សម្តេច​ហ៊ុនសែន​៖ ត្រូវមាន​ការគិតគូរ​ពី​សំណាញ់​សុវត្ថិភាព​សង្គម​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤

1554
ចែករម្លែក

ដោយ​តារា​រិ​ទ្ធ / ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សំដែង​នូវ​ការព្រួយបារម្ភ​អំពី​បញ្ហា ដែល​នឹង​កើតមានឡើង នៅ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។ ដោយ​សម្តេច​បានចាត់ទុក​ថា នេះ​មិនមែនជា​បញ្ហា​ដាច់ដោយឡែក​ទេ តែ​វា​ជា​បញ្ហា​ប្រឈម​មួយ​ដែល​ទាក់ទង​ទៅ​បញ្ហា​សំណាញ់​សុវត្ថិភាព​សង្គម​។​ ​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​បែបនេះ នៅក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​សម្រាប់​ឧស្សាហូបនីយកម្ម​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​» នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមីនា នេះ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖ “​ឥឡូវ​បច្ចេកវិទ្យា​វា​លឿន​ហើយ​វា​ច្បាស់ ជាការ​ជំរុញ​ទៅដល់​កំណើនសេដ្ឋកិច្ច នៃ​ការលូតលាស់​នៃ​ប្រទេស​នានា​។ ប៉ុន្តែ​បញ្ហា​ត្រូវតែ​គិត​ឲ្យ​ច្បាស់​នៅត្រង់ចំណុច​នេះ​ថា បើ​មនុស្ស​យន្ត​ធ្វើការ​ជំនួយ​មនុស្ស​ហើយ តើ​មនុស្ស​មានការ​ងារ​ធ្វើ​ពី​ណា​ទៀត នេះហើយ​ជា​បញ្ហា​សង្គម​ដែល​វា និង​កើតឡើង​នៅក្នុង​សម័យ​បដិវត្ត​ឧស្សាហកម្ម​ទី​៤ វា​និង​លេចចេញ​នូវ​បញ្ហា​នេះ​។ វា​មិនមែនជា​បញ្ហា​ដាច់ដោយឡែក​ទេ តែ​វា​ជា​បញ្ហា​ប្រឈម​មួយ​ទាក់ទង​ទៅ​បញ្ហា​សំណាញ់​សុវត្ថិភាព​សង្គម​”​។​

​សម្តេច​តេ​ជោ​បាន​លើកឡើងថា​៖​ឥឡូវនេះ​គ្រាន់តែ​ឧស្សាហកម្ម​នៅ​ក្នុ​ប្រទេស​យើង ដែល​កំពុងដំណើរការ​ឧស្សាហកម្ម​អតិពលកម្ម​ពេលដែល​យើង​ដាក់ចេញ​គោលនយោបាយ​ឧស្សាហកម្ម​ថ្មី ២០១៥-២០២៥ ដែលមាន​ទិសដៅ​ទាញយក​នូវ​ឧស្សាហកម្ម​ដែលមាន​ការកែច្នៃ​និង​តម្លៃបន្ថែម​និង​ឧស្សាហកម្ម​ដែលមាន​កំរិត​បច្ចេកវិទ្យា​ខ្ពស់​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​៖ នៅពេល​ខាងមុខនេះ​ប្រទេសមួយ​ចំនួន​គ្រាន់តែ​ការលើក​ម្ហូប​ក៏​ប្រើ​មនុស្ស​យន្ត​ទៅហើយនោះ តើ​មនុស្ស​ដែល​ធ្លាប់​លើក​ម្ហូប​នោះ​ទៅណា ? មិនមែន​គ្រាន់តែ​ជាការ​សម្បាយ​ជាមួយ​ការរីកលូតលាស់​ទៅលើ​បញ្ហា​ទាក់ទង​ជាមួយ​បច្ចេកវិទ្យា​នោះទេ​។ ក៏ប៉ុន្តែ​បច្ចេកវិទ្យា​នោះ វា​ក៏បាន​នាំមក​នូវ​ផលវិបាក​ជៀស​មិន​រួច ទៅលើ​បញ្ហា​មនុស្ស​ជាច្រើន ដែល​ត្រូវ​កាត់​ចេញពី​បណ្តា​ក្រុមហ៊ុន ដែលមាន​បច្ចេកវិទ្យា​ខ្ពស់​។ តើ​ពួកគេ​រស់​ដោយសារ​អ្វី​ទៀត ហើយ​ពួកគេ​ត្រូវ​ទទួលបាន​ការធានា​បែបណា ដើម្បី​មានការ​ងារ​ធ្វើ​នោះ​។ ចំណុច​ទាំងនេះ​ជា​ចំណុច​ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​គិតគូរ​ទុកជាមុន អំពី​វិធានការណ៍​ទាំងឡាយ ដើម្បី​ធានាថា ពលរដ្ឋ​ដែល​បាត់បង់​ការងារ​ធ្វើ​ដោយសារតែ​បច្ចេកវិទ្យា​ជឿនលឿន​នេះ នឹងមិន​ត្រូវបាន​ដាក់​ឲ្យ​នៅក្រៅ​ដំណើរការ នៃ​ការរីកលូតលាស់​នៃ​សង្គម​មួយ​នោះទេ​៕L