សម្តេច ស ខេងៈ សូម​សាសនា​ទាំងអស់​ បន្ត​រួមគ្នា​ទប់ស្កាត់​គ្រឿងញៀន​និង​គ្រោះថ្នាក់​ចរាចរណ៍​

253
ចែករម្លែក

ដោយៈមេសា​/​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​កោតសរសើរ​ការ​ចូលរួម​របស់​សាសនា​ក្នុងការ​ទប់ស្កាត់​គ្រឿងញៀន និង គ្រោះថ្នាក់​ចរាចរណ៍​ថា “ ក្នុងនាម​ខ្លួន​ខ្ញុំ​ផ្ទាល់ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា សូម​កោតសរសើរ និង អរគុណ​ដល់​សាសនា​ទាំងអស់​នៅ​កម្ពុជា ដែល​បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល នៃ គ្រឿងញៀន និង គ្រោះថ្នាក់​ចរាចរណ៍ នាំឱ្យ​យើង​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនភាព។ ទោះយ៉ាងណា គ្រឿងញៀន និង គ្រោះថ្នាក់​ចរាចរណ៍ នៅតែ​ជា​បញ្ហា​ដ៏​ស្មុគស្មាញ​នៅឡើយ ហេតុនេះ​សូម​មេដឹកនាំ និង សាសនិក នៃ សាសនា​ទាំងអស់​មេត្តា​បន្ត​រួមគ្នា​ទប់ស្កាត់​ការរីក​រាលដាល​គ្រឿងញៀន និង គ្រោះថ្នាក់​ចរាចរណ៍​តទៅ​ទៀត “។​

សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍​បែបនេះ នាឱកាស​អញ្ជើញ​ជា​អធិបតី នៃ ពិធី​បើក​សិក្ខាសាលា​ស្តីពី កិច្ចសន្ទនា​អន្តរ​ជំនឿ​សាសនា ដើម្បី សុខដុម​នីយកម្ម​សាសនា​នៅ​កម្ពុជា លើក​ទី ៨ ក្រោម​ប្រធានបទ “ កិច្ច​ជំរុញ​ការអនុវត្ត​សេចក្តីប្រកាស​រួម​លើក​ទី ៧ ស្តីពី សាសនិក​គ្មាន​គ្រឿងញៀន និង ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក “ នៅ​នា​សាលសន្និសីទ​ចតុមុខ នា​ព្រឹក​ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ ។​

សម្តេច​ក្រឡាហោម ក៏បាន​សំណូមពរ​ដល់​សិក្ខាសាលា​នេះ មេត្តា​រិះរក ហើយ​ដាក់ចេញ​នូវ​គោលការណ៍​គន្លឹះ និង ប្រកបដោយ​ប្រសិទ្ធភាព​ថែមទៀត តាម​គ្រប់​មធ្យោបាយ​ដែល​អាចធ្វើ​ទៅបាន ក្នុងការ​រួមគ្នា​អនុវត្ត​កម្មវិធី​ភូមិ ឃុំ​មាន​សុវត្ថិ , យុទ្ធនាការ​ទប់ស្កាត់ លប់បំបាត់​គ្រឿងញៀន​ខុសច្បាប់ និង ឱ្យមាន​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅក្នុង​ចំណោម​សាសនិក​របស់ខ្លួន ក៏ដូចជា​សង្គម​ខ្មែរ​ទាំងមូល បន្ត​ការធ្វើ​សុខដុម​នីយកម្ម​សាសនា ពង្រឹង​សាមគ្គីភាព និង សន្តិភាព ដែល​ការធ្វើ​បែបនេះ ក៏​គឺជា​ការការពារ​ដល់​សុខ​សុវត្ថិភាព​ផ្ទាល់ខ្លួន​យើង​ផង ដល់​គ្រួសារ​របស់​យើង​ផង ដល់​សាសនិក​របស់​យើង​ផង ដល់​សហគមន៍​យើង​ផង និង ដល់​សង្គមជាតិ​យើង​ផង។​

លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ធម្មការ និង សាសនា បាន​មានប្រសាសន៍​ថា សិក្ខា​នាពេលនេះ គឺជា​ការបង្ហាញ​នូវ​គោលជំហរ​ថា សាសនា​ទាំងអស់​នៅ​កម្ពុជា រួម​ជាមួយនឹង​រាជរដ្ឋាភិបាល និង សង្គម​ខ្មែរ​ទាំងមូល ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល នៃ គ្រឿងញៀន និង គ្រោះថ្នាក់​ចរាចរណ៍ សំដៅ​ធ្វើឱ្យ​សង្គម​ខ្មែរ​គ្មាន​គ្រឿងញៀន​ខុសច្បាប់ គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ គ្មាន​ការរំលោភបំពាន គ្មាន​អំពើហិង្សា គឺជា​សង្គម​មួយ​ប្រកបដោយ​គុណធម៌ សីលធម៌ ចរិយា​ធម៌ និង សេចក្តីថ្លៃថ្នូរ ។​

សម្តេច​ក្រឡាហោម ធ្លាប់មាន​មហិច្ឆតា​ថា នៅក្នុង​ឆ្នាំ ២០១៩ នេះ នឹង​លប់បំបាត់​ឱ្យអស់​នូវ​ក្លឹប​ក​ម្សា​ន្តែ​មានកា​រល់​ចែកចាយ និង ប្រើប្រាស់​គ្រឿងញៀន ហើយ​ពេលនេះ សម្តេច​មានប្រសាសន៍​ឡើងវិញ​ថា មហិច្ឆតា​នេះ​ស្ទើរតែ​បានសម្រេច ១០០ ភាគរយ​ហើយ បន្ទាប់​ពី​ការបង្ក្រាប​ដោយ​គ្មាន​ការយោគយល់ និង គ្មាន​ការលើកលែង​ទៅលើ​គោលដៅ​ធំៗ​កន្លង​មក ។​

​ក្នុង​យុទ្ធនាការ​ក្តៅគគុក​ដែល​ដឹកនាំ​ដោយ​ម្តេច​ក្រឡាហោម ដោយផ្ទាល់ នៅ​ឆ្នាំ ២០១៩ នេះ អាជ្ញាធរ បង្ក្រាប និង រឹបអូស​គ្រឿងញៀន​ខុសច្បាប់​បាន​ជិត ០១ តោន ដែល​តាមពិតទៅ កម្ពុជា មិនមែនជា​ប្រទេស​ផលិត ឬ ជា​គោលដៅ នៃ គ្រឿងញៀន​ឡើយ គឺ​គ្រាន់តែ​ជា​ប្រទេស​ឆ្លងកាត់​ប៉ុណ្ណោះ។

ចំណែក​គ្រោះថ្នាក់​ចរាចរណ៍​វិញ បច្ចុប្បន្ននេះ គិត​ជា​មធ្យម​ក្នុង ១ ថ្ងៃ​មាន​អ្នកស្លាប់​ពី ៣ ទៅ ៥ នាក់ និង របួស​ពី ១០ ទៅ ១៨ នាក់ ។ នេះ​មិនទាន់​គិតដល់​ការខូចខាត​ទ្រព្យសម្បត្តិ​ផ្សេងៗ ដូចជា​ការ​ខូ​ខា​ច​យានយន្ត ការខាតបង់​ថវិកា​ក្នុងការ​ព្យាបាល និង ពិការភាព​ជាដើម​ផង​ទេ ដែល​ទាំងអស់នេះ សុទ្ធតែ​ជះឥទ្ធិពល​អវិជ្ជមាន​យ៉ាង​អាក្រក់​ដល់​គុណភាព និង ផលិតភាព​របស់​បុគ្គ​ល គ្រួសារ សហគមន៍ និង ធ្វើឱ្យ​យឺតយ៉ាវ​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​ផងដែរ៕B/