នាយករដ្ឋមន្រ្តីកម្ពុជាមានមោទនភាព​ចំពោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ថៃ​

1483
ចែករម្លែក
  • 23
    Shares

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានបង្ហាញ​នូវ​មោទនភាព ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ថៃ នាពេល​ប​ច្ច​ប្បន្ន​។ ជាមួយនេះ សម្តេច​តេ​ជោ​ហ៊ុនសែន ក៏បាន​ស្នើ​ឲ្យ​មានការ​ត​ពិនិត្យ​បន្ថែមទៀត​នូវ​សក្តានុពល ដែល​ប្រទេស​ទាំងពីរ​មាន ដូចជា​វិស័យ​ទេសចរណ៍ វិនិយោគ ពាណិជ្ជកម្ម និង សេដ្ឋកិច្ច​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​បែបនេះ នៅក្នុង​ឱកាស​អនុញ្ញាត​ឲ្យ លោក ប​ញ្ញ​យ៉ា​រ៉ា​ក់ ពុល​ថាប់ (Panyarak Poolthup) ឯកអគ្គរាជទូត​ថ្មី នៃ​ប្រទេស​ថៃ ប្រចាំ​ព្រះរាជណាចក្រ​កម្ពុជា ចូលជួប​សំដែង​ការគួរសម នា​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា​នេះ នៅ​វិមាន​សន្តិភាព​។

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​បាន​ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា លោក ប​ញ្ញ​យ៉ា​រ៉ា​ក់ ពុល​ថាប់ (Panyarak Poolthup) ឯកអគ្គរាជទូត​ថ្មី​នៃ​ប្រទេស​ថៃ ប្រចាំ​ព្រះរាជណាចក្រ​កម្ពុជា បាន​ជំរាបជូន​ថា បេសកកម្ម​ការទូត របស់លោក មកកាន់​កម្ពុជា​ពេលនេះ ធ្វើយ៉ាងណា ពង្រឹង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ អោយ​កាន់តែខ្លាំង​ឡើង ពង្រឹង​នូវ​សុខសន្តិភាព ជាពិសេស ទំនាកទំនង នៃ​ការរស់នៅ​រវាង​ប្រជាជន អោយមាន​ភាព​ជិតស្និត​ថែមទៀត​។

​ជាក់ស្តែង​លោក​ក៏បាន​ជួបពិភាក្សា​ជាមួយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដើម្បី​ស្វែងរក​ចំណុចរួម​ក្នុង​ការជំរុញអោយ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​មាន​កំណើន តាមរយៈ​ការធ្វើដំណើរ​ទស្សនកិច្ច​រវាង​កម្ពុជា និង​ថៃ​។​

ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សម្តែង​ការអបអរសាទរ​ចំពោះ​ការតែងតាំង​លោក ប​ញ្ញ​យ៉ា​រ៉ា​ក់ ពុល​ថាប់​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ថៃ​ប្រចាំ​ព្រះរាជណាចក្រ​កម្ពុជា​។ ទន្ទឹមនេះ សម្តេច​តេ​ជោ​បាន​សម្តែង​នូវ​មោទនភាព​ចំពោះ​ទំនាក់ទំនង​រវាង ប្រទេស​កម្ពុជា និង​ថៃ ដែលមាន​នៅពេលនេះ ដោយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មានការ​កើនឡើង ហើយ​កម្លាំង​ទិញ​របស់​កម្ពុជា​ក៏មាន​ធំ​ផងដែរ​។​

​ចំណែក​ផ្លូវដែក​រវាង​ប្រទេស​ទាំងពីរ​ត្រូវបាន​ត​ភ្ជាប់​ហើយ​ដូចនេះ​ប្រទេស​ទាំងពីរ គ​ម្បី​ពិនិត្យមើល​បន្ថែមទៀត​លើ​សក្តានុពល​ដែលមាន​ស្រាប់​និង​មិនទាន់មាន​ដែល​អាច​ជំរុញ​លើ​វិស័យ​ទេសចរណ៍​ផង និង ជំរុញ​ការវិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច​ផង​។​

​យោងតាម​របាយការណ៍​របស់​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​បានបញ្ជាក់​ថា​នៅ​ឆ្នាំ​២០១៧​ទំហំ​ពា​ណិ ជ្ជ​កម្ម​រវាង​ប្រទេស​ជាប់​ព្រំដែន​គ្នា​ទាំង ២ នេះ មាន​រហូតដល់​ជាង ៦.១៦៤​លាន​ដុល្លារ​កើនឡើង​១០​ភាគរយ​បើ​ធៀប​ឆ្នាំ​២០១៦ ដែលមាន​ចំនួន​ជាង ៥.៦០៩​លាន​ដុល្លារ​។​

​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា​ទំហំ​នៃ​ការ​នាំចូល​ទំនិញ​របស់​កម្ពុជា ទៅកាន់​ប្រទេស​ថៃ តិចជាង​ថៃ​នាំ​ចូលមក​កម្ពុជា​រហូត​ដល់​ជិត​៦​ដង ។ ដោយ​កម្ពុជា​នាំចេញ​ទៅ​ប្រទេស​ថៃ មាន​ចំនួន​ជាង ៨៩៤​លាន​ដុល្លារ ធ្លាក់ចុះ​៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៦ ដែលមាន​ចំនួន​ជាង ៩៣៧​លា​នុដ​ល្លារ​។ ចំណែកឯ​ថៃ​នាំ​ចូលមក​កម្ពុ​ជាមាន​ចំនួន​ជាង ៥.២៦៩​លាន​ដុល្លារ​កើនឡើង​ជិត​១៣​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​ត្រឹមតែ​ជាង​៤.៦៧១​លាន​ដុល្លារ​។​

​សូមបញ្ជាក់ថា កម្ពុជា និង​ថៃ គឺជា​ប្រទេស​ភូមិ​ផង​របង​តែមួយ មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ខ្លាំងក្លា ដូច​ប្រទេស​វៀតណាម​ផងដែរ ។ ផលិតផល​ដែល​កម្ពុជា​នាំចេញ​ទៅ​ថៃ​ភាគច្រើន​ជា​កសិផល រួមមាន​ដូចជា ពោត ដំឡូង​មី សណ្តែក ជាដើម​។ ខណៈ​ប្រទេស​ថៃ​នាំ​ចូលមក​កម្ពុជា​វិញ មានដូចជា គ្រឿងចក្រ ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច ប្រេងឥន្ធនៈ សំភារៈ​សំណង់ គ្រឿងឧបភោគ​បរិភោគ គ្រឿងសម្អាង សម្ភារៈ​ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​ជាដើម​៕ ល​/មន