សម្ពោធ​ខ្សែភាពយន្ត​ថ្មី​រឿង “​បេសកកម្ម​មួយ​” ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរ​ស្សន៍​ម៉ា​យ​ធី​វី

1865
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅ​រោងភាពយន្ត​ទំនើប​មេ​ជើ ស្ថិតក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ក្បែរ​កោះ​ពេជ្រ មាន​រៀបចំ​ការសម្ពោធ​ខ្សែភាពយន្ត​ថ្មី​រឿង “​បេសកកម្ម​មួយ​” ដែលជា​ខ្សែភាពយន្ត​ភាគ​ថ្មី​សន្លាង ត្រៀម​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរ​ស្សន៍​ម៉ា​យ​ធី​វី កាលពី​ព្រលប់​ថ្ងៃទី​២២ មិថុនា ឆ្នាំ​២០១៨​។​

​រឿង “​បេសកកម្ម​មួយ​” ជា​ប្រភេទ​រឿង​ភាគ ដែល​និពន្ធ​ដោយ​លោក ម៉ានិត ជា​តារាចម្រៀង​។​

​វណ្ណ​កម្ម​ថ្មី​នេះ មាន​ឈុត​ឆាក​វាយតប់​ទៅមក បញ្ចេញ​យុទ្ធ​គុន​មិន​ចាញ់​រឿង​បរទេស​ប៉ុន្មាន​ឡើយ​។ ភាពយន្ត​នេះ នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២ កក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​ដល់​៨​យប់​រាល់ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ព្រហស្បតិ៍ នៅលើ​កញ្ចក់​ទូរទស្សន៍​ម៉ា​យ​ធី​វី​។​

​លោក ម៉ានិត ដែលជា​តារាចម្រៀង​យុវវ័យ ហើយ​ចេះ​តែង​និពន្ធ​សៀវភៅ​ប្រលោមលោក បាន​ឲ្យ​ដឹងថា​រឿង “​បេសកកម្ម​មួយ​” ដែល​ចាប់ផ្តើម​ដាក់បញ្ចូល​ជា​រឿង​ភាគ គឺ​លោក​មាន​អារម្មណ៍​ថា មិន​នឹកស្មាន​ដល់​។ កន្លងមក​លោក​ធ្លាប់តែ​សរសេរ​ជា​សៀវភៅ ហើយក៏​មិនសូវ​មានសង្ឃឹម​ពេក​ទេ​ថា មកកាន់​ការថត​រឿង​។ ក្រោយមក​ខាង​ផលិតកម្ម​ជឿទុកចិត្ត​ខ្ពស់ ទើប​ធ្វើ​ឲ្យ​លោក​មិនគួរ​បោះបង់ចោល​ឱកាស​នេះឡើយ​។ គ្រាន់តែ​ដឹងថា ម៉ា​យ​ធី​វី​ចាក់​ឈុត​ឆាក​ខ្លះៗ គឺ​អរ​ចង់​ហោះ ព្រោះ​អ្វីដែល​ចេញមក​ត្រូវ​ចិត្តគំនិត​ស្ទើរតែ​១០០​ភាគរយ​។ ម្ល៉ោះហើយ លោក​យល់ថា ភាពយន្ត​ថ្មី​នេះ នឹង​ល្បីល្បាញ​ក្នុងប្រទេស​កម្ពុជា​។​

​ជាមួយគ្នានេះដែរ លោក ហ៊ត់ រ៉ាវី ជា​ផលិតករ​បាន​ឲ្យ​ដឹងថា ពីដំបូង​លោក​សួរ​ម៉ានិត​ថា សាច់រឿង​ចង់​កែសម្រួល​ពី​ប្រលោមលោក​ទៅជា​ការលេង​ជា​ភាពយន្ត​ក៏​យល់ព្រម ហើយ​សម្រួល​ឲ្យ​ល្អ​។ លុះ​ក្រោយមក​យកទៅ​ថត ដោយ​យើង​ជួប​ការលំបាក​ច្រើន​។ ប៉ុន្តែ​ដោយសារ​យើង​ចេះតែ​អាន​ប្រលោមលោក ក៏​ស្រ​ម៉ៃ​ឃើញ​រូបភាព​សាច់រឿង ហើយ​ដាក់ចិត្ត​ធ្វើ ទោះ​លំបាក​បែបណា ត្រូវ​ប្រយុទ្ធ​ឲ្យ​ចប់​ដល់​គោលដៅ​៕​