សម្តេច​ហ៊ុនសែន​បង្កើត​មូលនិធិ​ស៊ីក្លូ ដោយ​បោះទុន ១០០ លាន​រៀល​ដើម្បី​ជួយ​ទ្រទ្រង់​អ្នកធាក់ស៊ីក្លូ​

327

(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស​ផ្តួចផ្តើម​គំនិត​បង្កើត​មូល​​និ​ធិ​ទ្រទ្រង់​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​នៅ​កម្ពុជា ។

​គោលបំណង​នៃ​ការបង្កើត​មូល​និ​ធី​ស៊ីក្លូ​នេះ​ត្រូវបាន​សម្តេច​តេ​ជោ​បញ្ជាក់ថា​ក្នុង​គោលបំណង​ជួយ​ទ្រទ្រង់​ជីវភាព​របស់​ក្រុម​អ្នកធាក់ស៊ីក្លូ ,​ដើម្បី​អភិរក្ស​មុខរបរ​ធាក់​ស៊ីក្លូ និង ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ផងដែរ ។ សម្តេច​តេ​ជោ​និង​បោះទុន​ដំបូង ១០០​លាន​រៀល​​និង​បង់​ប្រចាំខែ​មួយខែ​១០ លាន​រៀល​ទៀត​សរុប​មួយឆ្នាំ ១២០ លាន​ដល់​មូលនិធិ​នេះ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​បែបនេះ​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​នៅ​តំបន់​ទួល​សង្កែ​រាជធានី​ភ្នំ​​ពេញ​នា​ព្រឹក​ថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០១៨ ។​

​ពាក់ព័ន្ធ​ការបង្កើត​មូល​និ​ធី​ស៊ីក្លូ​នេះ​សម្តេច​បានស្នើ​ឲ្យ​អភិបាល​ក្រុងភ្នំពេញ ធ្វើ​ការងារ​ជាមួយ​សមាគម​ស៊ីក្លូ និង លោក វន ពៅ​ដែលជា​​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចូលរួម​ផ្តល់​គំនិត​បង្កើត​នូវ​លក្ខន្តិកៈ​សម្រាប់​មូលនិធិ​នេះ​យក​តំកល់​​នៅ​ក្រសួងមហាផ្ទៃ ។​

​ការប្រកាស​បង្កើត​មូលនិធិ​ទ្រទ្រង់​អាជីព​អ្នកធាក់ស៊ីក្លូ​ធ្វើឡើង​បន្ទាប់ពី​សម្តេច​បានឮ​ពី​ការស្នើសុំ​របស់​ក្រុម​អ្នកធាក់ស៊ីក្លូ​ដែល​ចង់​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​ទ្រទ្រង់​ក្រុម​អ្នកធាក់ស៊ីក្លូ ។ នៅក្នុង​ក្របខណ្ឌ​នៃ​ការជួយ​ទ្រទ្រង់​អាជីព​អ្នកធាក់ស៊ីក្លូ សម្តេច​តេ​ជោ ហ៊ុន សែន​ក៏​សម្រេច​​ឲ្យ​កម្មករ​ដែលមាន​អាជីព​ជា​អ្នកធាក់ស៊ីក្លូ​ទទួលបាន​ការព្យាបាល​ពី​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥត​បង់ថ្លៃ​ផងដែរ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​នឹង​ឧបត្ថម្ភ​១០ លាន​រៀល​ទៀត​ក្នុង​មួយខែ ។​បានន័យថា​ខ្ញុំ​នឹង​ចំណាយ​១២០​លាន​រៀល​ថែមទៀត​ក្នុង​មួយឆ្នាំ​ហើយ​យើង​ស្វាគមន៍​ជំនួយ​សប្បុរសជន​នានា​ដែល​ចង់​ចូលរួម​ក្នុង​មូលនិធិ​នេះ​» ។ ​ជាមួយនេះ​សម្តេច​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំងអស់​ជួយ​ជិះ​ស៊ីក្លូ ដើម្បី​អភិរក្ស​មុខរបរ​មួយ​នេះ ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​ត្រឹម​គិតគូរ​អំពី​ការអភិរក្ស​និង​ទាក់ទាញ​ទេសចរ​បរទេស​ប៉ុណ្ណោះ​ទេ​ក៏ប៉ុន្តែ​សម្តេច​នូវបាន​គិតគូ​ដល់​សុខទុក្ខ​របស់​បងប្អូន​ដែល​ប្រកបរ​បរធាក់​ស៊ីក្លូ​ផងដែរ ។ ដោយ​សម្តេច​បានស្នើ​ឲ្យ​លក្ខន្តិកៈ​ដែល​សរសេរ​ចេញមក​នោះ​ត្រូវ​គិតគូ​នៅពេលដែល​​ពួកគាត់​មាន​វ័យ​ចំណាស់​មិនអាច​ប្រក​បរបរ​នេះ​បាន​ត្រូវ​ផ្តល់​ជា​ថវិកា​ដើមទុន​ដើម្បី​ឲ្យ​ពួកគាត់​អាច​ប្រកបមុខរបរ​ជ្សេ​ង​ដើម្បី​ចិញ្ចឹមជីវិត​បន្តទៀត ។​

​បើតាម​លោក អ៊ឹម សម្បត្តិ ប្រធាន​សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ នៅក្នុង​រាជធានី​ភ្នំពេញ​ប​ច្ចប្ប​ន្ន​មាន​ចំនួន​ស៊ីក្លូ​សរុប​ប្រមាណ ៤០០​គ្រឿង ។ ប៉ុន្តែ​មាន​អ្នក​ប្រកប​អាជីព​ជា​អ្នកធាក់ស៊ីក្លូ​នេះ​មាន​ប្រមាណ​ជាង ២០០ នាក់​ប៉ុណ្ណោះ​។​ ​

​ចំណែក លោក វន ពៅ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា លោក​គាំទ្រ​គំនិត​បង្កើត​មូលនិធិ​នេះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។ លោក វន់ ពៅ បាន​បញ្ជាក់ថា​មូលនិធិ​នេះ​នឹង​ជួយ​ដោះស្រាយ​ការលំបាក និង ជីវភាព​របស់​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ ។​ម្យ៉ាងទៀត​វា​ក៏​នឹង​​ជួយ​ដល់​ការអភិរក្ស​របរ​ស៊ីក្លូ​ដែលជា​របរ​ដឹកជញ្ជូន​បែប​បុរាណ​មួយ​ហើយ​ដែល​បាន​ក្លាយជា​អត្តសញ្ញាណ​របស់​រាជធានី​ភ្នំពេញ​ផងដែរ​៕ ដោយ​៖​តារា​រិ​ទ្ធ​/sn