សម្ពោធ​ឆ្លង​សមិទ្ធផល​នានា ក្នុង​វត្ត​ស​ត្ថា​ធម្ម​វិហារ​ភ្នំ​ពោន ខេត្ត​កែប​

729
ចែករម្លែក

ដោយៈ សុផល / កំ​ពតៈ ព្រះ​ពុទ្ធរូប​ទ្រង់​បិណ្ឌ​បាត្រ​ចំនួន ១៥៧​អង្គ និង​ព្រះ​ពុទ្ធបដិមា​ប្រទាន​អភ័យ កម្ពស់​ជាង ៦​ម៉ែត្រ រួមទាំង​សមិទ្ធិផល​នានា ក្នុង​វត្ត​ស​ត្ថា​ធម្ម​វិហារ ស្ថិត​ក្នុងភូមិ ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើ ខេត្ត​កែប បាន​ត្រូវ​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ក្នុងឱកាស​ថ្ងៃ​ប្រារព្ធ​វិសាខបូជា ស្របពេល​នឹង​ពិធីរាប់បាត្រ​ព្រះសង្ឃ​១០០​អង្គ​។​

​លោក កែន ស​ត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប មន្ដ្រី​សង្ឃ​គណៈកម្មការ​អាចារ្យ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​នេះ​។​

​បន្ទាប់​ពិធី​សម្ពោធ​ឆ្លង​សម​ទ្ធិ​ផល​នានា​ក្នុង​វត្ត លោក កែន ស​ត្ថា និង​ព្រះគ្រូ​មហា​បុ​ទុម ផាត់​ធួ​ក ព្រះចៅអធិការ​វត្ត បានរៀបចំ​ពិធី បញ្ចុះ​បឋម សិលា​សាងសង់​ព្រះ​ពុទ្ធរូប ប្រក់​នាគ​អង្គ​ធំ កម្ពស់​១២​ម៉ែត្រ និង​ក្លោងទ្វា​វត្ត​ផងដែរ​។​

​ព្រះគ្រូ​មហា​បុ​ទុម ផាត់ ធួ​ក ព្រះចៅអធិការ​វត្ត​ស​ត្ថា​ធម្ម​វិហារ​មាន​ថេរ​ដិ​កា​ថា​៖​វត្ត​ស​ត្ថា​ធម្ម​វិហារ​នេះ​កកើត​នៅ​ខែ មករា ឆ្នាំ ២០១៧ ដែលមាន​ផ្ទៃដី​ទំហំ ២​ហិកតា​កន្លះ នៅលើ​ភ្នំ​ពោន​។ ការបង្កើត​វត្ត​នេះ​ឡើង ជា​គំនិត​ផ្តួចផ្តើម​របស់លោក កែន ស​ត្ថា អភិបាលខេត្ត​កែប រួម​ជាមួយនឹង​ព្រះអង្គ សម្ដេច​អភិ​សិរី​សុគន្ធា មហា​សង្ឃរាជា​ធិបតី​កិ​ត្ដិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្ដេចព្រះ​មហាសង្ឃរាជ គណៈ​ធម្ម​យុ​ត្ដិក​និកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ បច្ចុប្បន្ន​វត្ត ស​ត្ថា​ធម្ម​វិហារ​ភ្នំ​ពោន ទទួលបាន​សម​ទ្ធិ​ផល​កុដិ​ចំនួន ៣​ខ្នង បន្ទប់​អនាម័យ កាំជណ្ដើរ​ឡើង​ភ្នំ ព្រះពុទ្ធ​បដិមា​បិណ្ឌ​បាត្រ ១៥៧​អង្គ មាន​ពុទ្ធ​ស្ថាន​ដូចជា កន្លែង​ព្រះពុទ្ធ​ប្រោស​បញ្ចា​ង្គី ព្រះពុទ្ធ​ទ្រង់​ត្រាស់ដឹង និង​ព្រះពុទ្ធ​បដិមា​កម្ពស់​សរុប​ជាង ៦​ម៉ែត្រ និង​កំពុង​បាន​សាងសង់​សាលាឆាន់ ដែលមាន​បណ្ដោយ ៣០ X ១២​ម៉ែត្រ បាន​២០% ហើយ ក្នុងនោះ​អភិបាលខេត្ត មន្ត្រីរាជកា​ទូទាំង​ខេត្ត និង​ពុទ្ធបរិស័ទ ចាប់ផ្ដើម​ក​សាងព្រះពុទ្ធរូប​ប្រក់​នាគ ដែលមាន​កម្ពស់​រហូត​ដល់​ជាង ១៥​ម៉ែត្រ​។​

​ក្នុងឱកាស​នោះ លោក កែន ស​ត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បានឱ្យដឹងថា ការបង្កើត​វត្ត​នៅលើ​ភ្នំ​ពោន​នេះ​ឡើង គឺ​ចង់ឱ្យ​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​បានធ្វើ​បុណ្យ​ធ្វើ​ទាន ជាពិសេស​កូនចៅ និង​បានទទួល​ចំណេះដឹង​ផ្នែក​ទស្សនៈ​ព្រះពុទ្ធសាសនា​ផងដែរ​។ លោក​បាន​បន្ថែមថា ទិសដៅ​ទៅ​អនាគត​វត្ត​ស​ត្ថា​ភ្នំ​ពោន ស្ថិត​ក្នុងភូមិ ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើ និង​ប្រែក្លាយ​ទៅជា​វត្ត​រមណីយ​ដ្ឋា​ន​ពុទ្ធសាសនា ដែលជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ មក​ថ្វាយបង្គំ​ព្រះពុទ្ធ​រូបអង្គ​ធំៗ ជាមួយ​ការថតរូប​កំសាន្ដ​លើ​កំពូលភ្នំ​ដើម្បី​ផ្ដិត​យក​រូបភាព សមុទ្រ​ជុំវិញ​ខៀវ​ស្រ​ងឹ​ត ព្រោះ​ទីតាំង​នេះ​ស្ថិត​ក្នុងភូមិ​ស​សាស្ដ្រ​អំណោយផល​ល្អ ដូចជា​មានព្រៃ​ព្រឹក្សា​មាន​ដើម​កោង​កាង​ដែលមាន​ជីវៈចម្រុះ​ផ្ដល់នៅ​ផលប្រយោជន៍​ប្រព័ន្ធ​អេកូឡូស៊ី​មាន​ឆ្នេរ​ខ្សាច់​យ៉ាង​ល្អ​ស្អាត និង​អាកាសធាតុ​ល្អ​បរិសុទ្ធ​៕