សម្តេច​ហ៊ុន សែន អញ្ជើញ​បើក​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី ៣ ស្ដីពី​កិច្ចសហ ប្រតិបត្តិការ​លើ​វិស័យ​ការងារ​សម្រាប់​ប្រទេស CLMTV

152
ចែករម្លែក

ដោយ:តារារិទ្ធិ/​សៀមរាប​ ៖ ​សម្ដេច​អគ្គមហាសេនា​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​បើក​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី ៣ ស្ដីពីកិច្ចសហប្រតិ​បត្តិការ​​លើ​វិស័យ​ការងារ​សម្រាប់​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា​ថៃ និង វៀតណាម CLMTV ក្រោម​ប្រធានបទ “​ការ​ឆ្ពោះទៅកាន់​កិច្ច​គាំពារ​ពលករ​ទេស​ន្ត​ប្រវេសន៍​នៅក្នុងប្រទេស CLMTV : កិច្ចសហប្រតិបត្តិការ​វិស័យ​សន្តិសុខ​សង្គម​” នៅ​ព្រឹក​ថ្ងៃទី១៧ ខែកញ្ញា នេះ​នៅ​ខេត្ត សៀមរាប ។​

តាម​សុន្ទរកថា​ស្វាគមន៍​និង​របាយការណ៍​របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា ឆ្នាំនេះ​ក្រសួង​ការងារ ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ការងា​រលើ​ក​ទី​៥ និង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​៣ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ សម្រាប់​ប្រទេស​កម្ពុជា​ ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម ក្រោម​ប្រធានបទ “​ការ​ឆ្ពោះទៅកាន់​កិច្ច​គាំពារ​ពលករ​ទេស​ន្ត​រ​ប្រវេសន៍​នៅក្នុង​ប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការ​វិស័យ​សន្តិសុខ​សង្គម​” ។

កិច្ចប្រជុំ​នេះ មាន​គោលបំណង​សំខាន់ គឺ​ដើម្បី​ពិភាក្សា​ស្វែងរក​ក្របខ័ណ្ឌ​រួមមួយ​ពាក់ព័ន្ធ​នឹង​ការធ្វើ​ចល័តភាព​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៅក្នុង​ប្រទេស CLMTV មានដូចជា លើកកម្ពស់​បន្ថែមទៀត​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​ក្នុងប្រទេស CLMTV និង​ជំរុញឱ្យមាន​ការបន្ត​ការចែករំលែក​បទពិសោធ​ន៍ និង​ការអនុវត្ត​ល្អៗ ក្នុងចំណោម​ប្រទេស CLMTV​ពាក់ព័ន្ធ​នឹង​ការការពារ និង​ការលើកកម្ពស់​សិទ្ធិពល​ករ​ទេសន្តរប្រវេសន៍ ជាពិសេស​ចល័តភាព​នៃ​របប​សន្តិសុខសង្គម​។

កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ ក្នុង​ក្របខ័ណ្ឌ CLMTV ត្រូវបាន​ចាប់ផ្តើម​ឡើង​ក្នុង​ឆ្នាំ​២០១៥ នៅ​ប្រទេស​ថៃ ស្របតាម​ស្ថានភាព​ជាក់ ស្ដែង នៃ​តម្រូវការ​ប្រទេស​ទាំង​៥​នេះ​។​តាមរយៈ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ ក្រុម​ប្រទេស CLMTV បាន​រួមគ្នា​ផ្តួចផ្តើម​គិតគូរ​ជាពិសេស​លើ ចល័តភាព នៃ​របប​សន្តិសុខ​សង្គម សម្រាប់​ពលករ​ទេសន្តរប្រវេសន៍ នៃ​បណ្តា​ប្រទេស​ទាំង​៥​។

ជាពិសេស​ផ្អែក​តាម​សេចក្តីថ្លែងការណ៍ នៃ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​២ កាលពី​ឆ្នាំ​២០១៧ និង​លទ្ធផល​នៃ​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ការងា​រលើ​ក​ទី​៤ កាលពី​ឆ្នាំ​២០១៨ នៅ​ប្រទេស​វៀតណាម CLMTV បាន​ឯកភាពគ្នា​ជំរុញឱ្យមាន​យន្តការ ក្នុង​ការផ្ទេរ​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គមពី​ប្រទេស​ទទួល​មក​ប្រទេស​បញ្ជូន​ពលករ ។

ជាការ​ពិតណាស់ ទោះបីជា​ប្រទេស​នីមួយៗ​មាន​ក្របខ័ណ្ឌ​ ច្បាប់​លិខិតបទដ្ឋាន​គតិយុត្ត​និង​ស្ថានភាព​សង្គម​សេដ្ឋកិច្ច​មិន​ដូចគ្នា​ទាំងស្រុង​ក៏ដោយ ប៉ុន្តែ​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ និង​ក្របខ័ណ្ឌ​តំបន់ យើង​ពិតជា​អាច​ស្វែងរក​នូវ​ចំណុច​រួមមួយ ដើម្បី​សម្រេច​គោលដៅ និង​ផលប្រយោជន៍​រួម ពោលគឺ​ពលករ​ទេសន្តរប្រវេសន៍​គ្រប់រូប​អាច​ទទួលបាន​នូវ​របប​សន្តិសុខ​សង្គម ទោះបី​គេ​ផ្លាស់​ទីកន្លែង​ធ្វើការ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ឬ​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​ក៏ដោយ​៕​B/Ha