សម្តេច ប្រធានរដ្ឋសភា គោរព​ព្រះ​វិញ្ញាណក្ខន្ធ សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី​

147
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​សមាជិក​សមាជិកា​រដ្ឋសភា គោរព​ព្រះ​វិញ្ញាណក្ខន្ធ សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ឧ​ត្ត​ម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ សមាជិកា​ក្រុម​ប​ប្រឹក្សា​ធម្មនុញ្ញ និង​ជា​អតីត រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​រសៀល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ នៅ​វត្ត​បុ​ទុម​វ​តី​។​

​ក្នុងឱកាស​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ដល់​ព្រះ​សព សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ថ្វាយ​លិខិត​ជូន សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុ​ភម​ង្គ រាជានុញ្ញាត​ចូលរួម​មរណៈទុក្ខ ជាមួយ​សម្តេចម៉ែ ព្រះករុណា ជា​អម្ចាស់ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ញាតិវង្សានុវង្ស ចំពោះ​ការបាត់បង់ សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី​។​

សម្ដេច​ប្រធានរដ្ឋសភា បាន​គូសបញ្ជាក់ នៅក្នុង​សារលិខិត​ថា ការបាត់បង់ សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី គឺជា​ការបាត់បង់ ដ៏​ធំធេង​នូវ​តួអង្គ​ពហុ​ជំនាញ ក្នុង​វិស័យ​វប្បធម៌ អរិយធម៌​ជាតិខ្មែរ ជា​ដួងព្រលឹង​ដ៏​រឹងមាំ​របស់​ជាតិ ពិសេស សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ជា​តួឯក​របាំ​អប្សរា បាន​លើកតម្កើង​វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កើង​ថ្កា​ង ល្បីល្បាញ​ទូទាំង​សកលលោក​។​

សម្ដេច​អគ្គ​មហា​ពញា​ចក្រី បាន​បន្តថា «​ទូលព្រះបង្គំ​យើងខ្ញុំ សូម​លំអោនកាយ​ឧទ្ទិស​បួងសួង​ដល់​ដួង​ព្រះ​វិញ្ញាណក្ខន្ធ សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី សូម​ព្រះអង្គ​ទ្រង់​យាង​ទៅកាន់​ព្រះ​បរម​សុ​គិត​ភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​»​។​

​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី បាន​សោយ​ទិវង្គត​នា​វេលា​ម៉ោង ១២:៣០​នាទី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​ព្រះ​ជន្មាយុ ៧៦​ព្រះវស្សា ដោយ​ជរាពាធ​៕B/