ​សក្តានុពល​វប្បធម៌ ប្រវត្តិ សាស្ត្រ​ធម្មជាតិ ហើយ​កម្ពុជា​បាននិងកំពុង​ដើរតួនាទី​ជា​គន្លឹះ​ក្នុង​ការតភ្ជាប់​ខ្សែ​ទស្សនកិច្ច​ទេសចរណ៍​តំបន់ ប្រកបដោយ​ភាព​ទាក់ទាញ​ខ្ពស់​មួយ​។​

​ជារួម​ប្រាសាទ​អង្គរ​ដែលជា​សម្បត្តិ​បេតិកភណ្ឌ​របស់​មនុស្សជាតិ​និង​ជា​អច្ឆរិយ​ពិភពលោក​,​ប្រាសាទព្រះវិហារ​ដែលមាន​តម្លៃ​វប្បធម៌​​ជា​សកល​និង​ពុំ​ឤ​ច​កាត់ថ្លៃ​បាន​របស់​មនុស្សជាតិ​,​ប្រាសាទសំបូរព្រៃគុក និង​ប្រាង្គ​ប្រាសាទបុរាណ​រាប់ពាន់​នៅ​ទូទាំងប្រទេស រួមទាំង​​ធនធានធម្មជាតិ​ដ៏​សំបូរបែប និង​ប្លែកៗ​នៅតាម​តំបន់​ឆ្នេរសមុទ្រ​ដែល​ត្រូវបាន​ពិភពលោក​ទទួលស្គាល់​ជា​ឆ្នេរសមុទ្រ​ដែល​ស្អាត​​ជាងគេ​បំផុត​លើ​សកលលោក​, សត្វ​ផ្សោត​ទន្លេមេគង្គ តំបន់​អេកូ​ទេសចរណ៍ ទាំង​ខាង​ភូមិភាគ​ឦ​សាន្ត​និង​និរតី​,​បឹង​ទន្លេសាប​,​ទំនៀមទម្លាប់​ប្រពៃណី និង​ភាព​រួសរាយ​រាក់ទាក់ របស់​ប្រជាជន កម្ពុជា​គួបផ្សំ​ជាមួយនឹង​កត្តា​សន្តិសុខ​សុវត្ថិភាព​នៅ​ទូទាំងប្រទេស​គឺ​​ជា​កម្លាំង​ទាក់ទាញ​ភ្ញៀវ​ទេស ចរ​យ៉ាងខ្លាំង​ឱ្យមក​ទស្សនា​កម្ពុជា​ដែល​កត្តា​ទាំងអស់នេះ​គឺ​ស័ក្តិសម​នឹង​ការ​ប្រសិទ្ធ​នាម​កម្ពុជា ជា លក្ខណៈ​អន្តរជាតិ​ថា «​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ​»​។​

​លោក ឤ​ន​តុ​ន កា​រ៉ា​ហ្គា ធ្លាប់បាន​បញ្ជាក់​រួចមក​ហើយ​ថា កម្ពុជា​ពិតជា​ស័ក្តិសម​នឹង​កិត្តិ នាម «​ព្រះរាជាណាចក្រ​អច្ឆរិយៈ​»​ហើយ​តាមរយៈ​កិត្តិនាម​នេះ​បាន​ចូលរួម​ធ្វើឱ្យ​វិស័យ​ទេសចរណ៍ កម្ពុ​ជាមាន​ភាព​រីកចម្រើន​ជា​បន្តបន្ទាប់​គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ​។

​ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៦​កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង​៥​លាន​នាក់​ក្នុង​កំណើន​៥%​។ ក្នុង​រយៈពេល​៩​ខែ ដើមឆ្នាំ​២០១៧​កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ ៣​លាន​៩​សែន នាក់ កើនឡើង​១១,៥% ធៀប នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦​។ នៅ​ឆ្នាំ​២០២០ កម្ពុជា រំពឹងថា នឹង​ទទួលបាន​ភ្ញៀវទេសចរ ប្រមាណ ៧​លាន​នាក់​។​

​ក្រុមប្រឹក្សាភិបាល​ទេសចរណ៍​និង​ពាណិជ្ជកម្ម​អឺរ៉ុប​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៥ ដោយមាន​សមាជិក​មក​ពី​ប្រទេស​ទាំង​២៧​ក្នុង​សហគមន៍​អឺរ៉ុប ។ ក្រុមប្រឹក្សា​នេះ​គឺជា​ស្ថាប័ន​ចាស់ ជាងគេ​និង​មាន​សារៈសំខាន់​ក្នុង​សហគមន៍​អឺរ៉ុប​ដែលមាន​ជំនាញ​លើ​វិស័យ​ស្រាវជ្រាវ​និង​ផ្សព្វ​ផ្សា យ​ទេសចរណ៍​ដោយមាន​ទីផ្សារ​អតិថិជន​រហូតដល់ ៨០០ លាន​នាក់​ក្នុង​ទូទាំង​សហគមន៍​អឺរ៉ុប​៕​ដោយ​៖​តារា​រិ​ទ្ធ​/sn