សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​អូស្ត្រាលី​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នីតិបញ្ញត្តិ​

140
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​កំឡុងពេល​ដឹកនាំ​គណៈប្រតិភូ​សភា​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF) ក្នុងប្រទេស​អូស្ត្រាលី នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក តូ​នី ស្មី​ត (TonySmith)​ប្រធានរដ្ឋសភា​អូស្ត្រាលី​និង​ជា​ប្រធាន​APPF​លើក​ទី​២៨​នៅ​វិមាន​រដ្ឋសភា​អូស្ត្រាលី ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិការ​សភា​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ឡើង​។​

​លោក​ប្រធានរដ្ឋសភា​អូស្ត្រាលី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​ប្រធានរដ្ឋសភា ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​សភា​កម្ពុ​ជាម​ក​ចូលរួម​កិច្ចប្រជុំ​APPF​ក្នុងប្រទេស​អូស្ត្រាលី​នាពេលនេះ​។​អូស្ត្រាលី​បាន​សិក្សា​និង​ដកស្រង់​ពិសោធន៍​ជាច្រើន​ពី​សភា​កម្ពុជា​ដែល​រៀបចំ​កិច្ចប្រជុំ​APPF​លើក​ទី​២៧ កាលពី​ឆ្នាំ​២០១៩ មុន​សភា​អូស្ត្រាលី​។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​បានលើកឡើង​ពី​សារៈសំខាន់​របស់​សភា​អូស្ត្រាលី​នៅក្នុង​វេទិកា​អន្តរ​សភា​ក្នុង​តំបន់​និង​សកលលោក​។​សម្តេច​បាន​កោតសរសើ​រ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កា​រៀបចំ​កិច្ចប្រជុំ​APPF​លើក​ទី​២៨​នេះ​ប្រប​កដោយ​ខ្លឹមសារ​បង្ហាញ​សារៈសំខាន់​ពី​កិច្ចសហប្រតិបត្តិការ​ល្អ​នូវ​សមាជិក​APPF​ដើម្បី​វិបុលភាព​របស់​ប្រជាពលរដ្ឋ​។​

សម្តេច​ប្រធានរដ្ឋសភា​បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល​និង​ប្រជាជន​អូស្ត្រាលី​ដែល​បានរួម​វិភាគទាន​យ៉ាង​ធំធេង​ក្នុងដំណាក់កាល​ស្វែងរក​សន្តិភាព​និង​ក៏ដូចជា​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​។​បច្ចុប្បន្ន​អូស្ត្រាលី​ជា​ដៃគូ​អភិវឌ្ឍ​ដ៏​សំខាន់​របស់​កម្ពុជា​ស្ទើរ​គ្រប់​វិស័យ​។
ឆ្លៀតឱកាស​នេះ សម្តេច បានស្នើ​សភា និង​រដ្ឋាភិបាល​អូស្ត្រាលី បន្ត​គាំទ្រ​កម្ពុជា​ជា​បន្តទៀត ជាពិសេស​ជួយ​ជម្រុញ​វិនិយោគ​និង​ទេសចរណ៍​ពី​អូស្ត្រាលី​ទៅ​កម្ពុជា​និង​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដល់​កម្ពុជា​និង​បង្កើន​ចំនួន​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​មក​សិក្សា​នៅ​អូស្ត្រាលី​ពីព្រោះ​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​សព្វថ្ងៃ ត្រូវការ​ធនធានមនុស្ស​ជា​ចាំបាច់​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​បាន​គោរព​អញ្ជើញលោក​តូ​នី​ស្មី​ត​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​មិត្តភាព​នៅ​កម្ពុជា និង​ចូលរួម​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អ៊ឺរ៉ុប លើក​ទី​១១​ដែល​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ចុងឆ្នាំ​២០២០​ខាងមុខនេះ​។​
​លោក​តូ​នី​ស្មី​ត​ប្រធានរដ្ឋសភា​អូស្ត្រាលី​បានទទួល​យក​សំណើ​និង​ការលើកឡើង​របស់​សម្តេច​ប្រធានរដ្ឋសភា​។​លោក​មាន​ក្តី​រីករាយ​ចំពោះ​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​សភា​ប្រទេស​ទាំងពីរ មានការ​រីកចម្រើន​ជា​លំដាប់​។​

​សូមជម្រាបថា នៅក្នុង​កំឡុងពេល​ចូលរួម​កិច្ចប្រជុំ​APPF​នាទី​ក្រុង​កុង​បេ​រ៉ា​នេះ​សម្តេច​ប្រធានរដ្ឋសភា បានទទួល​ជួបពិភាក្សា​ការងារ​ផ្លូវការ​និង​ក្រៅផ្លូវការ​ជាមួយ​ប្រតិភូ​សភា ដែលជា​សមាជិក APPF និង​អន្តរ​សភា​អាស៊ាន​មួយចំនួនទៀត​ផងដែរ​ក្នុងការ​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​សភា​កម្ពុជា​និង​បណ្តា​ប្រទេស​ជា​មិត្ត​៕S/

ចំណងជើង​រូបថត​៖​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ជួបពិភាក្សា​ការងារ​ជាមួយ ប្រធានរដ្ឋសភា​អូស្ត្រាលី ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នីតិបញ្ញត្តិ​