សម្តេច ហេង សំរិន និង​លោកជំទាវ បាន​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ត្បូងឃ្មុំ​

752
ចែករម្លែក

ដោយ​: សុផល / ត្បូងឃ្មុំ​: សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​និង​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ព្រឹក​មិញ​នេះ​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​លេខ​៧០៣២ ស្ថិតក្នុង​វិទ្យាល័យ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ម៉ោង​៧​នេះ ការិយាល័យ​បោះឆ្នោត​ជិត​២​ម៉ឺន​៣​ពាន់ ការិយាល័យ​ក្នុងប្រទេស​កម្ពុជា បាន​បើកទ្វារ ដើម្បី​ឲ្យ​អ្នកបោះឆ្នោត​រាប់លាន​នាក់​បានជ្រើសរើស​គណបក្ស​ដែល​ខ្លួន​ពេញចិត្ត ដើម្បី​ដឹកនាំ​ស្ថាប័ន​នីតិបញ្ញត្តិ ឬ​សភា​និង​ស្ថាប័ន​នីតិប្រតិបត្តិ​ឬ​រដ្ឋាភិបាល​។

​គេ​សង្កេតឃើញថា គ្រាន់តែ​ការិយាល័យ​បោះឆ្នោត​បានចាប់ផ្តើម​បើកទ្វារ​ភ្លាម​នៅ​ម៉ោង​៧៖០០​នាទី​ព្រឹក​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅតាម​ការិយាល័យ​ទាំងអស់​ទូទាំង​ខេត្ត​ត្បូងឃ្មុំ គេ​សង្កេតឃើញថា ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ច្រើន​កុះករ​នាំគ្នា​ទៅ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ប្រទេស​ដែល​ខ្លួន​ពេញចិត្ត​។​

​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​បោះឆ្នោត បាន​សម្តែង​ទឹកមុខ​រីករាយ ជាមួយនឹង​ការត្រៀមខ្លួន និង​ឯកសារ​ជាស្រេច សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាង​ដែល​ខ្លួន​ពេញចិត្ត ដែល​ធ្វើ​ឡើងជា​ទៀងទាត់​រៀងរាល់​៥​ឆ្នាំ​ម្តង ទៅតាម​មាគ៌ា​ប្រជាធិបតេយ្យ​សេរី ពហុបក្ស ដែល​ការបោះឆ្នោត​បាន​ប្រព្រឹត្តិ​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​៕