សម្ពោធ​សមិទ្ធផល​ក្នុង​វត្ត​តាំងគោក​តម្លៃ​ជាង ៩​ម៉ឺន​ដុល្លារ និង​មាន​ថវិកា​ចូល​បុណ្យ​ជាង​១៦​លាន​រៀល​បន្ថែមទៀត​

92
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​បារាយណ៍ និង​ស្រុក​តាំងគោក ខេត្តកំពង់ធំ និង​លោកស្រី ញឹក ស៊ីម ថោង​ខុន នា​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​សម្ពោធ​ពុទ្ធិ​សមិទ្ធផល​ជាច្រើន​នៅក្នុង​វត្ត​សម្ដេច​ជោ​ត​ញ្ញាណ ហៅ​វត្ត​តាំងគោក ដែលមាន​តម្លៃ​សរុប​ជាង ៩​ម៉ឺន​ដុល្លារ ព្រមទាំង​ទទួលបាន​ថវិកា​ចូលរួម​សទ្ធា​បន្ថែម​ពី​ពុទ្ធបរិស័ទ និង​សប្បុរសជន​នានា​ជាង ១៦,១០០,០០០​រៀល​ទៀត​ផងដែរ​។​

​វត្ត​សម្ដេច​ជោ​ត​ញ្ញាណ ហៅ​វត្ត​តាំងគោក ជា​វត្ត​មួយ​ស្ថិតនៅ​ភូមិ​តាំងគោក ឃុំ​សូរ​យោង ស្រុក​តាំងគោក ស្រប​នឹង​ផ្លូវជាតិ​លេខ​៦​។ វត្ត​នេះ​មាន​អាយុកាល​១៧៩​ឆ្នាំ​មកហើយ ដែល​កសាងឡើង​ដំបូង​នៅលើ​ផ្ទៃដី​ប្រមាណ ៣៤.៨៨​ម៉ែត្រការ៉េ ចាប់​ឆ្នាំ​១៨៤១-១៩៧០ ក្រោម​ស្នា​ព្រះ​ហត្ថ​របស​សម្ដេចព្រះសង្ឃរាជ ជួន ណាត ផងដែរ​។​

​លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​តាំងគោក បានឱ្យដឹងថា ក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម វត្ត​តាំងគោក ក៏ដូចជា​កម្ពុជា​ទាំងមូល ត្រូវ​រង​នូវ​ការបំផ្លិចបំផ្លាញ​អស់​ជាច្រើន លុះដល់​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ទើប​វត្ត​ចំណាស់​មួយ​នេះ​ត្រូវបាន​រៀបចំ​កសាង​និង​មាន​ព្រះសង្ឃ​គង់នៅ​ជាថ្មី​រហូតដល់​ពេលបច្ចុប្បន្ន​។​

​សមិទ្ធផល​ដែល​ត្រូវ​សម្ពោធ​ទាំងនោះ រួមមាន​៖ របង​ខាងកើត​ប្រវែង ៩៦​ម៉ែត្រ របង​ខាងជើង​ប្រវែង ៩៥​ម៉ែត្រ ស្រះ​ទឹក​បណ្ដោយ ៦៧​ម៉ែត្រ គុណ​ទទឹង ១២​ម៉ែត្រ កញ្ចុះ​ក្នុង​ស្រះ​ទឹក ផ្លូវ​បេតុង​ប្រវែង ១៥០​ម៉ែត្រ ទទឹង ៦​ម៉ែត្រ ត​ដំបូល​សាលាឆាន់​៤៤​ម៉ែត្រ ចាក់ដី បង្គោល​ភ្លើង ៦០​ដើម ធ្វើ​ដងទង់ និង​ជ្វាលា ៦០​ដើម និង​ជីក​អណ្ដូងស្នប់​ចំនួន ២ សរុប​ការចំណាយ​ថវិកា ៩១,៨៣៩​ដុល្លារ និង ១,៨០០,០០០​រៀល​បន្ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី បាន​សំណូមពរ​សូមឱ្យ​ប្រជាពលរដ្ឋ មន្ត្រីរាជការ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​មាន​ជំហរ​រឹងមាំ និង​ភាពជឿជាក់​មកលើ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ការបន្ត​ដឹកនាំ​ការអភិវឌ្ឍ​ប្រទេសជាតិ​ឱ្យមាន​ការអភិវឌ្ឍ​រីកចម្រើន​ទៅមុខ​។​

​សូមឱ្យ​ប្រជាពលរដ្ឋ​ថែរក្សា​សុខភាព មាន​អនាម័យ សម្អាត​ដៃ​ជាប់​ជាប្រចាំ ដោយ​ឈរលើ​គោលការណ៍ ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត បន្ត​ខិតខំ​ការងារ​បង្កបង្កើនផល​ស្រូវ ដំណាំ ចម្ការ និង​មុខរបរ ដើម្បី​បង្កើន​ជីវភាព និង​សេដ្ឋកិច្ច​គ្រួសារ​។ ប្រជាពលរដ្ឋ​មូលដ្ឋាន​មិនត្រូវ​ធ្វើស្រែ​ប្រាំង​លើក​ទី​២​នៅ​ឆ្នាំនេះ ព្រោះ​ស្ថានភាព​ផ្គត់ផ្គង់​ទឹក​មិន​គ្រប់គ្រាន់ ហើយ​អាជ្ញាធរ​ស្រុក ឃុំ ភូមិ មន្ត្រី​ជំនាញ សមត្ថកិច្ច​មូលដ្ឋាន និង​ក្រុមការងារ​បន្ត​ចុះ​ពិនិត្យ​ដោះស្រាយ​រក​ប្រភពទឹក និង​បូម​​ទឹក​សម្រាប់​ស្រោចស្រព និង​ជួយសង្គ្រោះ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ចាប់ពីពេលនេះ​តទៅ​រហូតដល់​រដូវប្រាំង​ខាងមុខនេះ ពិសេស​អនុវត្ត​ឲ្យ​បាន​ហ្មឺ​ង​ម៉ាត់​នូវ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ស្តីពី វិធានការ​រក្សា​ទឹក​ទុក​។​

​ជាមួយគ្នា​នោះ លោក ថោង ខុ ន បានប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​៖ វិទ្យាល័យ ហ៊ុន សែន តាំងគោក​ចំនួន ១​លាន​រៀល លោក​តាជី​យាយជី​ចំនួន ១០០​នាក់ ក្នុង​ម្នាក់​ទទួលបាន​ក្រណាត់​មួយ​ដុំ និង​ថវិកា ១​ម៉ឺន​រៀល​។ លោក​ ថោង ខុន និង​លោកជំទាវ ញឹក ស៊ីម ថោង​ខុន ក៏បាន​ឧបត្ថម្ភ​ថវិកា​សម្រាប់​កសាង​សមិទ្ធផល​ក្នុង​វត្ត​បន្ត​ចំនួន ១០​លាន​រៀល​ទៀតផង​ដែរ​៕ ល​