សម្ពោធ​ឈាបនដ្ឋាន​និង​សាលា​ដំកល់សព នៅ​វត្ត​ឈូក​ត្រសាល​រស្មី​មានជ័យ​

355
ចែករម្លែក
  • 1
    Share

ដោយ:​គូលែន​/​សៀមរាប ៖ ឈាបនដ្ឋាន​១​ខ្នង​និង​សាលា​ដំកល់សព​មួយ​ខ្នង ត្រូវបាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​នៅ​ព្រឹក​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​វត្ត​ឈូក​ត្រសាល​រស្មី​មានជ័យ ក្នុង​ឃុំ​ខ្នារ​ពោ​ធិ៏ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

ឈាបនដ្ឋាន​និង​សាលា​ដំកល់សព ផ្តួចផ្តើម​កសាងឡើង​ដោយ​ព្រះ​អប្បមា​ទោ ពៅ ផល្លី ចៅអធិការ​វត្ត​ឈូក​ត្រសាល​រស្មី​មានជ័យ និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ចំណុះជើងវត្ត ជាពិសេស​មានការ​ចូល​រួម​ពី​អង្គការ​មកពី​ចិនតៃវ៉ាន់ និង​មានការ​ចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ ខេង រ៉ា និង​ក្រុមគ្រួសារ ។​

បើតាម​ពុទ្ធដីការ​របស់​ព្រះ​អប្បមា​ទោ ពៅ ផល្លី ចៅអធិការ​វត្ត​ឈូក​ត្រសាល​រស្មី​មាន​ជ័យ បានអោយដឹងថា សមិទ្ធផល​ថ្មី​មាន​ឈាបនដ្ឋាន​និង​សាលា​ដំកល់សព​នេះ កសាងឡើង​ក្នុង​រយៈពេល​តែ​៣​ខែ​ប៉ុណ្ណោះ ដោយ​ចំនាយ​ថវិកា​សរុប​អស់​ចំនួន​២២០០០​ដុល្លារ​អាមេរិក ។​

លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ ខេង រ៉ា ដែល​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​សមិទ្ធ​ល​ផល​ថ្មី​នេះ បាន​បញ្ជាក់ថា ឈាបនដ្ឋាន​និង​សាលា​ដំកល់សព​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយ​ដែល​កើតចេញពី​ការ​សាមគ្គី រវាង​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត និង​សប្បុរសជន​នានា ដើម្បី​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​។​

លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ ខេង រ៉ា ក្នុង​ឪ​កាស​នោះ​ក៏បាន​ធ្វើការ​កោតសរសើ​រ​ដោយស្មោះ ចំពោះ​ការ ដឹកនាំ​របស់លោក​អភិបាលស្រុក​សូទ្រនិគម អាជ្ញាធរ​ឃុំ​ខ្នារ​ពោ​ធិ៏ ដើម្បី​ធ្វើឲ្យ​វត្ត​មួយ​នេះ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ ក្នុង​នោះបាន​កសាង​រួចហើយ​នូវ​ព្រះវិហារ មហា​កុដិ សាលាឆាន់ សមិទ្ធផល​ថ្មីៗ​ផ្សេងៗ​ទៀត​។​

ក្នុង​ឱ​កាស​នោះដែរ​លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ ខេង រ៉ា និង​សប្បុរសជន បាន​នាំយក​អង្ករ​ចំនួន​៣​តោន​កន្លះ រួម​ជាមួយនឹង​សម្ភារៈ​សិក្សា ខោអាវ ថវិកា ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​នា​ឪ​កាស​នោះ​ផងដែរ​៕B/