សម្ពោធ​សមិទ្ធផល​នានា ក្នុង​វត្ត​សមាធិ​ន្ទ្រិ​យា​រាម ស្ថិតក្នុង​ឃុំ​ព្រះ​ប្រសប់​

304
ចែករម្លែក

ដោយ​៖ គ​ន្ធា​
​កណ្ដាល​៖ ព្រះវិហារ​ដែល​ជួសជុល និង​លាប​ថ្មាំ​ថ្មី សាលា​ធម្មសភា ក្លោងទ្វារ និង​សមិទ្ធផល​ជាច្រើន ក្នុង​វត្ត​សមាធិ​ន្ទ្រិ​យា​រាម ហៅ​វត្ត​ព្រះ​ប្រសប់​ថ្មី ស្ថិតក្នុង​ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ត្រូវបាន​សម្ពោធ ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី ២១ ខែកក្កដា កន្លងទៅនេះ​។​

​ពិធី​នេះ បាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព លោក ហាវ រតនៈ ប្រធាន​គណៈអចិន្ត្រៃយ៍ ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ឃុំ​ព្រះ​ប្រសប់ តំណាង​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនីរ​ត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ខេត្តកណ្តាល និង​ជា​ប្រធាន​គណៈអចិន្ត្រៃយ៍ ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ស្រុក​ខ្សាច់កណ្តាល ស្រុក​ល្វាឯម និង​ស្រុក​កៀនស្វាយ​។

​សមិទ្ធផល​ដែល​ត្រូវបាន​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅថ្ងៃនេះ រួមមាន​៖ ព្រះវិហារ​លាប​ថ្មាំ​ថ្មី សាលា​ធម្មសភា របង ក្លោងទ្វារ ចាក់សាប បង្គោល​ភ្លើង និង​សមិទ្ធផល​នានា ក្នុង​វត្ត​សមាធិ​ន្ទ្រិ​យា​រាម និង​ផ្លូវ​ក្រាល​កៅស៊ូ ឌី ប៊ី អេស ធី ប្រវែង ២ ៨២៨ ម៉ែត្រ ចាប់ពី​រង្វង់​មូល​ព្រះ​ប្រសប់ ទៅទល់​ព្រំប្រទល់​ឃុំ​ស្វាយ​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។​

​ក្នុងឱកាស​នោះ លោក ហាវ រតនៈ បាន​ថ្លែង​កោតសរសើរ ចំពោះ​ព្រះ​តេជ​គណ ព្រះគ្រូ​ចៅអធិការ​វត្ត សៀ ស្រ៊ុន និង​គណៈកម្មការ អាចារ្យវត្ត ដែល​បាន​ខិតខំ​ប្រឹងប្រែង កៀងគរ​ធនធាន កសាងបាន​នូវ​សមិទ្ធផល ជាច្រើន​ជា​បន្តបន្ទាប់ និង​ថ្លែងអំណរគុណ ចំពោះ​សប្បុរសជន​ទាំងអស់ ព្រមទាំង​ពុទ្ធបរិស័ទ ទាំង​ទីជិត និង​ទី​ឆ្ងាយ ដែល​បាន​ចូលរួម​បរិច្ចាគ នូវ​ធនធាន​ថវិកា ប្រកបដោយ​សទ្ធា​ជ្រះថ្លា ក្នុង​ការកសាង សមិទ្ធផល​នៅ ក្នុង​វត្ត​សមាធិ​ន្ទ្រិ​យា​រាម នៅក្នុង​រយៈពេល​កន្លងមក​នេះ ។

​លោក​បាន​បញ្ជាក់ថា វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ មាន​ទំនាក់ទំនង​អន្តរ​សកម្ម​នឹង​គ្នា និង​ជួយ​បំពេញ​គ្នា ទៅវិញទៅមក នៅក្នុង​ការអភិវឌ្ឍ ប្រទេសជាតិ ក៏ដូចជា ការ​បម្រើឱ្យ​មូលដ្ឋាន ខាង​ជំនឿ​របស់​ប្រជាពលរដ្ឋ​។ ក្នុងន័យនេះ រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា បាន​យកចិត្តទុកដាក់ ដល់​វិស័យ​ពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ទន្ទឹមនឹង​ការធានា​រក្សា​នូវ ភាព​សុខដុម​នីយកម្ម ជាមួយនឹង​សាសនា ផ្សេងៗ​ទៀត ដើម្បី​សុខដុម​នីយកម្ម នៅក្នុង​សង្គម​ទាំងមូល​។​

​លោក​ប្រធាន​ក្រុមការងារ បាន​បន្តថា ដោយសារ​ប្រទេសជាតិ មាន​សុខសន្តិភាព និង​មានការ​អភិវឌ្ឍ ឥតឈប់ឈរ ប្រជាជនមាន​ជីវភាព កាន់តែ​ធូរធារ ដែល​ផ្តល់​លទ្ធភាព​កាន់តែច្រើន រៀបចំ​ពិធីបុណ្យ​សាសនា មាន​លក្ខណៈ​កាន់តែ​អធិកអធម និង​សប្បាយ​ជ្រះថ្លា ជាទីបំផុត ឧទាហរណ៍​ជាក់ស្តែង ពិធី​សម្ពោធ​ឆ្លង ដាក់ឱ្យ​ប្រើប្រាស់​សមិទ្ធផល​នានា នៅក្នុង​វត្ត​សមាធិ​ន្ទ្រិ​យា​រាម នាពេល​វេលា​នេះ​។

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោក និង​សប្បុរសជន អមដំណើរ បាន​ពាំនាំ​អំណោយ​ជា​ថវិកា និង​សម្ភារ​មួយចំនួន ជូន​ដល់​សីល​វ័​ន្ត សីល​វ​ត្តី សិស្សានុសិស្ស គ្រូបង្រៀន គ្រូពេទ្យ ក្រុមប្រឹក្សាឃុំ និង​កងកម្លាំង និង​មន្ត្រី​ប៉ុស្តិ៍ ព្រមទាំង​ប្រជា​ការពារ ក្នុង​ឃុំ​ព្រះ​ប្រសប់​ផងដែរ ៕v

លោក ហាវ រតនៈ ប្រធាន​គណៈអចិន្ត្រៃយ៍ ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ឃុំ​ព្រះ​ប្រសប់ ( រូបថត គ​ន្ធា )
លោក ហាវ រតនៈ បាន​អញ្ជើញ​កាត់​ខ្សែបូរ សម្ពោធ​សមិទ្ធិផល​នានា នៅ​វត្ត​សមាធិ​ន្ទ្រិ​យា​រាម ស្ថិតក្នុង​ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ ( រូបថត គ​ន្ធា )