សម្ពោធ​ជា​ផ្លូវការ​រោងចក្រ​ផលិត​គ្រឿងបន្លាស់​រថយន្ត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​កូ​

286

(​បន្ទាយមានជ័យ​)៖​ក្រុមហ៊ុន​សាជីវកម្ម Toyota Tsusho Corporation (Toyota Tsusho) ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន កាលពី​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៧​បាន​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​រោងចក្រ​ថេ​កណ ផាក ប៉ោយប៉ែត​ភី​វី​ធី ខូ​អិ​ល​ធី​ឌី​(Techno Park Poi Pet Pvt. Co.Ltd) ដែលមាន​ទីតាំង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​កូ​ទីក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​លោក សុខ​ចិន្តា​សោភា រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា លោក​ឯកអគ្គរាជទូត​​ជប៉ុន​ប្រចាំ​កម្ពុជា លោក ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា ព្រមទាំង​វិនិយោគិន​ជប៉ុន មន្ត្រីរាជការ​និង​សិស្ស​វិទ្យាល័យ​ជាច្រើន​នាក់​បាន​អញ្ជើញ​​ចូលរួម​ក្នុង​ពិធី​សម្ពោធ​នេះ​។​

​រោងចក្រ ថេ​ក​ណូ ផាក បាន​ត្រូវ​សាងសង់​កាលពី​ខែឧសភា​ឆ្នាំ​២០១៥​និង ទុនវិនិយោគ​ចំនួន​៣,០១ លាន​ដុល្លារ​អាមេរិក​(​ប្រហែល​៣០០​លាន​យ៉េន​)​។​ទីក្រុង​ប៉ោយប៉ែត​ដែលជា​ទីតាំង​របស់​ថេ​កណ ផាក​ប៉ោយប៉ែត​មាន​ភូមិសាស្ត្រ​ស្ថិតនៅតាម​បណ្តោយ​របៀង​សេដ្ឋកិច្ច​ភាគ​​ខាងត្បូង​និង​មាន​ទីតាំង​ស្ថិតនៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ប៉ោយប៉ែត​ដែលមាន​ចម្ងាយ​ប្រហែល​២៣០​គីឡូម៉ែត្រ​ឬ​ធ្វើដំណើរ​ប្រ​​ហែល​បួន​ម៉ោង​ពី​ទីក្រុង​បាងកក​។​

​លោក យូ​អ៊ី​ជិ អយ ប្រធាន Techno Park បាន​ថ្លែងថា​ថេ​កណ ផាក ប៉ោយប៉ែត ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Toyota Tsusho Corporation បានទទួល​គោលការណ៍​វិនិយោគ​ពី​រាជរដ្ឋាភិបាល​កាលពី​ខែមករា ឆ្នាំ​២០១៦​។​បច្ចុប្បន្ន​លើ​ផ្ទៃដី​ទំហំ​៤​ហិកតា​ថេ​កណ ផាក ប៉ោយប៉ែត បានទទួល​គម្រោង​វិនិយោគ​ដទៃទៀត​ចំនួន​៥​ក្រុមហ៊ុន​ដែលមាន​សកម្មភាព​ផលិត​គ្រឿងបន្លាស់​រថយន្ត សម្ភារៈ​បរិក្ខារ​​អេឡិចត្រូនិក​និង​ខ្សែ​បង្គុំ​អគ្គិសនី​ដោយបាន​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាង​១៥០​នាក់​និង​អាច​កើន​ឡើងដល់​៤០០​កន្លែង​នៅ​ឆ្នាំ​២០១៨​ខាងមុខ​។​

​លោក សុខ ចិន្តា​សោភា បាន​ស្វាគមន៍​ចំពោះ​ការចាប់ផ្តើម​ដំណើរការ​របស់ Techno Park ប៉ោយប៉ែត​និង​បានចាត់ទុក​ក្រុមហ៊ុន​នេះ​គឺជា​មេដែក​និង​កម្លាំងចលករ​ដ៍​មាន​ប្រសិទ្ធភាព​ក្នុងការ​ទាក់ទាញ​និង​ស្រូបយក​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន​ដែលមាន​សកម្ម​ភាព​ក្នុង​វិស័យ​ផលិត​សម្ភារៈ​បរិក្ខារ​អេឡិចត្រូនិក​។​

​លោក​បាន​គូសបញ្ជាក់ថា សកម្មភាព​ទាំងនេះ មិន​ត្រឹមតែ​បាន​ចូលរួមចំណែក​ក្នុង​ការធ្វើ​ពិពិធ​កម្ម​វិនិយោគ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​​ថែមទាំង​បាន​ចូលរួមចំណែក​ផ្ទេរ​នូវ​ចំណេះ​ជំនាញ​បទពិសោធន៍​ការងារ​និង​ជាពិសេស​បាន​បង្កើត​ការងារ​ជាច្រើន​ដល់​ពលរដ្ឋ​កម្ពុជា​​ព្រមទាំង​រួមចំណែក​ដល់​ការអនុវត្ត​គោលនយោបាយ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥​។​

​លោក សុខ ចិន្តា​សោភា បានបញ្ជាក់​ឱ្យដឹង​ផងដែរ​ថា​បច្ចុប្បន្ន​គម្រោង​វិនិយោគ​ជប៉ុន​ដែល​បាន​កត់ត្រា​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុ​ជាមាន​ចំនួន​១១៥​គម្រោង ទុនវិនិយោគ​សរុប​ជាង​១​ប៊ី​លាន​ដុល្លារ​និង​បង្កើត​ការងារ​ប្រមាណ​៣៦.០០០​កន្លែង​។​នៅ​ប៉ោយប៉ែត មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៣​ដែល​ទទួលបាន​គោលការណ៍​វិនិយោគ​ពី​រាជរដ្ឋាភិបាល​និង​មាន​ក្រុមហ៊ុន​វិនិយោគ​សរុប​ចំនួន​១៥​ក្រុមហ៊ុន ដោយបាន​ស្រូប​យ​កម្លាំង​ពលកម្ម​ប្រមាណ​៣.៥០០​កន្លែង​។​

​លោកតា​កា​យូគី តាត​ស៊ូ​តា​( Takayuki Tatsuta)​នាយក​គ្រប់គ្រង​ការិយាល័យ​តំណាង តូយ៉ូតា ស៊ូ​សូ ប្រចាំ​ទីក្រុង​ភ្នំពេញ​បាន​មាន​​ប្រសាសន៍​ឱ្យដឹងថា​ការសម្រេចចិត្ត​បង្កើត​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​កូ នៅ​ប៉ោយប៉ែត​នេះ ដោយសារ​នៅ​ជិត​ភ្នំពេញ​ផង និង​ទីក្រុង​បាងកក​ផង ដែល​ងាយស្រួល​ក្នុង​ការដឹក​ជ​ញ្ចូ​ន​ទំនិញ​។​

​លោក​បាន​បន្ថែមថា​៖ ការសម្រេចចិត្ត​មក​វិនិយោគ​នៅ​កម្ពុជា ដោយសារ​កម្ពុជា មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ ការអភិវឌ្ឍន៍ មាន​សក្តានុពល​សេដ្ឋកិច្ច​និង​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់ ហើយ​ទុនវិនិយោគ​សម្រាប់​ការ​សាសង់​សួន​ថេ​ក​ណូ ចំនួន​៣,០១​លាន​​ដុល្លារ​អាមេរិក​។​បច្ចុប្បន្ន​មាន ក្រុមហ៊ុន​ចំនួន​ប្រាំ​បាន​ចូលមក​ធ្វើ​អាជីវកម្ម​ក្នុង​សួន​បច្ចេកវិជ្ជា Techno Park៕​ដោយៈ​សុផល​/sn

​ក្រុមហ៊ុន Toyota Tsusho បើកសម្ពោធ​ជា​ផ្លូវការ​រោងចក្រ​ផលិត​គ្រឿងបន្លាស់​រថយន្ត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​កូ​(​រូប សុផល​)