សម្តេច ស ខេង​: បើ​គ្មាន​វិធានការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន​អ្នកស្លាប់​នឹង​កើន​ឡើងដល់ ជាង​៣​ពាន់​នាក់​នៅ​ឆ្នាំ​២០២០

243
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ថ្លែង​បញ្ជាក់ថា នៅ​កម្ពុជា​តាម​ការប៉ាន់ស្មាន​របស់​អ្នកជំនាញ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បើ​គ្មាន​វិធានការ​ទប់ស្កាត់​អោយមាន​ប្រសិទ្ធភាព​ទេនោះ ចំនួន​អ្នកស្លាប់​នឹង​កើន​ដល់ ៣.២០០​នាក់ នា​ឆ្នាំ​២០២០​ខាងមុខនេះ​។

​ការ​ថ្លែង​បញ្ជាក់​នេះ ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ នៅ​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ នេះ នៅ​ក្រសួងមហាផ្ទៃ​។​

​សម្តេច​ក្រឡាហោម​បាន​បន្តថា តាមរយៈ​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង នៅ​ឆ្នាំ​២០១៨ បាន​កាត់បន្ថយ​គ្រោះថ្នាក់​ចំនួន​២៦៤​លើក ស្មើនឹង​៧% កាត់បន្ថយ​អ្នកស្លាប់​ចំនួន​១៩​នាក់ ស្មើនឹង​១% កាត់បន្ថយ​អ្នករបួស​ចំនួន​៧៦៩​នាក់ ស្មើនឹង​១៤% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៧​។ ប្រៀបធៀប​មុនពេល​រឹតបន្តឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៥ កិច្ចខិតខំ​ប្រឹងប្រែងរ​យៈ​ពេល​បី​ឆ្នាំ​ជា​បន្តបន្ទាប់ ពី​ឆ្នាំ​២០១៦-២០១៨ បាន​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ១.៩៣១​លើក បាន​កាត់បន្ថយ​អ្នកស្លាប់​ចំនួន ៧០៦​នាក់ និង​កាត់បន្ថយ​អ្នករបួស ៤.៥៣១​នាក់​។​

​សម្តេច​ក្រឡាហោម​បាន​បន្តថា ទន្ទឹមនឹង​លទ្ធផល​វិជ្ជមាន​ខាងលើ យើង​នៅតែ​បន្ត​ជួប​បញ្ហា​ប្រឈម​មួយចំនួន​ក្នុងការ​រក្សា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​អ្នកប្រើប្រាស់​ផ្លូវ​ជា​មធ្យម​ក្នុង​មួយថ្ងៃ​ជិត​៥​នាក់ រងរបួស​ចំនួន​១៥​នាក់ ព្រមទាំង​ខូចខាត​ទ្រព្យសម្បត្តិ​ជាច្រើន​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដែលមាន​អត្រា​ខ្ពស់​បើ​ប្រៀបធៀប​នឹង​គ្រោះថ្នាក់​សង្គម​ផ្សេងទៀត​៕