សម្តេច​ហ៊ុនសែន​ប្រកាសថា​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​ក្នុង​ឆ្នាំ ២០១៩នេះ​មិន​ទាប​ជាង ១៨០ ដុល្លារ​នោះទេ​

825
ចែករម្លែក

ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែននាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាសថា​ប្រាក់​ ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​កាត់ដេរ​សម្រាប់​ឆ្នាំ ២០១៩ ខាងមុខ គឺ​មិន​ក្រោម​១៨០​ដុល្លារ​ទេ ។​ការប្រកាស​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​ដូច្នេះ​ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​មុនពេល​ក្រុមការងារ​ត្រីភាគី​ចរចា​ប្រាក់​ឈ្នួល​កម្មករ​ត្រូវ​ប្រជុំគ្នា​ជា​លើកចុងក្រោយ​នៅ​រសៀល​ម៉ោង​២​ថ្ងៃទី ៥ ខែ តុលា នេះ​ដើម្បី សម្រេច​ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ​២០១៩​។​

​ការចរចា​ប្រាក់​ឈ្នួល​ដែល​ចាប់ផ្ដើម​តាំងពី​ខែកញ្ញា​នឹងត្រូវ​បិទ​បញ្ចប់​ជា​ផ្លូវការ​ហើយ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​តាមរយៈ​កិច្ចប្រជុំ​លើក​ទី ១០ និង​ជា​លើកចុងក្រោយ​របស់​ក្រុមការងារ​ត្រីភាគី​។ ក្រុមការងារ​ត្រីភាគី​ដែលមាន​សមាសភាព​មក​ពី​រាជរដ្ឋាភិបាល តំណាង​ថៅកែ​រោងចក្រ និង​សហ ជីព​ដែលជា​តំណាង​កម្មករនិយោជិត​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖«ប្រាក់​ឈ្នួល​កម្មករ​នៅ​ឆ្នាំ២០១៩នេះ​ទាប​បំផុត​ក៏​ត្រឹម ១៨០ ដុល្លារ »   ។ សម្តេច​បន្តថា​នៅ​ល្ងាច​នេះ​ក្រុមការងារ​ត្រីភាគី​និង​ពិភាក្សា​បញ្ចប់​អំពី​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​រាជរដ្ឋាភិបាល​បាន​ខិតខំ​បញ្ចុះតម្លៃ​អគ្គិសនី ដែល​នេះ​ជា​ផ្នែក​មួយ​ជួយ​បង្កើន​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ ។ ជាមួយនេះ​សម្តេច​តេ​ជោ​ហ៊ុន សែន​ក៏បាន​លើកឡើង​ផងដែរ​ថា ប្រាក់​ឈ្នួល​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន​ខ្ពស់​ជា​ប្រទេសជិតខាងដូចជា​នៅ​វៀតណាម ឡាវ ឥណ្ឌូនេស៊ី និងបង់ ​ក្លា​ដេ​ស ខណៈដែល​ប្រទេស​ទាំងអស់នោះ​មាន​ធនធានមនុស្ស​ច្រើន និង តម្លៃ​ពលកម្ម​ថោក​ជាង​នៅ​កម្ពុជា ។​

​នៅក្នុង​កិច្ចប្រជុំ​ថ្ងៃ​សុក្រ​នេះ ភាគី​ទាំង​៣ នឹង​បោះឆ្នោត​ជ្រើស​យក​តួលេខ​មួយ​ក្នុងចំណោម​តួលេខ​ចំនួន​ពីរ ដើម្បី​កំណត់​ជា​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០១៩ ។ តួលេខ​ទាំងពីរ​នោះ​គឺ១៧៧ ដុល្លារដាក់ចេញ​ដោយ​ភាគីរដ្ឋាភិបាល​ និង​ថៅកែ​រោងចក្រ និង ១៨២ ដុល្លារ​ពី​ខាង​សហ ជីព​តំណាង​ឲ្យ​កម្មករ​។​

​ក្រៅពី​ចង់បាន​ប្រាក់​ឈ្នួល​១៨២​ដុល្លារ​សម្រាប់​កម្មករ​ផ្នែក​កាត់ដេរ​និង​វាយ​ន​ភណ្ឌ​ក្នុង​ឆ្នាំ២០១៩ហើយ​ភាគី​សហជីព​ បានស្នើ​ទៅ​រា​រដ្ឋា​ភិ បាល​ឲ្យ​បន្ត​បញ្ចុះតម្លៃ​និង​ពង្រីក​សេវា​ទឹក​ភ្លើងបញ្ចុះ​ថ្លៃឈ្នួល​បន្ទប់ពង្រឹង​សេវា​សុខាភិបាលដក​ ពាក្យបណ្ដឹង​ប្រឆាំងនឹង​សហជីព និង​កុំ​ឲ្យ​យកពន្ធ​លើ​ស្លាក​យីហោ​និង​ប្រាក់ចំណូល​ផ្សេងៗ ។ សម្រាប់​និយោជក​វិញ​សហជីព​ចង់​ឲ្យ​ផ្ដល់ប្រាក់​ថ្លៃ​ដឹកជញ្ជូន និង​អាហារ​ថ្ងៃត្រង់​បន្ថែមទៀត​សម្រាប់​កម្មករ​។​

​ចាប់តាំងពី​ឆ្នាំ ២០១៣​មក ប្រមុខ​រាជរដ្ឋាភិបាល​សម្តេចហ៊ុន សែន បាន​យកចិត្ត​យ៉ាងខ្លាំង​ចំពោះ​កម្មករ​កាត់ដេរ​ ជាពិសេស ដោយបាន​ផ្ដល់​អត្ថប្រយោជន៍​ផ្សេងៗ​ជាប់​មិនចេះ​ដាច់។ក្រៅពី​ការសម្របសម្រួល​ឲ្យ​មាន​ការចរចា​ប្រាក់ ​ឈ្នួល​ជា​រៀងរាល់ឆ្នាំ​សម្តេច ហ៊ុន សែន បានផ្ដល់​អ្វីដែល​សម្តេច​ហៅថា «​កាដូ​» សម្រាប់​កម្មករ​ដូចជា​ការ​ជិះ​រថយន្តក្រុង​ឥតគិតថ្លៃ មិនចាំបាច់​បង់ថ្លៃ​គាំពារ​សុខភាព​និង​កំណត់​ឲ្យ​មាន​ប្រាក់​ចូលនិវត្តន៍​ចាប់ពី​ឆ្នាំ​២០១៩​តទៅ។ចុង​ ក្រោយនេះ​រាជរដ្ឋាភិបាល​បានកំណត់​ឲ្យ​ថៅកែ​រោងចក្រ​បើកប្រាក់​ខែ​ឲ្យ​កម្មករ ២ សប្ដាហ៍​ម្ដង ចាប់ពី​ខែមករា​ឆ្នាំ​២០១៩​តទៅ​ដែរ ៕