សម្បត្តិ, ​គគីរ, ​គំហុក, គគ្រុក, ​គគុល, ​ឃ្លា, ឃ្លាន, ពៀរ, ពារ, ​ពាប់, ពាម, ​ជា, ​ជើងឯក

604

សម្បត្តិ សំប័ត សំ​. បា​. ( ន​. ) សេចក្ដីសម្រេច​, ការ​សមប្រកប​; ការ​បរិបូណ៌​; ការ​គ្រប់​ព្រម​ឬ​គ្រប់គ្រាន់​; សេចក្ដីសុខ​; លំអ​; គុណភាព​; ទ្រព្យ​, ធនធាន : មានសម្បត្តិ​; សម្បត្តិ​មនុស្ស​, សម្បត្តិ​សួគ៌​, សម្បត្តិ​និ​ញ្វ​ន ។ សម្បត្តិ​សម្បូណ៌ ការ​បរិបូណ៌​ដោយ​សម្បត្តិ ។ គុណសម្បត្តិ ឬ គុណ​សម្ប័ទ​, –​សម្បទា ការ​បរិបូណ៌​ដោយ​គុណ ។​ល​។ ពាក្យ​សុភាសិត​បុរាណ : សម្បត្តិ​កម្ចាត់​ព្រួយ មាន​គេ​ជួយ​មិនបាច់​ហៅរក ។ ពាក្យ​សុភាសិត​សម័យថ្មី : សម្បត្តិ​ច្រើន ចម្រើន​បុណ្យ ប្រពន្ធ​ល្អ បរិបូណ៌​មិត្រ ចិត្ត​ទូលាយ ងាយ​ទាំងគ្រប់ ។

​គគីរ ( ន​. ) ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ សាច់​រឹង​ជាប់​សម្រាប់​ប្រើ​ធ្វើ​ទូក​និង​ការ​ឯទៀត​ផ្សេងៗ ។ គគីរ​មានឈ្មោះ​ច្រើនយ៉ាង មាន គគីរថ្ម​, គគីរខ្សាច់ ជាដើម ។

​គំហុក គំហ៊ុក ( កិ​. ) សង្ខុញ​, បញ្ជ្រុល​, ជម្រុល​, បង្ខំ : បំបោល​គោ​គំហុក​ឲ្យ​ចុះ​ច្រាំង​ស្ទឹង ។

​គគ្រុក ( គុ​. ) ដែលមាន​ដង្កូវ​ចុះ : ស្អុយគគ្រុក ។ ព​. ប្រ​. សម្អុយ​គគ្រក គឺ​ខូច​កេរ្តិ៍ឈ្មោះ​ដូចជា​សម្អុយ​ដែល​ដង្កូវ​ចុះ​គគ្រុក ។ ( ឧ​. ) គ្រុ​កៗ មិន​ដាច់​សូរ (​ម​. ព​. គ្រុ​កៗ ផង​) ។

​គគុល (​គុ​. ឬ កិ​. វិ​.) ដែល​សើមប៉ផ្អៀច : ដី​សើមគគុល​។ ដែល​ឆេះ​មានតែ​រងើក : រងើកភ្លើង​គគុល​, ឆេះ​គគុល ។

ឃ្លា ( ន​. ) ល្បះ​ពាក្យ​, ល្បះ​សេចក្ដី ដែលមាន​ទំនង​ត្រូវ​ដក​ឲ្យ​ដាច់ ឲ្យ​ឃ្លាត : សេចក្ដី​មួយ​ឃ្លា​; មើល​កាព្យ​ឲ្យ​ដឹង​ឃ្លា​, សរសេរ​ដកឃ្លា ។

​ឃ្លាន សំ​.; បា​. ( កិ​. ) (​គ្លាន​; គិលាន “​ឈឺ​”) ចង់​បរិភោគ​អាហារ : ឃ្លានបាយ ។ (​តាម​កំណើត​ពាក្យ គួរតែ​សរសេរ គ្លាន ប៉ុន្តែ​ធ្លាប់​សរសេរ ឃ្លាន យូរណាស់​ហើយក៏​ត្រូវតែ​ឲ្យ​នៅ​ដូច​ធ្លាប់​រៀងមក​) ។

​ពៀរ សំ​.; បា​. ( ន​. ) (​វៃរ​; វេរ​) ចំណង​ចិត្ត​ក្រោធ​ដែល​ចង​ដោយ​ព្យាបាទ​បម្រុង​នឹង​សងសឹក​វិញ​, ចំណង​ចិត្តជា​សត្រូវ : ចងពៀរ​, ស្រាយ​ពៀរ​, មនុស្ស​មាន​ពៀរ ។ រួច​ចាក​ពៀរ ព្រោះ​ស្រាយ​ពៀរ កាលបើ​បានជា​ចងពៀរ​រួចទៅហើយ ដែល​បាន​រួច​រដោះ​ចាក​ពៀរ​លែងមាន​តទៅទៀត ព្រោះ​ស្រាយចំណង​ពៀរ​នោះ​ឲ្យ​ជ្រះស្រឡះ​ចេញ បើ​មិន​ស្រាយ​ចេញ​ទេ ពៀរ​ក៏​ចេះតែមាន​តៗ​ទៅទៀត (​ព​. ពុ​.); ព​. កា​. ថា : ទីឃា​វុ​កុមារ មាន​វិចារណ៍​ចៀស​ពៀរ​បាន ទើប​មាន​សុខក្សេមក្សាន្ត បាន​សោយរាជ្យ​គ្រង​រដ្ឋ​ពីរ ។​

ពារ សំ​. បា​. ( កិ​. ) (​វារ “​ឃាត់​, រារាំង​, ទទឹង​ទាស់​”) ប៉ះ​លើ​ឬ​ប៉ះ​ត្រូវ​ទាំងស្រុង : ពាររបង​, ដើរ​ពារ​គល់ឈើ ។ ពារ​លើ​គ្រោះកាច ប្រទះ​លើ​គ្រោះកាច ។ ការពារ រារាំង ។ សំ​. បា​. ( ន​. ) (​វារ​) ថ្ងៃ : ពារពុធ គឺ​ថ្ងៃ​ពុធ (​ព​. ស​. ហ​.) ។

​ពាប់ ( គុ​. ) ទន់​ចុះ​, ទន់​កោង​ចុះ​, ដាប​ចុះ​, ទន់​ខ្លប : រត​ពាប់​, ដងរ៉ែក​ពាប់ ។ ជំងឺ​ពាប់ គឺ​ជំងឺ​ដាប​ខ្លាំង ។ ដាក់​មុខពាប់ ឬ ទម្លាក់​មុខពាប់ ដាក់​មុខស្រពោន​ឈ្ងោក​ចុះក្រោម ។

​ពាម ( ន​. ) មាត់​ព្រែក​ឬ​មាត់​ស្ទឹង​ដែល​បែក​ចេញពី​ទន្លេ​ទៅ​, មាត់ទន្លេ​ដែល​ហូរ​ទៅជា​ប់​នឹង​សមុទ្រ​, ដូច​យ៉ាង ពាមផ្កាយម្រេច​, ពាមរ​; ឬ ពាមសែន​; ពាមកញ្ជើ (​នៅ​កម្ពុជា​ក្រោម​) ជាដើម ។ ( ន​. ) ឈ្មោះ​ខែត្រ​មួយ​ក្នុង​កម្ពុជ​
​រដ្ឋ​, សព្វថ្ងៃនេះ​ដាក់​ជា​ស្រុក​ហៅថា ស្រុក​កំពង់ត្រាច នៅក្នុង​អំណាច​ខែត្រ​កំពត ។

​ជា ( ន​. ) ឈ្មោះ​ពស់​មួយ​ប្រភេទ​មាន​ពិស​ខ្លាំង​; កាល​នៅ​តូច​ហៅ ពស់​ជា​, លុះ​ធំ​ទ្រើស​បន្តិច​ឡើង ហៅ ពស់ក្រាយ​, ដល់​ធំ​អស់​ទំហំ ហៅ ពស់រំចេក ។ ( គុ​. ) ស្រួល​; ល្អ​; សុខ​; សប្បាយ​; រួច​ពី​ឈឺ​, ងើបពីឈឺ ។​

វិ​. ពាក្យ​សម្រាប់​និយាយ​ចង្អុល​នាមសព្ទ​ឲ្យ​ដាច់​សេចក្ដី​ដោយឡែក : វិជ្ជា​ជា​ទ្រព្យ​ដ៏​ប្រសើរ​ក្នុង​លោក​, ឈ្មោះ​នេះ​ជា​មនុស្ស​ស្លូតត្រង់ … ។ ( ន​. ឬ គុ​. ) ដែល​ទីទៃ​ពី​នៅ​កំដរ​ទ្រព្យ​គេ : មនុស្ស​អ្នកជា​, បាន​រួចខ្លួន​ជា​អ្នកជា ។​

​ជើងឯក ( ន​. ) អ្នក​ដែល​ស្ទាត់ជំនាញ​យ៉ាង​ឆើត​ក្នុង​មុខការ​អ្វីមួយ : ពួក​អ្នក​ទាំង​ប៉ុន្មាន​នេះ​សុទ្ធតែ​ជើងឯក​ហើយ ។ វត្ថុ​ឬ​វិញ្ញាសា​ដែល​ពួក​អ្នក​ប្រកួត​ពី​កីឡា​បានទទួល​ដោយមាន​ជ័យជម្នះ​ផ្ដាច់​គេ : ជើងឯក​ត្រូវបាន​ទៅខាង​សហ​ពន្ធ​កីឡា​ខ្មែរ ៕ ដោយ ៖ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​