សម្បទា​និក​ខេត្តក្រចេះ ៧៩៩ គ្រួសារ​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​

644
ចែករម្លែក

ដោយៈ​មេសា​/ក្រចេះ ៖ សម្បទា​និក ពោលគឺ​ប្រជាពលរដ្ឋ​ដែលជា​អ្នកទទួល​ដី​សម្បទាន ពី​គម្រោង​បែងចែក​ដី​សម្បទាន​សង្គម​កិច្ច ចំនួន ១៧៦ គ្រួសារ បានទទួល​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៩ ហើយ​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅឯ​សាលា​សហគមន៍ នៃ ភូមិ អូរ​គគីរ ឃុំ ដារ ស្រុក ចិត្រ​បុរី ខេត្តក្រចេះ ក្រោម​អធិបតីភាព​លោក ស សុវណ្ណ រដ្ឋលេខាធិកា​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ និង លោក វ៉ា ថន អភិបាលខេត្ត ក្រចេះ ។​


​លោក ស សុវណ្ណ បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ជា​សម្បទា​និក ដែល​ទទួលបាន​កម្មសិទ្ធិ​នៅពេលនេះ ក៏ដូចជា​សម្បទា​និក​ដ​ទៃ​ដែល​មិនទាន​ដទៃទៀត ឱ្យប្រើ​ប្រាស់​ដីធ្លី​ទាំងនោះ​ឱ្យបាន​ល្អ និង មិនត្រូវ​លក់​ឱ្យ​ឈ្មួញ​ឡើយ ពុំ​នោះទេ ពួកគាត់​មិនអាច​ចាកចេញ​ផុតពី​ភាពក្រីក្រ​បានឡើយ ហើយ​បើ​បែប​នោះ​មែន ភាពក្រីក្រ​នឹង​គ្រប់​ដណ្តប់​ដល់​គ្រួសារ​ទាំងមូល ។​


​គប្បី​រំឭកថា ដោយ​ទទួលបាន​ការគាំទ្រ​ថវិកា​ពី​ធនាគារពិភពលោក និង ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ផង គម្រោង​បែងចែក​ដី​សម្បទាន​សង្គម​ក ក​i​ច្ច​ជំហាន​ទី ២ ឬ ដែល​ហៅថា LASED II បានជ្រើសរើស​ខេត្ត​ចំនួន ៥ ជា​ខេត្ត​គោលដៅ​បែងចែក​ដី​សម្បទាន​សង្គម​កិច្ច​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ គឺ​ខេត្ត ក្រចេះ ខេត្ត កំពង់ធំ ខេត្ត កំពង់​ឆ្នាំ ខេត្ត ត្បូងឃ្មុំ និង ខេត្ត កំពង់ស្ពឺ សរុប​ផ្ទៃដី ១៧.០៤៧ ហិកតា សម្រាប់​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៥.៤១១ គ្រួសារ ។


​ដោយឡែក​ខេត្ត ក្រចេះ មាន​ដី​ចំនួន ៦.៥៦៦ ហិកតា សម្រាប់​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ២.១១៤ គ្រួសារ ។ ទោះ​យ៉ាណា សម្បទា​និក ខ្លះ​នៅតែ​មិនទាន់​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​លើដី​ធ្លី​ទាំងនោះ​នៅឡើយ​ទេ ដោយសារ​អ្នកខ្លះ​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​ឱ្យ​ឆ្លើយតប​តាម​តម្រូវការ​របស​គម្រោង ។


​លោក​បណ្ឌិត ដោក ដូ​ម៉ា ប្រធាន​គម្រោង​បែងចែក​ដី​សម្បទាន​សង្គម​កិច្ច ថ្នាក់ជាតិ បានឱ្យដឹងថា ប្រជាពលរដ្ឋ​ដែល​អាច​ឈានដល់​ការទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ជា​ផ្លូវការ ត្រូវតែ​ជា​អ្នក​ដែល​បាន​បំពេញ​លក្ខន្តិកៈ​មួយចំនួន ជាពិសេស​ត្រូវតែ​ជា​អ្នក​បាន​ប្រើប្រាស់​ដីធ្លី​ទាំងនោះ​ចាប់ពី ៥ ឆ្នាំ​ឡើងទៅ ពោលគឺ​ចូលទៅ​រស់នៅ និង ប្រកប​របរ​កសិកម្ម​ដាំ​ដុះ​លើ​ផ្ទៃ​ទាំងនោះ​ជាដើម ។​


​គម្រោង​បែងចែក​ដី​សម្បទាន​សង្គម​កិច្ច​នេះ​ជំហាន​ទី ២ គ្រោង​នឹង​អនុវត្ត​ចាប់ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០២១ ។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ បើទោះបីជា​ពេលវេលា​កំណត់​មិនទាន់បាន​ចូលមក​ដល់​ក្តី ក៏​ត្រូវបាន​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ធនាគារពិភពលោក វាយតម្លៃថា គម្រោង​នេះ​ត្រូវបាន​អនុវត្តបាន​ជោគជ័យ​ស្ទើរតែ ១០០ ភាគរយ​ទៅហើយ ។​
​ដោយសារ​ជោគជ័យ​នេះ ហើយ​នៅតែ​ទទួលបាន​ការគាំទ្រ​ពីធនាគារពិភពលោក​ផង​ គម្រោង LASED គ្រោង​នឹង​អនុវត្ត​ជំហាន​ទី ៣ របស់ខ្លួន​បន្តទៀត​ដោយ​អនុវត្ត​នៅក្នុង​ខេត្ត​ចំនួន ៥ គឺ​ខេត្ត កំពង់ធំ ខេត្ត រតនគិរី ខេត្ត មណ្ឌលគិរី ខេត្ត ស្ទឹងត្រែង និង ខេត្ត ព្រះវិហារ ចាប់ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០២៥ ៕ Kh

​ពិធី​ប្រគល់ និង ទទួល​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​នៅ​ឃុំ ដារ ស្រុក ចិត្រ​បុរី ខេត្ត ក្រចេះ ( រូបៈ មេសា )