សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន អនុញ្ញាត​ឲ្យ អនុ​លេខា​បក្ស និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​ទីក្រុង​ហូ​ជី​មី​ញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចូលជួប​សម្តែង​ការគួរសម

288
ចែករម្លែក

​​ដោយ:​សុផល​/ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​​អនុញ្ញាត​ឲ្យ លោកស្រី ង្វៀន ធី​ឡិ (Nguyen Thi Le)​អនុ​លេខា​បក្ស និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​ទីក្រុង​ហូ​ជី​មី​ញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចូលជួប​សម្តែង​ការគួរសម នា​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា ខណៈ លោកស្រី ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​នៅ​កម្ពុជា ក្នុង​គោលបំណង​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ឲ្យ​រឹងមាំ​រវាង​ទីក្រុង​ហូជីមិញ និង​រាជធានី​ភ្នំពេញ​។

លោកស្រី​ប្រធាន​គណៈប្រតិភូ បាន​ជម្រាប​សម្តេច​ប្រធានរដ្ឋសភា​ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី​នឹង​ជួបពិភាក្សា​ជាមួយ​លោក​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ដើម្បី​ជជែក​ពិភាក្សា​លើ​គម្រោង​កិច្ច​សហប្រតិបត្តិ​មួយចំនួន នៅក្នុង​នោះ មានការ​ជំរុញ​ឲ្យ​ដំណើរ​កាន់តែ​ប្រសើរឡើង​នៃ​មន្ទីរពេទ្យ ចា​រៃ​ភ្នំពេញ​។​

​លោកស្រី ង្វៀន ធី​ឡិ បានស្នើ​សូម សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា គាំទ្រ​កិច្ចសហប្រតិបត្តិការ​រ​វាង​ទីក្រុង​ហូជីមិញ និង​រាជធានី​ភ្នំពេញ​។ ចំណែក​ទីក្រុង​ហូជីមិញ បាន​ត្រៀម​លក្ខណសម្បត្តិ​គ្រប់ពេលវេលា​ក្នុងការ​ចែករំលែក​បទ​ពិសោធន៍​ដល់​រាជធានី​ភ្នំពេញ នៅក្នុង​ដំណាក់​កាលដែល​កម្ពុជា​កំពុងអភិវឌ្ឍន៍​នេះ​។

​លោកស្រី​អនុ​លេខា​បក្ស និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​ទីក្រុង​ហូ​ជី​មី​ញ នៃ​សាធារណ​រដ្ឋ​សង្គមនិយម បាន​អបអរសាទរ​ពី​ការអភិវឌ្ឍ​របស់​កម្ពុ​ជា នៅក្រោម​ម្លប់​ព្រះករុណា​ព្រះមហាក្សត្រ​និង​ការដឹកនាំ​ស្ថាប័ន​សភា និង​រាជរដ្ឋាភិបាល​។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​កោតសរសើរ និង​គាំទ្រ​ចំពោះ​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​យ៉ាង​ស្អិតរ​មួ​ត រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ហូជីមិញ​។ សម្តេច​បាន​គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ ទាំង​ក្នុង​ក្របខ័ណ្ឌ បក្ស រដ្ឋ និង​រដ្ឋបាល​គ្រប់ផ្នែក រួមទាំង​ការផ្លាស់ប្តូរ​ទស្សនកិច្ច ចែករំលែក​បទពិសោធ​ន៍​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បី​វឌ្ឍនភាព រីកចម្រើន​ទាំងសងខាង ស្របតាម​ពាក្យស្លោក “​អ្នកភូមិផង​ល្អ មិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ស្អិតរ​មួ​ត និង​យូ​អង្វែង​”​។​

​សម្តេច​បាន​វាយ​តំលៃ​ខ្ពស់ ចំពោះ​សមិទ្ធិផល​ដ៏​ធំធេង ដែល​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម សម្រេចបាន ក្នុង​ការកសាង និង​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ឆ្ពោះទៅរក​វឌ្ឍនភាព ជឿនលឿន​យ៉ាង​ឆាប់រហ័ស​។

​ជាមួយគ្នានេះ សម្តេច​មានការ​ជឿជាក់​ថា ការរីកចម្រើន​យ៉ាងខ្លាំង​របស់​ទីក្រុង​ហូជីមិញ នឹង​អាចធ្វើ​ឲ្យ​ទីក្រុង​មួយ​នេះ​ក្លាយជា​ទីក្រុង​គុជ​មួយ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ ក្នុង​ពេលអនាគត​យ៉ាងខ្លី​ខាងមុខ​៕​B/