សម្តេច​ហ៊ុនសែន​សន្យា​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​៣ ​នៅ​មី​យ៉ាន់​ម៉ា ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​រវាង​ប្រជាជាតិ​អាស៊ី​ប៉ាស៊ីហ្វិក

203
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នៅ​រសៀល​ថ្ងៃទី​១៩​ខែវិច្ឆិកាឆ្នាំ​២០១៩ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ អនុញ្ញាត​ឲ្យ​លោក យូ ហេន​រី វ៉ាន់​ធៀ (U Henry Van Thio)អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ​ចូលជួប​ពិភាក្សាការងារនៅ​វិមាន​សន្តិភាព​។​នៅក្នុង​ជំនួបនោះ​ សម្ដេច​តេ​ជោហ៊ុនសែន បានបញ្ជាក់​ជូន​លោក​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ថា ស​ម្តេច​នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី៣ នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​ ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​រវាង​ប្រជាជាតិ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក៏ដូចជា​រួមចំណែក​ក្នុង​ការកសាង​សន្តិភាព​សម្រាប់តំបន់​ផងដែរ​។ នេះ​បើ​យោងតាម​ការឱ្យ​ដឹង​រប​ស់លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​។​

​សម្តេច​បាន​ស្វាគមន៍​និង​អរគុណ​ចំពោះលោក U Henry Van Thio ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​២ (2nd Asia Pacific Summit)​ដែលជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​បង្ហាញ​ពី​សាមគ្គីភាព​ក្នុងចំណោម​ប្រជាជាតិ​អាស៊ី​ប៉ាស៊ីហ្វិក និងបានបង្ហាញ​អំពី​សាមគ្គីភាព​រវាង​មី​យ៉ាន់ម៉ា​និង​កម្ពុជា​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ផងដែរ​។​

​លោក U Henry Van Thio បាន​មានប្រសាសន៍ថា​ លោក​ពិតជា​រីករាយ​ណាស់​ដែល​បានមក​ចូលរួម​ក្នុង​វេទិកា​អាស៊ី​ប៉ាស៊ីហ្វិក​នេះ​និង​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និងសូម​អបអរសាទរ​ចំពោះ​ជោគជ័យ​ក្នុងការ​ប្រព្រឹត្ត​នៃ​កិច្ចប្រជុំកំពូល​នេះ។​ទន្ទឹមនឹងនេះលោក U Henry Van Thio បាន​រំលឹក​ពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​-​មី​យ៉ាន់​ម៉ា​ គឺថា​ឆ្នាំក្រោយ​ជា​ខួប ៦៥​ឆ្នាំ​នៃ​ទំនាក់ទំនងការទូត​នៃ​ប្រទេស​យើង​ទាំងពីរ​លើសពីនេះ​ទៀត​ដែរ​ក្រៅពី​ទំនាក់ទំនង​ទេ្វ​ភាគី​គឺ​ប្រទេស​យើង​ទាំងពីរ​ក៏មាន​កិច្ចទំនាក់ទំនង​ក្នុង​តំបន់​និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​អាស៊ាន ​រួមទាំង​កិច្ចប្រជុំ​កំពូល​ផ្សេងទៀត​ជាច្រើន​ផងដែរ​។​ប្រទេស​ទាំងពីរ​ក៏មាន​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ទៀត​ ដូចជា​វេទិកា​តំបន់​ វេទិកា​អាស៊ាន CLMV និង GMS ជាដើម ។ ជាងនេះទៀត​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​ពិភាក្សាគ្នា​ក្នុងការ​ធ្វើយ៉ាងណា​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វិស័យ​វប្បធម៌ អប់រំ និង ទេសចរណ៍​បន្ថែមទៀត​ផងដែរ​ ដោយសារ​កន្លងមក​ប្រទេស​ទាំងពីរ​មាន​កិច្ចព្រមព្រៀង​មួយចំនួន​ហើយ ​ដូច្នេះធ្វើយ៉ាងណា​ជំរុញ​វិស័យ​ទាំងនេះ​ជាពិសេស​ការហោះហើរ​ត្រង់ ។ពាក់ព័ន្ធ​វិស័យ​អប់រំ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រីហ៊ុនសែន​បានស្នើ​ឲ្យ​ជំរុញ​ការផ្លាស់ប្តូរនិស្សិត​តាមរយៈ​ការផ្ដល់​អាហារូបករណ៍​គ្នា​ទៅវិញទៅមក ។ កន្លងមក​ក្នុងការ​បំពេញ​ទស្សនកិច្ច​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី នៅ​កម្ពុជា ​រាជរដ្ឋាភិបាលកម្ពុជា​បានផ្ដល់​អាហា រូបករណ៍​ដល់​និស្សិត​មី​យ៉ាន់​ម៉ា​ចំនួន ១០ កន្លែង​ ហើយ​សូម​ឲ្យ​ភាគី​មី​យ៉ាន់​ម៉ា​ពិនិត្យ​ឆ្លើយតប​ដើម្បី​ឲ្យ​មាន​កិច្ចព្រមព្រៀង​ជាមួយគ្នាលើ​បញ្ហា​នេះ​។​

លោក U Henry Van Thio បាន​បន្ដថា ​នៅ​ឆ្នាំ​ក្រោយនេះ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ានឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​៣ ដែល​លើក​ទី​២​ធ្វើ​នៅ​កម្ពុជា​និង​លើក​ទី​១​ធ្វើ​នៅ​ប្រទេស​នេ​ប៉ាល់​។​ដូច្នេះ​លោក​បាន​ពាំ​នាំនូវ​ការអញ្ជើញ​ដោយផ្ទាល់​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដើម្បីទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​៣​ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ ហើយ​សម្ដេច​តេ​ជោ​បាន​សន្យាថា​នឹង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ា​ស៊ីហ្វិ​ក​លើក​ទី​៣​នេះ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​រវាង​ប្រជាជាតិ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ក៏ដូចជា​រួមចំណែក​ក្នុង​ការកសាង​សន្តិភាព​សម្រាប់​តំបន់​ផងដែរ ។ លោក​អនុ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ក៏បាន​ថ្លែង​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​សន្យាថា​នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​ប៉ាស៊ីហ្វិក​លើក​ទី​៣ នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​៕BR/Ha