សម្តែង​ហ៊ី អបអរ​ខួប​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ចិន​

1065
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ល្ខោន​ប្រពៃណី​ហ៊ី​របស់​ចិន នឹងត្រូវ​សម្តែង​ជូន​ទស្សនា​ជា​សាធារណៈ នៅ​មហោស្រព​កោះ​ពេជ្រ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ដើម្បី​អបអរ​ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​មិត្តភាព កម្ពុជា​ចិន​។​

ល្ខោន​ប្រពៃណី​ហ៊ី​របស់​ចិន នឹងត្រូវ​សម្តែង​ជូន​ទស្សនា​ជា​សាធារណៈ នៅ​មហោស្រព​កោះ​ពេជ្រ​រយៈពេល​៣​ថ្ងៃ

​បើតាម​តំណាង​ក្រុមហ៊ុន Awesome Global Investment Group ដែលជា​អ្នករៀបចំ​កម្មវិធី​នេះ បាន​បញ្ជាក់ថា គោលបំណង​ធំ​នៃ​ការរៀបចំ​កម្មវិធី​នេះ គឺ​ដើម្បី​ជំរុញ និង​ពង្រឹង​ទំនាក់ទំនង​ផ្នែក​សិល្បៈ និង​វប្បធម៌​កម្ពុជា​ចិន អោយ​កាន់​តែមាន​ភាពប្រសើរឡើង ស្របពេល​ប្រទេស​ទាំងពីរ​កំពុងមាន​ចំណង​ការទូត​ល្អ​។​

ប្រធាន​មន្ទីរ​ល្ខោន​ប៉េកាំង លោក Lin En Jie បាន​បញ្ជាក់ថា នៅក្នុង​ប្រទេស​ចិន ល្ខោន​ចិន ត្រូវបាន​គេ​ចាត់ទុកថា ជា​ត្បូង​ដ៏​មានតម្លៃ​ក្នុង​វប្បធម៌​របស់​ចិន ហើយ​ការ​ជ្រើស​យក ល្ខោន​ប្រពៃណី​ហ៊ី​ចិន មក​សម្តែង​នេះ គឺ​ដោយសារ ល្ខោន​នេះ ជា​ប្រភេទ​ល្ខោន​ចំណាស់​ជាងគេ​១ របស់​ចិន ដែលមាន​អាយុកាល​ជិត ២០០​ឆ្នាំ​មកហើយ ហើយ​ល្ខោន​នេះ ក៏ត្រូវ​បាន​ចុះ​ប​ញ្ជូ​ល​ជា​បេ​តិក​ភ​ណ្ឌ័​វប្បធម៌​អរូបី​របស់​ពិភពលោក​ផងដែរ​។​

​លោក​បញ្ជាក់ថា ប្រភេទ​នៃ​ល្ខោន​ហ៊ី​នេះ គឺ​គេ​លេង ដោយ​ប្រើ បទ​ភ្លេង និង​វិធី​សម្តែង​ជា​កាយវិការ បូក​បញ្ចូល​ជាមួយ​បទ​ចំរៀង ប្រជាប្រិយ​មួយចំនួន ដោយ​ប្រើប្រាស់​សម្លេង​ច្រៀង​ច្រើន​ប្រភេទ និង​មានប្រើ​នូវ រនៀទ​ចិន នឹង ស្គរ ជាដើម​។​

​លោក​បន្ថែមថា ការសំដែង​សម្តែង​លើក​នេះ​រួមមាន​៖ “Bai She Zhuan” “Dang Ma” “Ba Wang Bie Ji” “Zhan Ma Chao” “Da Zhi Shang Fen” “Qing Shi Shan” “Xiao Yan” “Shi Qian Tou Ji” នឹង “Gui Fei Zui Jiu”​ជាដើម​។​

​គួរបញ្ជាក់​ថា​លោក Li Hong Tu សម្ដែង​តួ Xu Xian នៅក្នុង​រឿង “Bai She Zhuan” “​ពស់​ស​” គឺជា​តារា​សម្តែង​ជួរមុខ​នេះ​បង្អស់​នៃ​មហោស្រព​ប៉េកាំង​ប៉េកាំង គាត់​ជា​ប្រធាន​ក្រុម Mei Lanfang ហើយ​បានឈ្នះ​ពានរង្វាន់ វិចិត្រករ​ឆ្នើម​បំផុត​នៅ​អាស៊ី​។​

​សូមបញ្ជាក់ថា ល្ខោន​ប្រពៃណី​ហ៊ី​របស់​ចិន​នេះ នឹងត្រូវ​ចូលរួម​សម្តែង​ដោយ​ក្រុម​ល្ខោន Mei Lang Fang មកពី​ទីក្រុង​ប៉េកាំង ដោយ​ការសម្តែង នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ៨-១០ ខែវិច្ឆិកា ខាងមុខនេះ នៅ​មហោស្រព​កោះ​ពេជ្រ វេលា​ម៉ោង ៧ យប់​៕ ល​