សម្តេច ហ៊ុន សែន នឹងសម្ភោធស្ពានឆ្លងទន្លេទីមួយដែលកសាងឡើងដោយកម្ពុជាផ្ទាល់

1133

ដោយៈតារារិទ្ធ

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញ​សម្ភោធ​ស្ពានកំពង់ត្រុំ ដែលជាស្ពានឆ្លងកាត់ទន្លេមេគងតភ្ជាប់ពីក្រុងកំពង់ចាមទៅកោះប៉ែន ស្ថិតក្នុងឃុំ កោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១៤ ខែ មីនានេះ ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកស្ពាននេះថា ជាសមិទ្ធផលដែល កើតចេញពីសមត្ថភាព​កូនខ្មែរ និង ប្រើប្រាស់ថវិកាជាតិផ្ទាល់ ។​

ស្ពាននេះ​បាន​បើកការ​ដ្ឋាន​សាងសង់កាលពីខែមីនា ឆ្នាំ ២០១២ សាងសង់ដោយកងវិស្វកម្មក្រសួង​ការពារជាតិ​។ វាមានប្រវែង ៧៧៩ម៉ែត្រ និង ទទឹង ៨ម៉ែត្រ ដោយចំណាយថវិកាប្រមាណជា ១០ លានដុល្លារអាមេរិក ។

កាលដើមឡើយប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់សៀមទាំងមូល និង មួយផ្នែកខាងជើង​និងខាងលិច​ស្រុកកោះ សូទិន តែងតែជួបនូវការលំបាកយ៉ាងខ្លាំងទាំងរដូវវស្សា និង រដូវប្រាំងក្នុង​ការធ្វើ​ដំណើរទៅមកឆ្លងកាត់ទន្លេមេគង្គ ដោយរដូវវស្សាធ្វើដំណើរឆ្លងទូកដរចំនួន៤កន្លែង និង រដូវប្រាំង​ឆ្លងប្រដឹសប្ញស្សីដែលជាការលំបាកខាត​បង់ពេលវេលានិងថវិកាយ៉ាងច្រើនក្នុង ការធ្វើដំណើរ​របស់​បងប្អូនប្រជាពលរដ្ឋជាពិសេសការដឹកជញ្ជូនភោគផលកសិកម្មមកលក់ ការមកពិនិត្យព្យាបាល​ជំងឺ​នៅមន្ទីរពេទ្យ និង ការរៀនសូត្ររបស់ក្មួយៗសិស្សានុសិស្សជាដើម  ។ ដោយមើលឃើញនូវ​ការ​លំបាកបែបនេះហើយទើបសម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចឯកភាពឲ្យសង់ជា​ស្ពានបេតុង ។

ឥឡូវស្ពានបានសាងសង់រួចប្រជាពលរដ្ឋនៅក្នុងតំបន់នេះនិងទទួលបានផលប្រយោជន៍យ៉ាងច្រើនដូចជាការកាត់បន្ថយការចំណាយលើការឆ្លងស្ពានឬស្សី និង ទូកដរ ,ចំណេញពេលវេលា​ក្នុងការ​ធ្វើដំណើនិង បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅលើកោះអាច​ធ្វើដំណើទៅមក​ក្រុងកំពង់ចាមពេលណាក៏បាន ដោយមិនមានការភ័យព្រួយអំពីគ្រោះថ្នាក់ទៀតផង ។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៣ ខែមីនា បានប្រកាសថា កម្ពុជាមានលទ្ធភាព និង សមត្តភាពកសាងស្ពានឆ្លងទន្លេដោយខ្លួនឯង។​

សម្តេចបានមានប្រសាសន៍បន្តទៀតថា ពេលខាងមុខកម្ពុជាត្រូវខិតខំសន្សំប្រាក់ដើម្បី​សាងសង់​ស្ពាននិងផ្លូវ ដែលមានតម្លៃត្រឹម ១៥ លាន ទៅ ២០ លានដុល្លារដោយខ្លួនឯង ។ សម្តេចបានបន្តថា ដូនតារបស់យើងកសាងប្រាសាទអង្គរវត្តបាន ដូចនេះយើងជាកូនចៅក៏ត្រូវតែមាន​សមត្តភាពក្នុងការសាងសង់ស្ពានដោយខ្លួនឯងបានដែរ  ៕