សម្តេច ទៀ បាញ់ ៖ ពិតជា​គួរឱ្យ​អស់សំណើច ដែលមាន​គេច​ង់​សង្គ្រោះ​ជាតិ​ក្នុង​គ្រា​ដែល​កម្ពុជា​កំពុងមាន​សន្តិភាព

408
ចែករម្លែក

ដោយ​:​ឆាយា​នាថ​/​ភ្នំពេញ​ ៖ ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ថ្លែងថា “​វា​ពិតជា​គួរឱ្យ​អស់សំណើច ដែលមាន​គេច​ង់​សង្គ្រោះ​ជាតិ​ក្នុង​គ្រា​ដែល​កម្ពុជា​កំពុងមាន​សន្តិភាព មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ និង ទទួលបាន​ការកោតសរសើ​រ​ពី​សហគមន៍​អន្តរជាតិ​ទៅវិញ​”​។​

​នា​ព្រឹក​ថ្ងៃទី​១៤ ខែសីហា នេះ សំណេរ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក លោក ទៀ បាញ់ បន្តថា ដើម្បី​សង្គ្រោះ​ជាតិ​ពីរ​បប​ខ្មែរក្រហម វីរជន​របស់​យើង​បាន​លះបង់​គ្រប់បែបយ៉ាង រួមទាំង​ជីវិត​។ ពួកគាត់​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុងការ​ដឹកនាំ​នាវា​កម្ពុជា ឱ្យ​រីកចម្រើន​លើ​គ្រប់​វិស័យ និង បាន​បង្កើន​កិត្យានុភាព​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ជាពិសេស តាមរយៈ​ការចូលរួម​ក្នុង​កិច្ច​ការរក្សា​សន្តិភាព​ជូន​បណ្តា​ប្រទេស​ដែល​កំពុងមាន​សង្គ្រាម​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ រូបនេះ​សង្កត់ធ្ងន់ថា “​ខ្ញុំ​គិតថា បើ​ពួកគេ​ចង់​សង្គ្រោះ​ជាតិ ក្រុម​ជ្រុលនិយម​មួយ​ក្តាប់​តូច​នោះ គួរតែ​មកសុំ​សង្គ្រោះ​ជាតិ​ក្នុង​គ្រា​សង្គ្រាម​នា​ឆ្នាំ​១៩៧៥”​។​

​ការលើកឡើង​របស់លោក ទៀ បាញ់ ដែល​និយាយ​ដល់​ក្រុម​ជ្រុលនិយម​មួយ​ក្តាប់​តូច នោះ ទំនង​សំដៅ​ដល់​ក្រុម​របស់លោក សម រង្ស៊ី ដែល​តែងតែ​អះអាងថា កម្ពុជា​កំពុង​ជួប​វិបត្តិ​ហើយ​ត្រូវការ​សង្គ្រោះ រហូត​បង្កើត​គណបក្ស​មួយ​ឈ្មោះថា “​សង្គ្រោះ​ជាតិ​” ដែល​បច្ចុប្បន្ន ត្រូវបាន​តុលាការ​កំពូល​រំលាយ​ទៅហើយ៕B/