សម្តេច​ហ៊ុនសែន​បង្ហាញ​មហិច្ឆតា​ចង់​ឲ្យ​កំពង់ទឹក​ក្រុងព្រះសីហនុ​អាច​ទទួល​នាវា​ចំណុះ​១០ ម៉ឹ​ន​តោន​ចូល​ចត​បាន​

943
ចែករម្លែក

​ដោយ : ​តារា​រិ​ទ្ធ​ / ព្រះសីហនុ ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានបង្ហាញ​មហិច្ឆតា​ក្នុងការ​ជំរុញ​ឲ្យ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្លាយជា​កំពង់ផែ​អន្តរជាតិ​មួយ​ដែល​អាច​ឲ្យ​នាវា​ចំណុះ​រហូតដល់ ១០ ម៉ឺន​តោន​ចូល​ចត​បាន​នាពេល​អនាគត ។ ខណៈពេលដែល​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​អាច​ស្រូបយក​នូវ​ចំណែក​ទីផ្សារ​រហូតដល់​ជាង ៧០ភាគរយ នៃ​ចរាចរណ៍​ទំនិញ​ចេញ​-​ចូល​សរុប​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​ពី​មហិច្ឆតា​របស់ខ្លួន​នៅក្នុង​ពិធី​សម្ពោធ​ផែ​ពហុ​បំណង នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ដែលជា​ប្រាក់​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន​តម្លៃ​ប្រមាណ៧៤លាន​ដុល្លារ នា​ព្រឹក​ថ្ងៃទី ២៥ ខែមិថុនា នេះ ។​

​ចំណត​ផែ​ពហុ​បំណង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅថ្ងៃនេះ​រួមមាន ៖ ចំណត​ផែ​ទំនិញ​រាយ​ប្រវែង​៣៣០​ម៉ែត្រ​ជម្រៅ​ទឹក​១៣,៥​ម៉ែត្រ​,​ចំណត​ផែ​មូលដ្ឋាន​ផ្គត់ផ្គង់​ភស្តុភារ​សម្រាប់​ការរុករក​ប្រេង​ប្រវែង ២០០ ម៉ែត្រ​ជម្រៅ​ទឹក ៧,៥​ម៉ែត្រ និង ការផ្គត់ផ្គង់​នាវា​សណ្តោង (Tugboat) ក្រោម​ហិរញ្ញប្បទាន​សម្បទាន​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ៧៤ លាន​ដុល្លារ​ពី​រដ្ឋាភិបាល​ជប៉ុន​តាម រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ក្នុង​ក្របខណ្ឌ​នៃ​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​ពហុ​បំណង​នៃ​កំពង់ផែ​ក្រុងព្រះសីហនុ​រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​សម្រាប់​ទ​ទួល​បន្ទុក​លើ​ការបង់ពន្ធ និង​អាករ​ផ្សេងៗ ។ កំពង់ផែ​ថ្មី​នេះ​អាច​ឲ្យ​នាវា​ចំណុះ​ពី ៥ ម៉ឺន​តោន​អាច​ចូល​ចត​បាន ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖ “​យើង​មិន​ស្កប់ស្កល់​ត្រឹម​ប៉ុណ្ណឹង​ទេ យើង​ត្រូវធ្វើ​បន្តទៀត​ដើម្បី​ឲ្យ​ជម្រៅ​ទឹក​របស់​យើង​ឈានដល់ ១៤,៥ ម៉ែត្រ ដែល​អាច​ចូល​នាវា​បាន​រហូតដល់ ៦ ម៉ឺន​តោន​” ។
​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា​គម្រោង​ពង្រីក​ផែ​នេះ​មាន​ឥណទាន​រួចហើយ ដែល​បាន​ចុះហត្ថលេខា​តាំងពី​ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៧ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ទៅកាន់​ប្រទេស​ជប៉ុន​ដែលមាន​ទឹកប្រាក់​យ៉េន ២៣.៥០២ លាន​យ៉េន ស្មើ​និង​ប្រមាណ ២០៣ លាន​ដុល្លារ​សម្រាប់​ការអភិវឌ្ឍ​កំពង់ផែ​នេះ ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​ទោះបីថា​យ៉ាងណា​ក៏​យើង​នៅតែ​មិនទាន់​ស្កប់ស្កល់​នោះដែរ ដោយសារ​តម្រូវ​នៃ​ការដឹកជញ្ជូន​នៅក្នុង​ប្រទេស​របស់​យើង ។ សម្តេច​បាន​បន្តថា​ប្រទេស​កម្ពុ​ជាប​ច្ច​ប្បន្ន​មិនមែន​គ្រាន់តែ​ជា​ប្រទេស​សម្រាប់​ទទួល​ជំនួយ​ប៉​ន្មា​ន​ពាន់​តោន​នោះទេ ។ ក៏ប៉ុន្តែ​វា​បាន​ក្លាយជា​ប្រទេសមួយ​ដែលមាន​ការដឹក​ទំនិញ​ចេញ​និង​ដឹកទំនិញ​ចូល ។ មុននេះ​នាវា​ធំៗ​ដែល​ដឹកទំនិញ​ចេញពី​កម្ពុជា គេ​ឈប់​សំចត​នៅ​ហូជីមិញ ឬ នៅ​សឹង្ហ​បុរី ហើយ​កម្ពុជា​ត្រូវ​ដឹកទំនិញ​តាម​នាវា​តូច ៗ​ទៅ​ផ្ទេរ​នៅ​ទីនោះ ហើយ​នៅពេលដែល​នាវា​ចំណុះ​លើសពី ១ ម៉ឺន​តោន​ដឹកទំនិញ​ចូលមក​កម្ពុជា ក៏ត្រូវ​ផ្ទេរ​ផ្ទុកទំនិញ​ដូចគ្នា ។ ដូចនេះ​ត្រូវធ្វើ​ការផ្ទេរ​ផ្ទុកទំនិញ​ដល់​ទៅ ២ ដង​ដែល​ធ្វើ​ឲ្យ​ថ្លៃ​ដឹកជញ្ជូន​របស់​យើង​មានតម្លៃ​ខ្ពស់​នៅក្នុង​ក្របខណ្ឌ​ប្រទេស​នៅក្នុង​តំបន់ និង ចំណាយពេល​ច្រើន ។ ក៏ប៉ុន្តែ​ប​ច្ចប្ប​ន្ន​យើង​អាច​ឲ្យ​នាវា​ចំណុះ ៥ ម៉ឹ​ន​តោន​ចូល​ចត​បាន​នៅ​កំពង់ផែ​នេះ​តែម្តង ។ ក៏ប៉ុន្តែ​ទោះបីយ៉ាងណា​វា​នៅតែ​មិនទាន់ គ្រប់គ្រាន់​សម្រាប់​យើង ដូចនេះ​ដម​ណាក់​កាល​ទី​៦ នេះ​មិនមែនជា​ដំណាក់កាល​ចុងក្រោយ​នោះទេ យើង​ត្រូវ​ចាប់ផ្តើម​ធ្វើការ​សិក្សា​បន្ត​ទៀត​តាមរយៈ JICA ដែល​និង​ធ្វើ​កិច្ចសហការ​ជាមួយ​យើង​បន្តទៀត ដើម្បី ធ្វើ​ឲ្យ​កំពង់ផែ​របស់​យើង​កាន់តែ​មាន​សម​ត្តភាព​អាច​ទទួលបាន​នាវា​ចំណុះ ដល់ ១០ ម៉ឹ​ន​តោន​ចូល​ចត​បាន ។ ព្រោះ​កំពង់ផែ​ទឹក​ជ្រោ​របស់​យើង​នេះ​បាន​គ្រប់​ដណ្តប់​ទៅលើ​ការដឹកជញ្ជូន​ប្រមាណ​ជាង ៧០ ភាគរយ​នៅក្នុង​ប្រទេស ៕