សម្ពោធ​ឆ្លង​សមិទ្ធិ​តម្លៃ​ជាង​បី​សែន​ដុល្លារ​នៅ​វត្ត​​ចំណាស់​ជាង​២០០​ឆ្នាំ​

1229
ចែករម្លែក

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​សមិទ្ធផល​ជា​ឧបដ្ឋានសាលា​ពីរ​ខ្នង​ជាប់​គ្នា​និង​សមិទ្ធិ​នានា​ជាច្រើន​ទៀត​មានតម្លៃ​ជាង​​បី​សែន​ដុល្លារ​នៅ​វត្ត​ព្រះ​ស្រី​ឯកោ​រាមា​ធិបតី ហៅ​វត្ត​ដូង ភូមិ​ដូង ឃុំ​ដូង ស្រុក​ប្រាសាទ បល្ល័ង្ក ខេត្ត​កំពង់​ធំ បាន​សម្ពោធ​ឆ្លង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី ៨​ខែមេសា​ឆ្នាំ​២០១៨​ក្រោម​វត្តមាន​របស់​បណ្ឌិត ងួន ញ៉ិល សមាជិក​​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន កម្ពុជា​អនុប្រធាន​ទី​២​រដ្ឋសភា​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ប្រធាន​ក្រុមការងារ​គណបក្ស​ថ្នាក់កណ្តាល ចុះជួយ​ខេត្តកំពង់ធំ​។​

សមិទ្ធិនៅវត្តដូងដែលសម្ពោធឆ្លង

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ​អារាម​មួយ​នេះ​មាន​អាយុ​ជាង​២០០​ឆ្នាំ​ឯណោះ​។​លោក​អភិបាលស្រុក​ប្រាសាទ​បល្ល័ង្ក បានឱ្​យដឹងថា វត្ត​ព្រះ​ស្រី​ឯកោ​រាមា​ធិបតី ហៅ​វត្ត​ដូង​បាន​កសាងឡើង តាំងពី​ឆ្នាំ​១៧៥៧ មកដល់​សព្វថ្ងៃនេះ​គឺមាន​អាយុកាល​២៦១​ឆ្នាំ​ហើយ ។​

​ចំពោះ​សមិទ្ធផល​ដែល​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នាពេលនេះ គឺ​ឧបដ្ឋានសាលា ពីរ​ខ្នង​ជាប់​គ្នា មាន​ទំហំ បណ្តោយ​ប្រវែង ៣២​ម៉ែត្រ ទទឹង​២៨​ម៉ែត្រ និង​កម្ពស់ ១៣,៥​ម៉ែត្រ រួមជាមួយ​សមិទ្ធផល​នានា បាន​ចំណាយ​ថវិកា​សាងសង់​ចំនួន ៦០៧.៨០៧.​៣០០​រៀល និង ១៥១.៩៥២​ដុល្លារ​។​សរុប​គិត​ជា​ប្រាក់​ដុល្លារ​គឺ​ប្រមាណ​ជា​បី​សែន​ដុល្លារ​។​

​បណ្ឌិត ងួន ញ៉ិល​ក្នុងឱកាស​នេះ​បាន​មានប្រសាសន៍​លើកឡើង​ពី​ការវិវត្ត​រីកចំរើន​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា តាំងពី​អតីតកាល​រហូតមក​ប​ច្ចុ​ប្បន្ន និង​ការ​សាបសូន្យ​ក្នុង​វិស័យនេះ ក៏​ដូច​ហេដ្ឋារចនាសម្ព័ន្ធ​សង្គមជាតិ ទាំង​មូល​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​ការ​រស់​ឡើងវិញ មានការ​អភិវឌ្ឍ​ទាំង​ផ្នែក​អាណាចក្រ​ពុទ្ធចក្រ ចាប់ពី​ឆ្នាំ​១៩៧៩ រហូតមកដល់​បច្ចុប្បន្ន ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។​

​បណ្ឌិត ងួន ញ៉ិល ក៏បាន​បំពាក់​គ្រឿង​ឥស្សរិយយស មេដាយ​ស្ថាបនា​ជាតិ​ប្រគេន​-​ជូន ព្រះសង្ឃ មន្ត្រីរាជការ សប្បុរសជន​ដែល​បាន​ចូលរួម​កសាង​សមិទ្ធផល​នៅ​វត្ត​នេះ​៕​មន​