សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​និង​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​បាន​អញ្ជើញ​ដល់​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ដោយ​សុវត្ថិភាព​

196
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០១៩​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ចូលរួម​កិច្ចប្រជុំ​កម្រិត​ប្រធានសភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​៤​នៅ​សាធារណ​រដ្ឋកា​ហ្សា​ក់​ស្ថាន​។​គណៈប្រតិភូ​បាន​អញ្ជើញ​ដល់​សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន​ដោយ​សុវត្ថិភាព​នៅ​រាត្រី​ថ្ងៃ​ដដែល​នេះ​។​

​រដ្ឋសភា​កា​ហ្សា​ក់​ស្ថាន​ដែលជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​បានទទួល​ស្វាគមន៍​សម្តេច​និង​គណៈប្រតិភូ​យ៉ាង​កក់ក្តៅ​។ កិច្ចប្រជុំ​កម្រិត​ប្រធានសភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​៤ នឹង​ចាប់ដំណើរការ​ពីថ្ងៃ​ទី​២៣ ដល់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩ ដោយមាន​ប្រតិភូ​ថ្នាក់ដឹកនាំ​សភា​ក្នុង​តំបន់​ទាំងពីរ ប្រមាណ​៦០​ប្រទេស​ចូលរួម ព្រមទាំង​មាន​វត្តមាន អង្គការ​អន្តរជាតិ និង​អន្តរ​សភា​ជាច្រើន​ទៀត​។

​សម្តេច​ប្រធានរដ្ឋសភា​នឹង​អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា​ទៅកាន់​កិច្ចប្រជុំ​ផងដែរ​។​ជាមួយគ្នានេះ​កំឡុងពេល​ចូលរួម​កិច្ចប្រជុំ​នេះ​សម្តេច​គ្រោង​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ប្រធានរដ្ឋសភា​នៃ​ប្រទេស​មួយចំនួនទៀត ក្នុងការ​ពង្រឹងពង្រីក​វិស័យ​ការទូត​សភា ក៏ដូចជា​ពង្រឹង​កិច្ចសហប្រតិបត្តិការ រឹតចំណង​មិត្តភាពរ​វាង​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី​។​

​សូមជម្រាបថា​ប្រជុំ​កម្រិត​ប្រធានសភា​អាស៊ី​-​អឺរ៉ុប​បាន​ផ្តួចផ្តើម​បង្កើតឡើង​ដោយ​សភា​ឌូ​ម៉ា​សហព័ន្ធរុស្ស៊ី​និង​រដ្ឋសភា​សាធារណរដ្ឋ​កូរ៉េ​គឺជា​វេទិកា​អន្តរ​សភា​ដ៏​មាន​សារៈសំខាន់​ដែល​ថ្នាក់ដឹកនាំ​សភា​ទាំងពីរ​តំបន់​ជួបពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ក្នុងការ​ដោះស្រាយ​បញ្ហា​រួម​។​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​តំណាង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អាស៊ី​និង​អឺរ៉ុប​។​ផ្លាស់ប្តូរ​ទស្សនៈ​យោបល់​ក្នុងការ​ការពារ​ផលប្រយោជន៍​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​សុខុមាលភាព​សង្គម​នៅក្នុង​តំបន់​ក៏ដូចជា​ពិភពលោក​ទាំងមូល​៕S/

ចំណងជើង​រូបថត​៖​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា បាន​អញ្ជើញ​ដល់​ប្រទេស​កា​ហ្សា​ក់​ស្ថាន ដោយ​សុវត្ថិភាព​