សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ចូលរួម​កិច្ចប្រជុំ​កម្រិត​ប្រធានសភា​អាស៊ី​-​អឺរ៉ុប​

212
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ចូលរួម​កិច្ចប្រជុំ​កម្រិត​ប្រធានសភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​៤​នៅ​សាធារណ​រដ្ឋកា​ហ្សា​ក់​ស្ថាន​។​គណៈប្រតិភូ​អមដំណើរ​សម្តេច​ប្រធានរដ្ឋសភា​ចូលរួម​កិច្ចប្រជុំ​កម្រិត​ប្រធានសភា​អាស៊ី​-​អឺរ៉ុប​នាពេលនេះ​មាន​លោក​ឈាង​វុន​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិ​ការ​អន្តរជាតិ​ឃោសនាការ​និង​ព័ត៌មាន​នៃ​រដ្ឋសភា ។​


​លោក​ជា​វ៉ាន់​ដេ​ត​ប្រធាន​គណៈកម្មការ​ផែនការ​វិនិយោគ​កសិក​ម្ម​អភិវឌ្ឍន៍ជនបទ​បរិស្ថាន​និង​ធនធានទឹក​នៃ​រដ្ឋសភា​។​លោកស្រី​បណ្ឌិត បាន ស្រីមុំ អនុប្រធាន​គណៈកម្មកា​រ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា​វប្បធម៌​និង​ទេសចរណ៍​នៃ​រដ្ឋសភា​។​លោក​កែវ​ពិសិដ្ឋ​លេខាធិការ​គណៈកម្មការ​នីតិកម្ម​និង​យុត្តិធម៌​នៃ​រដ្ឋសភា​កិច្ចប្រជុំ​កម្រិត​ប្រធានសភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​៤​។​

ប្រារព្ធ​ធ្វើ​ក្រោម​មូលបទ “​ឧត្តមភាព​កាន់តែ​ខ្ពង់ខ្ពស់​សម្រាប់​តំបន់​យូ​រ៉ា​ស៊ា​:​កិច្ចសន្ទនា​ទំនុកចិត្ត​។​ភាពជា​ដៃគូ​”​ចាប់ពី​ថ្ងៃទី​២៣​ដល់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩ ដោយមាន​ប្រតិភូ​ថ្នាក់ដឹកនាំ​សភា​ក្នុង​តំបន់​អាស៊ី​និង​អឺរ៉ុប ប្រមាណ​៦០​ប្រទេស​ចូលរួម ព្រមទាំង​មាន​វត្តមាន អង្គការ​អន្តរជាតិ និង​អន្តរ​សភា​ជាច្រើន​ទៀត​។

​កិច្ចប្រជុំ​កម្រិត​ប្រធានសភា​អាស៊ី​-​អឺរ៉ុប បាន​ផ្តួចផ្តើម​បង្កើតឡើង​ដោយ សភា​ឌូ​ម៉ា សហព័ន្ធរុស្ស៊ី និង​រដ្ឋសភា​សាធារណ​រដ្ឋ​កូរ៉េ​ហើយក៏​ជា​វេទិកា​អន្តរ​សភា​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​ការពិភាក្សា​លើ​ប្រធានបទ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​តំណាង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អាស៊ី​និង​អឺរ៉ុប​។​ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ​យោបល់​ក្នុងការ​ការពារ​ផលប្រយោជន៍​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​សុខុមាលភាព​សង្គម នៅក្នុង​តំបន់​ក៏ដូចជា​ពិភពលោក​ទាំងមូល​។

​កំឡុងពេល​ចូលរួម​កិច្ចប្រជុំ​នេះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​គ្រោង​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ប្រធានរដ្ឋសភា​នៃ​ប្រទេស​មួយចំនួនទៀត​ក្នុងការ​ពង្រឹងពង្រីក​វិស័យ​ការទូត​សភា​ក៏ដូចជា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ចំណងមិត្តភាព​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី​។​

​សូមជម្រាបថា​កិច្ចប្រជុំ​កម្រិត​ប្រធានសភា​អាស៊ី​អឺរ៉ុប​លើក​ទី​១​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ប្រទេស​រុស្ស៊ី ក្នុង​ឆ្នាំ​២០១៦​លើក​ទី​២​ធ្វើឡើង​នៅ​សាធារណរដ្ឋ​កូរ៉េ​ក្នុង​ឆ្នាំ​២០១៩​និង​លើក​ទី​៣​ធ្វើឡើង​នៅ​ប្រទេស​ទួរគី​ក្នុង​ឆ្នាំ​២០១៨​។​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ធ្លាប់បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​លើក​ទី​១ នៅ​ប្រ​ទស​រុស្ស៊ី និង​លើក ទី​២​នៅ​សាធារណរដ្ឋ​កូរ៉េ​ផងដែរ​៕S/

​ចំណងជើង​រូបថត​៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ចូលរួម​កិច្ចប្រជុំ​កម្រិត​ប្រធានសភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​៤​នៅ​សាធារណ​រដ្ឋកា​ហ្សា​ក់​ស្ថាន​