សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​អញ្ជើញ​កាត់​ឫស​សីមា​ព្រះវិហារ និង សម្ពោធ​សមិទ្ធ ផល​នានា​នៅ​វត្ត ព្រះឥន្ទ​សាមគ្គីធម៌

1781
ចែករម្លែក

ដោយ : តារារិទ្ធិ / ​កណ្តាល ៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​កាត់​ឫស សីមា​ព្រះវិហារ និង សម្ពោធ​សមិទ្ធផល​នានា​នៅ​វត្ត ព្រះឥន្ទ​សាមគ្គីធម៌ ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌ ត្រូវបាន​បង្កើតជា​ផ្លូវការ​នៅក្នុង​ឆ្នាំ ២០០៩ ក្រោម​ព្រះរាជតម្រិះ និង​ការចំណាយ​ព្រះរាជ​ទ្រព្យ​ផ្ទាល់​ជាវដី​ស្រែ​ពី​ប្រជា ពលរដ្ឋ​របស់​សម្តេច​ព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​កសាង​ជាទី​វត្ត​អារាម សម្រាប់​ប្រគេន​ព្រះសង្ឃ និង​ទុក​ជូន​ពុទ្ធបរិស័ទ​ទូទៅ បាន​ចូលមក​គោរព​ប្រតិបត្តិ​ធម៌ ដោយ​ដាក់ឈ្មោះថា វត្ត​ព្រះឥន្ទ​សាមគ្គីធម៌ ។​

​បច្ចុប្បន្ន វត្ត​ព្រះឥន្ទ​សាមគ្គីធម៌ មាន​ព្រះសង្ឃ​គង់នៅ​ចំនួន ១៥៤ អង្គ និង សិស្សានុសិស្ស​ស្នាក់ នៅក្នុង​វត្ត​ចំនួន ៧៦​នាក់​។ ក្នុង​បរិវេណ​វត្ត ក៏មាន​សាលាបឋមសិក្សា និង វិទ្យាល័យ​សម្តេច​ព្រះមហា សង្ឃរាជ បួរ គ្រី ដែលមាន​អាគារ​សិក្សា​១​ខ្នង កម្ពស់ ៣ ជាន់ មាន ១៨​បន្ទប់ មាន​សិស្សានុសិស្ស​សរុប​ចំនួន ១,៩០៧​នាក់ នារី ៦៧០​នាក់​។ មាន​គណៈ​គ្រប់គ្រង​ចំនួន ១១ អង្គ​/​នាក់ ស្រី ៣​នាក់ និង​គ្រូបង្រៀន ៤៩​នាក់ ស្រី ២៥​នាក់​។​

​សមិទ្ធិផល​រួមមាន ព្រះវិហារ ១​ខ្នង និង​អគារសិក្សា ១​ខ្នង កម្ពស់ ៣​ជាន់ មាន ១៨​បន្ទប់ និង​អគារ​អន្តេវាសិកដ្ឋាន ១​ខ្នង កំពុងដំណើរការ​សាងសង់ ក៏ដូចជា​ផ្លូវ​បេតុង​ចូល​វត្ត ១​ខ្សែ ប្រវែង​ជិត ៤០០​ម៉ែត្រ ចាក់ដី​ក្នុង​បរិវេណ​វត្ត ដោះស្រាយ​ថ្លៃ​ជាវ​ស្រះ​ទឹក​ប្រគេន​វត្ត និង​រៀបចំ​ប្រព័ន្ធ​លូ​ក្នុង​វត្ត ដែលជា​អំណោយ​របស់​សម្តេច តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កសាង​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រះពុទ្ធសាសនា ក៏ដូចជា​សម្រាប់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ធ្វើ​សង្ឃកម្ម និង​ប្រារព្ធ​ពិធីបុណ្យ​ផ្សេងៗ​តាមបែប​ព្រះពុទ្ធសាសនា និង​ទុកជា​កេរ្តិ៍ដំណែល​របស់​ព្រះពុទ្ធសាសនា និង​សង្គមជាតិ​។​

​ក្រៅពី​កាត់​ឫស្សី​សីមា​ព្រះវិហារ និង​សម្ពោធ​សមិទ្ធផល​នានា​ហើយ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​នឹង​អញ្ជើញ​​​ស្រោចស្រព​ព្រះ​សុគន្ធវារី​ប្រគេន​សម្តេចព្រះ​សង្ឃនាយករ​ង​ចំនួន ០២​ព្រះអង្គ នៃ​គណៈធម្មយុត្តិ​ក​និកាយ​ផងដែរ​។ ព្រះសង្ឃ​ទាំងពីរ​អង្គ​ដែល​នឹងត្រូវ​ស្រោចស្រព​ព្រះ​សុគន្ធវារី​នោះ រួមមាន​៖ សម្តេចព្រះ​ពុទ្ធា​ចា​រ្យ ទូច សុខ​វោហា និង​សម្តេចព្រះ​មង្គល​ទេ​ព្វា​ចា​រ្យ វង្ស អា​នេ​តា​៕​B

#